ព្រះសង្ឃជិត៦០អង្គគង់នៅវត្តខ្នាចរមាសផ្ទុកកូវីដ១៩ ខណៈពុទ្ធបរិស័ទជាង៤០នាក់ក៏មានផ្ទុកដែរ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ក្នុងចំណោមព្រះសង្ឃចំនួនចំនួន១៣០អង្គ ដែលគង់នៅក្នុងវត្តខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបរវេល ត្រូវបានធ្វើសំណាករកឃើញមានវិជ្ជមានកូវីដ១៩ចំនួន៥៨អង្គ ហើយពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំនេះដែរ ចំនួន ជាង៤០នាក់ ក៏ត្រូវបានរកឃើំញមានផ្ទុកជំងឺដ៏កាចសាហាវនេះផងដែរ។ នេះបើតាមមន្ត្រីសុខាភិបាល ដែលបានចុះយកសំណាកផ្ទាល់។

មន្ត្រីសុខាភិបាបានឲ្យដឹងថា ព្រះសង្ឃទាំងនោះទំនងបានឆ្លងរាលដាលក្នុងអំឡុងពិធីកាន់បិណ្ឌប៉ុន្មានថ្ងៃដំបូង មុនពេលប្រមុខរាជរដ្ឋាភិបាលប្រកាសបិទពិធីបុណ្យប្រពៃណីដ៏ធំនេះ ។ មន្ត្រីដដែលបានបញ្ជាក់ថា នេះជាការធ្វើតេស្ដលើកដំបូង ដែលរកឃើញវិជ្ជមានកូវីដ១៩លើព្រះសង្ឃ និងពលរដ្ឋមួយចំនួន ។ ការធ្វើតេស្ដកន្លងមកនេះ បានរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ទៅលើព្រះសង្ឃ នៅក្នុងវត្តខ្នាចរមាសនេះ និង ប្រជាពលរដ្ខ នៅក្នុងភូមិនេះមួយចំនួនផង ហើយពេលនេះមន្ត្រីជំនាញ នៅតែតាមដានបន្តទៀតនៅឡើយ។

បើតាមមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្ត ក៏បាននិយាយដូច្នេះដែរ អំពីការធ្វើតេស្ដរកឃើញកូវីដ១៩ ឆ្លងដល់ព្រះសង្ឃជាច្រើនអង្គនៅក្នុងវត្តខ្នាចរមាស។ មន្ត្រីបាននិយាយថា បើគិតត្រឹមថ្ងៃទី ២៧ កញ្ញា នេះ មន្ត្រីសុខាភិបាល បានធ្វើតេស្ដរកឃើញ ជំងឺកូវីដ១៩ ដែលឆ្លងដល់ព្រះសង្ឃនៅក្នុងវត្តខ្នាចរមាស នេះមានចំនួន៥៨អង្គហើយ ក្នុងចំណោមព្រះសង្ឃដែលគង់ក្នុងវត្តនេះសរុបចំនួន១៣៥អង្គ ហើយមន្ត្រីជំនាញ នៅតែបន្តធ្វើតេស្ដលើព្រះសង្ឃមួយចំនួនបន្តទៀតនៅឡើយ។ បើតាមមន្ត្រីដដែលបានអះអាងថា ជំងឺដ៏សាហាវដែលឆ្លងរាលដាលដល់ព្រះសង្ឃភ្លូកទឹកភ្លូកដីយ៉ាងនេះ ទំនងបានឆ្លងតាំងពីអំឡុងកាន់បិណ្ឌប៉ុន្មានថ្ងៃមុនដំបូងមកម្ល៉េះ ។

បើតាមរបាយការណ៍សុខាភិបាល មិនមែនមានតែព្រះសង្ឃចំនួន៥៨អង្គនៅក្នុងវត្តខ្នាចរមាស ទេដែលបានឆ្លងរោគនេះ នៅមានពលរដ្ឋរស់នៅក្នុងភូមិខ្នាចរមាសនេះចំនួនជាង៤០នាក់ទៀត ត្រូវបានធ្វើតេស្ដេរកឃើញជំងឺកូវីដ១៩នេះ។ ពេលនេះ ទាំងព្រះសង្ឃ ទាំងពុទ្ធបរិស័ទ ដែលរកឃើញឆ្លងមេរោគនេះ បាននិងកំពុងដាក់ឲ្យសម្រាកព្យាបាលនៅតាមមណ្ឌល។ ដោយឡែកព្រះសង្ឃដែលមានផ្ទុកជំងឺនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមណ្ឌលព្យាបាលនៅក្នុងវត្តខ្នាចរមាស រីឯព្រះសង្ឃដែលពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័ក ដើម្បីរង់ចាំយកសំណាកធ្វើតេស្ដលើកទី២បន្តទៀត ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ