លីទុយអានី ៖ អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda រកបាន១គ្រាប់នៅក្នុងថ្ងៃបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមថ្មី FK Suduva នៅក្របខណ្ឌលីគកំពូលប្រទេសលីទុយអានី A Lyga ក្នុងជំនួបពួកគេយកឈ្នះលើក្រុម Banga ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី២៦ ខែកញ្ញា។
ក្រុម FK Suduva បន្តឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះលើក្រុមភ្ញៀវ Banga។ ៤គ្រាប់របស់ FK Suduva រកបានដោយកីឡាករ Olivier Rommens, Keisuke Honda, Nicolas Taravel និង Alexandros Gkargkalatzidis។ ហើយក្នុងជំនួបបង្ហាញខ្លួនជាលើកដំបូងនេះ Honda លេងបាន៧៥នាទីផងដែរ។
ឆ្លងកាត់ការប្រកួត២៨លើក FK Suduva ឈ្នះ១៩លើក ស្មើ៤លើក និងចាញ់៥លើក មាន៦១ពិន្ទុ តាមពីក្រោយដោយក្រុម Zalgiris មាន៥៣ពិន្ទុ។ ខណៈការប្រកួតក្នុងក្របខណ្ឌ A Lyga សរុបមានចំនួន៣៦សប្តាហ៍ទៀត ទើបបញ្ចប់ជាផ្លូវការ។
សូមរំលឹកថា ក្លិប FK Suduva បានសម្រេចចុះកុងត្រាជាមួយកីឡាករ Keisuke Honda ដែលមានវ័យ៣៥ឆ្នាំ កាលពីពាក់កណ្តាលខែកញ្ញា ដោយត្រូវពាក់អាវលេខ៣។ សម្រាប់ FK Suduva គឺជាក្លិបទី១១ហើយ ក្នុងចំណោម៩ប្រទេសនៅអឺរ៉ុប ដែលអតីតសមាជិកក្រុមជម្រើសជាតិជប៉ុនរូបនេះបានប្រកបអាជីព ក្រៅពីប្រទេសកំណើតខ្លួន។ ដោយក្រៅពីប្រទេសលីទុយអានី អតីតសមាជិកក្រុម AC Milan រូបនេះ ធ្លាប់លេងក្លិបនៅប្រទេសហូឡង់, រុស្ស៊ី, អ៊ីតាលី, ម៉ិកស៊ិក, អូស្ត្រាលី, ប្រេស៊ីល, ព័រទុយហ្គាល់ និងអាស៊ែបៃហ្សង់ផងដែរ៕






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ