ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង អនុវត្ត​វិធានការ​រដ្ឋបាល ១០​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដាក់​ចេញ​​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន រយៈពេល ១០(​ដប់​)​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៧…

ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដាក់​ចេញ​​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន រយៈពេល ១០(​ដប់​)​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ ។

វិធានការ​ដែល​បាន​ដាក់​ចេញ​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​រាល់​សកម្មភាព​មួយ​ចំនួន ដូច​ខាងក្រោម ៖
-​ការ​រៀបចំ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​ទី​៤ រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ នៅ​តាម​បណ្តា​វត្ត​អារាម​នានា​។
-​សកម្មភាព​មុខរបរ និង​អាជីវកម្ម​ក្លឹ​ប​កម្សាន្ត​គ្រប់​ប្រភេទ ជា​អាទិ៍​ខារ៉ាអូខេ ឌី​ស្កូ​រតែក និង​បៀ​ហ្គា​ឌី​ន រមណីយដ្ឋាន ធម្មជាតិ សួន​កម្សាន្ត​នានា អាជីវកម្ម​ម៉ាស្សា ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ សារមន្ទីរ បណ្ណាល័យ ការ​ប្រគុំ​តន្ត្រី ក្លឹ​ប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​។
-​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេង​ទៀត ដោយ​យោង​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។
-​រាល់​សកម្មភាព​នៃ​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១០(​ដប់​) នាក់ ត្រូវ​មានការ​អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។
-​រាល់​ការ​ជួបជុំ ឬ​ប្រមូលផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​។
-​រាល់​ការ​ជួបជុំ​ក្រាលកន្ទេល​អង្គុយ​ហូប​អាហារ​តាម​សួនច្បារ ម្លប់ឈើ និង​តាម​ទី​កម្សាន្ត​នានា ដែល​មិន​បាន​រក្សា គម្លាត​សុវត្ថិភាព​។
-​សកម្មភាព​អាជីវកម្ម​ពេល​រាត្រី រួម​មាន​តូប​លក់​ចល័ត ម៉ាត ហាង​លក់ទំនិញ​គ្រប់​ប្រភេទ ការ​ជួបជុំ​នៅ​តាម ទី​សាធារណៈ​នានា​ដែល​មាន​សភាព​អ៊ូអរ និង​ការ​ជួបជុំ​មនុស្ស​ច្រើន ត្រូវ​ហាមឃាត់​ចាប់ពី​ម៉ោង ២១:០០ (​ម្ភៃ​មួយ និង​សូន្យ​)​នាទី ដល់​ម៉ោង ០៣:០០(​បី និង​សូន្យ​)​នាទី ជា​កំហិត​។
-​សកម្មភាព​ប្រមូលផ្តុំ​មនុស្ស ក្នុង​ការ​ថ្វាយបង្គំ​តាម​បែប​សាសនា​។

តម្រូវ​បាន​លើកលែង​រាល់​សកម្មភាព​មួយ​ចំនួន​ដូច​ខាងក្រោម​ ៖
-​ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិកគ្រួសារ​ដែល​រស់នៅ​ក្នុង​លំនៅ​ឋាន​ជាមួយ​គ្នា ឬ​ទី​សំណាក់​ជាមួយ​គ្នា​, ការ​រៀបចំ ពិធី​បុណ្យសព ដោយ​ត្រូវ​កម្រិត​មិន​ឱ្យ​មានការ​ជួបជុំ​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល និង​តាម​ការ​កំណត់​របស់​អាជ្ញាធរ​មូលដ្ឋាន​។
-​រាល់​ការ​ជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការ​ប្រមូលផ្ដុំ​មនុស្ស និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​អនុវត្ត វិធានការ​សុខាភិបាល ជា​អាទិ៍​ការ​យក​វត្ថុ​សំណាក​មក​វិភាគ​មេរោគ​កូ​វី​ដ​-១៩ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩, ការ​ជួបជុំ​បុគ្គលិក​សុខាភិបាល ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេង​ៗ​ទៀត និង​ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក ក្នុង​ការ​បំពេញបេសកកម្ម​ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ការ​ជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិ​វី​ធី​របស់​មន្ត្រី នគរបាល​យុត្តិធម៌ ឬ​របស់​សាលា​ជម្រះក្តី និង​ការ​ជួបជុំ​មនុស្ស​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍ សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេង​ទៀត​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។
-​ការ​ធ្វើ​សកម្មភាព​ការងារ​ចាំបាច់​មួយ​ចំនួន ជា​អាទិ៍​ការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ការ​ដឹក​ជញ្ជូន​ទំនិញ និង​គ្រឿង​ឧបភោគបរិភោគ ទំនិញ​យុទ្ធសាស្ត្រ​របស់​រដ្ឋ សេវា​សង្គ្រោះ​បន្ទាន់ សេវា សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ឱសថស្ថាន សេវា​ពន្លត់អគ្គីភ័យ សេវា​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹក​ស្អាត ស្ថានីយ៍​ប្រេង​-​ហ្គា​ស សេវា​ប្រតិបត្តិការ​ផ្នែក​ទូរគមនាគមន៍ ទីតាំង​ផលិត​គ្រឿង​ឧបភោគបរិភោគ និង​ទំនិញ​យុទ្ធសាស្ត្រ​ដែល​បម្រើ​ឱ្យ​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ និង​សេវា​សាធារណៈ​ចាំបាច់ របស់​សា្ថ​ប័ន មាន​សមត្ថកិច្ច​។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​គោរព និង​អនុវត្ត​នូវ​វិធាន ការ​សុខាភិបាល សំដៅ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​ការ​អនុវត្ត​នូវ​កាតព្វកិច្ច ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ព្រមទាំង​ការ​ប្រកាន់ខ្ជាប់​នូវ​វិធានការ “៣​ការពារ និង​៣​កុំ​” នៅ​តាម​ទី​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ