ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅស្តាតអូឡាំពិក ​មិនមានប៉េអឹម​ យាមអ្នក​ជំងឺ​កូវីដ​ទេ! ចុះអ្នកយកលុយពីក្រុមគ្រួសារអ្នកជំងឺ ជានរណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅពេល​បែក​រឿង​ម្តង​ជា​ពីរដង ករណីអាជ្ញាធរ​​សមត្ថកិច្ច យាម​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ឬ​ស្តា​ត​អូឡាំពិក យកលុយ នៅ​ពេល​សាច់​ញា​ត្តិ​ផ្ញើ​ឥ​វ៉ាន់​ឲ្យ​អ្នកជំងឺ ដោយមាន​អ្នក​លើកឡើងថា កងរាជអាវុធហត្ថ…

ភ្នំពេញ​៖ នៅពេល​បែក​រឿង​ម្តង​ជា​ពីរដង ករណីអាជ្ញាធរ​​សមត្ថកិច្ច យាម​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ឬ​ស្តា​ត​អូឡាំពិក យកលុយ នៅ​ពេល​សាច់​ញា​ត្តិ​ផ្ញើ​ឥ​វ៉ាន់​ឲ្យ​អ្នកជំងឺ ដោយមាន​អ្នក​លើកឡើងថា កងរាជអាវុធហត្ថ ឬ​ប៉េអឹម ជា​អ្នក​យក​លុយ​នោះ គឺអ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញប្រកាស​ព័ត៌មាន បដិសេធថា មិនមាន​កម្លាំង​កងរាជ​អាវុធ​ហត្ថ ឬ​ប៉េអឹម នៅ​យាម​ប្រចាំការ​ទីនោះ​ឡើយ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឆ្លើយតប​ចំពោះ​ពលរដ្ឋ​ម្នាក់ ដែល​បាន​លើកឡើងថា កងកម្លាំង​អាវុធហត្ថ (​ប៉េអឹម​) នៅ​គោលដៅ​ព្យាបាល​កូ​វីដ​-១៩ ស្តា​ត​អូឡាំពិក គឺ​ប៉េអឹម ពុករលួយ គាបសង្កត់ យកលុយ​ពី​បងប្អូន​អ្នកជំងឺ ដែល​យក​ឥ​វ៉ាន់​ចូលមកក្នុង​មណ្ឌល ឲ្យ​អ្នកជំងឺ ថែមទាំង​ប្រើប្រាស់​សម្តី​ជ្រុល​ទៅលើ​អ្នកជំងឺ និង​ដេញ​អ្នកជំងឺ​ដូច​សត្វ​។​

​ចំពោះ​ការលើកឡើង ដែល​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ ចាត់ទុកថា ជាការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​នេះ គឺ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឆ្លើយតប​ថា នៅ​គោលដៅ​ស្តា​ត​អូឡាំពិក គឺ​មិនមាន​កម្លាំង​អាវុធហត្ថ ឈរជើង​នៅ​ទីនោះ​ទេ​។ កន្លងមក នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ  អាវុធហត្ថ​ទទួលខុសត្រូវ រក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ទីកន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំនួន​តែ ៤​ទីតាំង​ប៉ុណ្ណោះ ពោលគឺ​៖ ១.​សណ្ឋាគារ Great Duke ២.​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ៣.​ដឹ​ព្រី​មៀរ​សែន​សុខ និង ៤.​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​។

​សេចក្តីប្រកាស លើកឡើងថា បច្ចុប្បន្ន អាវុធហត្ថ (​ប៉េអឹម​) នៅសល់​គោលដៅ ទទួលខុស​ត្រូវតែ ២​ប៉ុណ្ណោះ គឺ​ដឹ​ព្រី​មៀរ​សែន​សុខ និង​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​។ រីឯ​នៅ​ទីកន្លែង​មណ្ឌល​ព្យាបាល​ស្តា​ត​អូរ​ឡាំ​ពិ​ក មិនមាន​កម្លាំង​កងរាជអាវុធហត្ថ​ទេ​។​

​ជាមួយគ្នា​នោះ អ្នកនាំពាក្យ លើកឡើងថា ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន កងរាជអាវុធហត្ថ គោរព​ច្បាប់ គោរព​វិន័យ ក្រមសីលធម៌​វិ​ជា​ជីវៈ ជាពិសេស​តែងតែមាន​ការត្រួតពិនិត្យ​រាល់​កិច្ចប្រតិបត្តិការ ទទួលយក​ការ​ផ្តល់ព័ត៌មាន​នានា​ពី​សាធារណជន និង​អ្នកព័ត៌មាន ទាំង​វិជ្ជមាន និង​ទាំង​អវិជ្ជមាន ដើម្បី​ធ្វើការ​កែលម្អ ដក​ពិសោធន៍ និង​ដាក់វិន័យ​ទណ្ឌកម្ម ចំពោះ​យោធិន​នៃ​កងរាជអាវុធហត្ថ​ណា ដែល​ប្រព្រឹត្តិ​ខុស​វិន័យ ខុស​ភារកិច្ច ព្រមទាំង​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល ដែល​ប្រព្រឹត្តិ​បទល្មើស​ទៀតផង​។​

​អ្នកនាំពាក្យ ក៏បាន​គូសបញ្ជាក់ថា «​កងរាជអាវុធហត្ថ រង់ចាំ​ទទួល​រាល់​ព័ត៌មាន​រិះគន់ ក្នុងន័យ​ស្ថាបនា​ជានិច្ច ប្រសិនបើ​ឃើញ​យោធិន​នៃ​កងរាជអាវុធហត្ថ​ណា ប្រព្រឹត្តិ​មិន​សមរម្យ អសីលធម៌ មិន​គោរព​វិន័យ ឬ​ល្មើសច្បាប់ សូម​ពិនិត្យ​ឈ្មោះ ឬ​អត្តលេខ​របស់​យោធិន​នៃ​កងរាជអាវុធហត្ថ​នោះ ដែល​នៅ​ខាងស្តាំ​លើ​ហោ​ប៉ាវ​អាវ​នៃ​ឯកសណ្ឋាន ហើយ​ផ្តល់ព័ត៌មាន​ជាបន្ទាន់ កងរាជអាវុធហត្ថ នឹងមាន​វិធានការ​ចំពោះ​បុគ្គល​នោះ​»៕​