ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធចាយក្រដាសប្រាក់ដុល្លារក្លែងក្លាយ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី២៦ កុម្ភៈ ២០១៦ ។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះហុក ដូក អាយុ៤៤ឆ្នាំ ២-ឈ្មោះគី ចិន្ថា អាយុ២៦ឆ្នាំ និង៣-ឈ្មោះហៀង ប៉ូច អាយុ២៧ឆ្នាំ ជនទាំង៣នាក់ ជាជាងនិងកម្មករសំណង់) មានស្រុកកំណើតខេត្តព្រៃវែង ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលដែលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ គឺកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបុរីបានទទួលពាក្យបណ្តឹងពីឈ្មោះយី លាភ ភេទស្រី អាយុ៤២ឆ្នាំ (ជាអ្នកលក់ទូរស័ព្ទ នៅភូមិ-ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី បានប្តឹងឈ្មោះហុក ដូក និងបក្សពួក មកទិញស៊ីកាតទូរស័ព្ទ ដោយយកលុយ២០ដុល្លារទិញ ហើយអាប់លុយដើរចេញ កាលពីថ្ងៃទី១៩ កុម្ភៈ កន្លងមក ។
លុះនៅថ្ងៃទី២៥ កុម្ភៈ ស្រាប់តែឃើញឈ្មោះហុក ដូក និងបក្សពួក៣នាក់ ចូលមកទិញស៊ីមកាតម្តងទៀត ក៏ប្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកមង្គលបុរីឃាត់ខ្លួន៣នាក់ និងរកឃើញដុល្លារក្លែងក្លាយប្រភេទ២០ដុល្លារចំនួន៤សន្លឹក និងឃាត់រថយន្ត១គ្រឿងម៉ាកហ្វត២បាំង ដែលពាក់ស្លាកលេខភ្នំពេញ2H-0275 ដែលឈ្មោះហៀង ប៉ូច អ្នកបើកបរ។
ចែករំលែកព័តមាននេះ