ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ថតរូប​ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា ប្រកាស​រកជន​ខិលខូច លួច​រូបភាព​ជា​ច្រើន​សន្លឹកយកតាំង​ក្នុង​រី​ស៊​ត​ធំ​មួយ​នៅ​ខេត្តកំពត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​លួច​ចម្លង ឫ​លួច​កែ​ច្នៃ​ស្នាដៃ​ពី​ម្ចាស់​ដើម នៅ​តែ​កើត​មាន ក្នុង​សង្គម​ខ្មែរ ខណៈ​ដែល​មនុស្ស​ភាគច្រើន​យល់​ថា ការ​លួច​ចម្លង គឺជា​រឿង “​ធម្មតា​”…

រាជធានី​ភ្នំពេញ ៖ ការ​លួច​ចម្លង ឫ​លួច​កែ​ច្នៃ​ស្នាដៃ​ពី​ម្ចាស់​ដើម នៅ​តែ​កើត​មាន ក្នុង​សង្គម​ខ្មែរ ខណៈ​ដែល​មនុស្ស​ភាគច្រើន​យល់​ថា ការ​លួច​ចម្លង គឺជា​រឿង “​ធម្មតា​” ហើយ​ភ្លេច​គិត​ថា វា​ជា​បញ្ហា​ដ៏​គ្រោះថ្នាក់​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ក្រមសីលធម៌ រហូត​ដល់​មានការ​ប្តឹងផ្តល់​ទៅ​តាម​ផ្លូវច្បាប់​ថែម​ទៀត​ផង ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២៧ កញ្ញា ២០២១​នេះ លោក លី មិន ដែល​ភាគច្រើន​ត្រូវ​បាន​ស្គាល់​ថា ឡា ម៉ូ (La Mo) ជា​គ្រូ​ជំនាញ​ខាង​ថតរូប​ម្នាក់ ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​ជំនាញ​លើ​ការ​ថតរូប​បែប​ល្អិត​, ការ​ថតរូប​បែប​ធម្មជាតិ បែប​ដំណើរ​កំសាន្ត និង​ទេសភាព​ក្នុងស្រុក​យ៉ាងច្រើន​នោះ ស្នាដៃ​របស់​លោក ត្រូវ​បាន បុរស​ម្នាក់ ដែល​ធ្វើការ​នៅ​រី​ស៊​ត​មួយ​ក្នុង​ខេត្តកំពត យក​ទៅ​ធ្វើ​អាជីវកម្ម​យ៉ាង​គឃ្លើន ដោយ​មិន​មានការ​អនុញ្ញាត​ពី​ម្ចាស់​ដើម ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក La Mo បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​ដំ​ណឹ​ក​ស្វែងរក​ជនខិលខូច នា​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៤​និង​៣៨​នាទី​ល្ងាច មាន​បុរស​ម្នាក់​កាន់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sivuthy Saing (​បច្ចុប្បន្ន​ប្លុក​ខ្ញុំ​ហើយ​) បាន​ទាក់ទង​មក​សុំ​ទិញ​រូប​តាំង ក្នុង​បន្ទប់​រី​ស៊​ត Resort (​រូបថត​នៅ​កំពត​) ។ ខ្ញុំ​ក៏​ផ្ញើ ៨៣​រូបថត ទាក់ទង​នឹង​ខេត្តកំពត អោយ​គាត់​មើល ដោយសារ​គាត់​ចាប់អារម្មណ៍​រូបថត​ទាំងនោះ ទើប​សុំ​លេខ​ទាក់ទង​តាម​តេ​ឡេ​ក្រាម ដើម្បី​ចរចារ​តម្លៃ ក្រោយ​ពី​ប្រាប់​ពី​តម្លៃ ថែម​ទាំង​មិន​បាន​ឯកភាព​គ្នា​ទិញ​លក់​ផង ក៏​បាត់​គាត់​ឈឹង ពេល​ទូរ​សព្ទ​ទៅ​គាត់ ក៏​មិន​លើក​ទូរ​សព្ទ ខ្ញុំ​ក៏​នឹក​ស្មានថា គាត់​មិន​ចង់​ទិញ​រូបថត​ទាំងនេះ​ទេ ទើប​ទុក​រឿង​ហ្នឹង​នៅ​ម្តុំ ។ អស់​រយៈពេល​១០​ខែ​កន្លង​ផុត​ទៅ ទើប​ដឹង​តាម​រយៈ​មិត្តភក្តិ​ថា​មាន​រូបភាព​របស់​លោក La Mo ជា​ច្រើន​សន្លឹក ខ្នាត់​ធំ​ៗ តាំងនៅ​រី​ស៊​ត​មួយ​ធំ​ជាងគេ នៅ​ខេត្តកំពត ។ លោក La Mo ទាមទារ​ឲ្យ​បុគ្គល​ឈ្មោះ Sivuthy Saing ចេញ​មក​បកស្រាយ​» ។

គួរ​ជម្រាប​ផង​ដែរ​ថា ក្នុង​ករណី​ដែល​សិទ្ធិ​ម្ចាស់​ដើម ត្រូវ​បាន​អ្នក​ដទៃ​បំពាន​ដូច​ជា​ការ​លួច​យក​ស្នាដៃ​ទៅ​ជួញដូរ ការ​ប្រើប្រាស់​ស្នាដៃ​មិន​មានការ​អនុញ្ញាត​ពី​ម្ចាស់​ដើម​នោះ ម្ចាស់​ដើម​អាច​ធ្វើការ​ការពារ​សិទ្ធិ​របស់​ខ្លួន ដោយ​ហាម​ប៉ះពាល់​ដល់​សិទ្ធិ​ខ្លួន និង​បង្គាប់​អោយ​អ្នក​ដែល​បំពាន​បញ្ឈប់​សកម្មភាព​នោះ ក្នុង​ករណី​នេះ ម្ចាស់​សិទ្ធិ​អាច​ទាមទារ​សំណង​ជំងឺ​ចិត្ត សងការ​ខូចខាត និង​ប្រគល់​មក​វិញ​នូវ​វត្ថុ​តាង មាន​ឧបករណ៍ ឬ​សម្ភារ​ដែល​ជាប់​រឿងហេតុ​ព្រមទាំង​ប្រគល់​នូវ​ប្រាក់​ចំណេញ ដែល​បាន​មក​ពី​អំពើ​ខុសច្បាប់​ទាំង​អស់នោះ ។

ជុំវិញ​បញ្ហា​នេះ​ដែរ អ្នក​សារព័ត៌មាន​យើង​នៅ​មិន​ទាន់​សុំ​ការ​បកស្រាយ​បំភ្លឺ ពី​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sivuthy Saing បាន​នៅឡើយ​ទេ ។

សូម​បង្ហាញ​អោយ​ដឹង​ដែរ​ថា​ លោក ឡា ម៉ូ កើត​នៅ​ឆ្នាំ​១៩៧៧ នៅ​ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប ក្នុង​គ្រួសារ​សាមញ្ញ​ដែល​មាន​ឪពុក​ជា​អ្នក​ចូល​ចិត្តការ​ថតរូប​កម្សាន្ត លោក​មានឱកាស​កាន់​កាមេរ៉ា​តាំងពី​កុមារភាព ។ លោក ឡា ម៉ូ ទទួល​បាន​កាមេរ៉ា​ប្រើ​ហ្វីល ដែល​បន្សល់​ទុក​ពី​ឪពុក​លោក​ដែល​អនិច្ចកម្ម ក្នុង​ឆ្នាំ​១៩៩៤ ។ តាំងពី​នោះ​មក យុវជន ឡា ម៉ូ ក្លាយជា​អ្នកជំនាញ​ថតរូប​ជាមួយ​កាមេរ៉ា​ទំនើប​ៗ​ជា​បន្តបន្ទាប់ ដោយ​មិន​បាន​ចូល​សាលា​ណា​នោះ​ទេ ។

អតីត​សិស្ស​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​និង​ជា​អតីត​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង លោក ឡា ម៉ូ ឆ្លងកាត់​ការ​ប្រឡូក​ក្នុង​វិស័យ​ថតរូប​ជា​ច្រើន​ឆ្នាំ​មក លោក ឡា ម៉ូ បាន​ទទួល​ពាន​ជា​បន្តបន្ទាប់ ទាំង​ក្នុង និង​ក្រៅ​ស្រុក ដោយ​រួម​មាន​ទាំង​ពាន​ក្រុមហ៊ុន​កាមេរ៉ា​ល្បី​ៗ​ដូច​ជា Canon ជាដើម សមិទ្ធផល​ទាំងនេះ បាន​ធ្វើ​ឱ្យ​លោក​អាច​ឈាន​ជើង​ទៅ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី នៅ​ប្រទេស​ជប៉ុន ក៏​ដូច​ជា​មាន​កិត្តិយស​យក​ស្នាដៃ​រូបថត​លោក​ទៅ​ដាក់​តាំង​ពិ​ព័រ​ណ៌ នៅ​ចក្រភព​អង់គ្លេស ផង​ដែរ ជា​ពិសេស​លោក​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ទេសភាព​និង​តំបន់​ទេសចរណ៍​ស្អាត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ