អាជីវករផ្ទុះការតវ៉ា ក្រោយអាជ្ញាធរបិទផ្សារជិត ២ខែហើយ នៅមិនទាន់បើកឱ្យលក់ដូរឡើងវិញ
- ប៉ៃលិន
ខេត្តប៉ៃលិន៖ ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានចុះពិនិត្យមើលកន្លែងបរិវេណផ្សារសាមគ្គី ហៅ ផ្សារប៉ាហ៊ី ផ្នែកខាងក្រោម ដែលអាជីវករលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងទេសផ្សេងៗ។ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរ សន្យាថា នឹងបើកឱ្យលក់ដូរឡើងវិញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ខណ:បិទផ្សារនេះ អស់រយ:ពេលជិត ២ខែមកហើយ។
លុះអាជីវករចាំបាត់ៗ តាំងពីព្រឹក រហូតដល់ពេលល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ មិនឃើញបើកផ្សារ ឱ្យលក់ដូរដូចធម្មតាឡើងវិញ ក៏ផ្ទុះការតវ៉ា បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយការតវ៉ានៅផ្សារ អាជីវករជិត ១០០នាក់ នាំគ្នាបន្តទៅតវ៉ាដល់មុខផ្ទះលោកអភិបាលរងខេត្ត ចេង ញ៉ាន់ ដើម្បីសុំឱ្យបើកតូប ក្នុងផ្សារឡើងវិញ។ ហេតុការណ៍អាជីវករតវ៉ាឱ្យអាជ្ញាធរខេត្ត បើកផ្សារឱ្យលក់ដូរឡើងវិញនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច រហូតដល់ម៉ោង ៦ និង ៣០នាទី ព្រលប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណផ្សារសាមគ្គី ហៅ ប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីអាជីវករលក់ដូរបន្លែ ត្រី សាច់ នៅផ្សារសាមគ្គី ផ្នែកខាងក្រោម បានឱ្យដឹងថា ដោយសារតែបញ្ហាឆ្លងជំងឺកូវីដ១៩ ទើបរដ្ឋបាលខេត្តប៉ៃលិន បានធ្វើការបិទផ្សារសាមគ្គីហៅប៉ាហ៊ីទាំងមូល លុះក្រោយពីបិទអស់រយ:ពេលជិត ១ខែ ក៏បើកផ្សារនេះ តែផ្នែកខាងលើ ឱ្យអាជីវករលក់ដូរ សម្លៀកបំពាក់ គ្រឿងក្រអូប និងលក់មាស ប្តូរប្រាក់ ជាដើម ឱ្យដំណើរការឡើងវិញ ទុកតែផ្នែកខាងក្រោម ប៉ុណ្ណោះ ដោយឱ្យអាជីវករ ដែលលក់ដូរបន្លែ ត្រី សាច់ ទៅលក់ដូរនៅកន្លែងផ្សេង លុះភ្លៀងរាល់ថ្ងៃ នាំឱ្យមានការលំបាកក្នុងលក់ដូរយ៉ាងខ្លាំង។
ប្រភពបន្តទៀតថា ក្រោយមកគេឃើញខាងរដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារចុះពិនិត្យផ្សារសាមគ្គីផ្នែកខាងក្រោម ដែលមិនទាន់អនុញ្ញាតឱ្យអាជីវករ លក់ដូរ ហើយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត ក៏បានសន្យាថា នឹងបើកឱ្យអាជីវករលក់ដូរនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។ តែដោយសារចាំបាត់ៗ តាំងពីព្រឹក រហូតមកដល់ល្ងាច មិនឃើញអាជ្ញាធរណាម្នាក់ ចុះទៅបើកតូបឱ្យពួកគាត់លក់ដូរ ក៏ផ្ទុះការតវ៉ាតែម្តង។
អាជីវករបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃស្អែក បើសិនជាអាជ្ញាធរខេត្ត មិនព្រមធ្វើការដោះស្រាយ ឱ្យពួកគាត់ចូលលក់ដូរនៅតាមតូប ដែលបានរៀបចំបោសសម្អាតរួចរាល់ទេ នឹងនាំគ្នាទៅតវ៉ាដល់មុខសាលាខេត្ត ដើម្បីសុំឱ្យរដ្ឋបាលខេត្ត បើកតូបជូនពួកគាត់លក់ដូរឡើងវិញ ព្រោះបិទទ្វារអស់រយ:ពេលជិត ២ខែមកហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកអភិបាលរងខេត្ត ចេង ញ៉ាន់ បានប្រាប់ឱ្យអាជីវករ ឲ្យវិលត្រឡប់ទៅផ្ទះវិញសិន ខណ:រដ្ឋបាលខេត្តប៉ៃលិន កំពុងតែរៀបចំពិនិត្យមើលផ្សារ ឱ្យបានល្អិតល្អន់ មុននឹងបើកឱ្យលក់ដូរសាជាថ្មី ព្រោះមានករណីអាជីវករ កំពុងបន្តឆ្លងជំងឺកូវីដ១៩។
លោកអភិបាលរងខេត្ត បន្តទៀតថា រដ្ឋបាលខេត្ត នឹងរកដំណោះស្រាយ ជូនអាជីវករ ឱ្យបានលក់ដូរគ្រប់ៗគ្នា៕ នីយ៉ា






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ