ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជាច្រើន​​កំពុង​​​​​​ឈរ​មើល​​ក្នុង​ហាង​កាហ្វេមួយ​ សមត្ថកិច្ច​ឆ្មក់​ឃាត់ខ្លួន​៥​នាក់

2 ឆ្នាំ មុន
  • កំពត

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៥​នាក់​បាន​ត្រូវ​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រាច ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​លេង

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​៥​នាក់​បាន​ត្រូវ​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រាច ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការ​លេង​ល្បែងស៊ីសង​តាម​អន​ឡាញ នៅ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ផ្សារ​កំពង់ត្រាច ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ។

ការ​ចុះ​ទៅ​បង្ក្រាប​នេះ គឺ​ខណៈ​មាន​មនុស្ស​ជា​ច្រើន​នាក់​កំពុង​នាំ​គ្នា​ឈរ​មើល​កកកុញ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​នេះ ដែល​មាន​លែង​ល្បែងភ្នាល់​បញ្ជល់មាន់​តាម​ទូរទស្សន៍ និង​ក្រុមហ៊ុន​ឆ្នោត​ឯកជន​ដាក់​បង្វិល​លេខ​តាម​ទូរទស្សន៍ ដោយ​ចាក់​ត្រូវ​ភ្លាម​ឱ្យ​លុយ​ភ្លាម និង​មាន​អ្នក​អង្គុយ​ចាំ​កត់​កន្ទុយលេខ​ឆ្នោត​ខ្មែរ​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ការ​បង្ក្រាប​អ្នកលេង​ល្បែង​នៅ​ក្នុង​ហាង​កាហ្វេ​ជាប់​ផ្សារ​កំពង់ត្រាច​នេះ ក៏​មានការ​ប្រវាយប្រតប់​គ្នា​រវាង​កងកម្លាំង​នគរបាល និង​អ្នកលេង​ល្បែង​មួយ​ប្រាវ​ដែរ និង​ឃាត់ខ្លួន​បាន​មនុស្ស​៥​នាក់ ដែល​មាន ១- ឈ្មោះ ដេញ ហ៊ ភេទ​ប្រុស ជា​ម្ចាស់ផ្ទះ ជា​អ្នកលក់​កាហ្វេ និង​ជា​អ្នក​ទទួល​រួម​ក្នុង​បន​ល្បែងស៊ីសង​, ២- ឈ្មោះ ដេញ យោង ភេទ​ប្រុស ត្រូវជា​កូនប្រុស​របស់ ៣- ឈ្មោះ ដេញ ហ៊​, ៤- ឈ្មោះ ឌី ឈ្មោះ សឿ​ន និង​៥-​ឈ្មោះ ទី ។ ប៉ុន្តែ​ឈ្មោះ ឌី បាន​រង​របួស​ជើង​ម្ខាង និង​ដៃ​ម្ខាង ដោយសារ​មុត​នឹង​អំបែង​កែវ ។

ជាមួយនឹង​ការ​បង្ក្រាប​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​ទូរទស្សន៍​២​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​ជា​វត្ថុ​តាង ហើយ​រួម​ជាមួយ​មនុស្ស​ទាំង​៥​នាក់ ត្រូវ​បាន​ដឹក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ដើម្បី​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​។

គេ​​ធ្លាប់​បានដឹង​ថា ឈ្មោះ ដេញ ហ៊ នៅ​ផ្សារ​កំពង់ត្រាច​នេះ ធ្លាប់​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ម្ដង​ដែរ ពាក់ព័ន្ធ​នឹង​ករណី​ជា​មេ​ឆ្នោត ។ ប៉ុន្តែ​ពេល​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នោះ​បាន​តែ​មួយ​យប់​ទេ លុះ​ព្រឹក​ឡើង​ក៏​វិល​វិញ ហើយ​បើក​លេង​គគ្រឹកគគ្រេង​ដដែល​ទៀត​។

លុះ​ពេល​នេះ នគរបាល​ជា​អ្នក​ចាប់​វិញ​ម្ដង តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ឃាត់ខ្លួន​ទាំង​ប៉ុន្មាន​នាក់​នោះ​ត្រូវ​ពិន័យ​ជា​ប្រាក់​ប៉ុន្មាន​លាន​រៀល​ទេ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​ណែនាំ​ក្រសួងសុខាភិបាល ដែល​មិន​ឱ្យ​មានការ​ជួបជុំ​ប្រមូលផ្ដុំ​គ្នា និង​ការ​អនុវត្ត​«៣​ការពារ និង​៣​កុំ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ