ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា នារីបម្រើការខារ៉ាអូខេម្នាក់ ត្រូវអតីតសង្សាស្ទាក់វាយស្ទើរស្លាប់ស្ទើររស់ នៅមុខក្លិបហាងខារ៉ាអូខេ «អូមេហ្គា» ស្ថិតក្នុងសង្កាត់ស្វាយប៉ោង ក្រុងបាត់ដំបង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៣ កុម្ភៈ កន្លងមក ខណៈដែលចប់ម៉ោងការងារ នាងដើរចេញមកដល់ខាងមុខ ហើយជនដៃដល់រង់ចាំនៅខាងមុខនោះ។
ប៉ុន្តែគិតរហូតដល់ថ្ងៃទី២៦ កុម្ភៈ នេះ គេមិនទាន់ឃើញមានអ្នកជួយរកយុត្តិធម៌ឱ្យនារីរងគ្រោះនោះទេ បើទោះជានាងបានដាក់ទៅពាក្យបណ្ដឹងទៅសមត្ថកិច្ចគ្រប់ស្ថាប័នរួចរាល់ហើយក្ដី ។ ប្រភពដដែលបន្តថា នារីរងគ្រោះឈ្មោះលួម សុជាតិ អាយុ១៨ឆ្នាំ បម្រើការនៅក្លិបខារ៉ាអូខេ«អូមេហ្គា» មានទីលំនៅក្នុងភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។ រីឯជនដៃដល់ត្រូវគេស្គាល់ថា ឈ្មោះវ៉ា ជាអតីតសង្សារបស់នាង ។
បើតាមការឱ្យដឹងពីនារីរងគ្រោះថា ជនដៃដល់ឈ្មោះវ៉ា ពិតជាអតីតសង្សានាងមែន តែបានបែកគ្នាយូរហើយ ។ នាងនិយាយទៀតថា ក្រោយពីបែកគ្នា នាងក៏មានស្វាមី និងមានកូនមួយផងដែរ តែពេលនេះស្វាមីនាងទៅធ្វើការនៅប្រទេសថៃ ហើយនាងក៏ចូលធ្វើការនៅក្លិបខារ៉ាអូខេ ដើម្បីរកប្រាក់ចិញ្ចឹមកូន ។ នាងសុជាតិបន្តថា ឈ្មោះវ៉ា នេះ បានព្យាយាមតាមស្រាឡាញ់នាងវិញ តែនាងមិនព្រម ទើបជននេះ តាមស្ទាក់វាយធ្វើបាបនាងបែបនេះ ។
នារីរងគ្រោះបញ្ជាក់បន្ថែមថា នៅយប់កើតហេតុនោះ ជនដៃដល់ និងបក្សពួកម្នាក់ទៀត បានជិះរថយន្តទៅចាំនាងនៅខាងមុខខារ៉ាអូខេ លុះនៅវេលារំលងអធ្រាត្រ ពេលនាងបណ្ដើរភ្ញៀវចេញពីក្លិបដល់ខាងមុខ ស្រាប់តែអតីតសង្សានាងរូបនេះ ស្ទុះចេញពីក្នុងរថយន្តមកវាយដំនាងយ៉ាងចាស់ដៃ រហូតដល់នាងសន្លប់នៅខាងមុខក្លិប ដោយគ្នានអ្នកណាហ៊ានចូលជួយឡើយ ។ នាងមានស្នាមរបួសពេញរាងកាយ និងលើផ្ទៃមុខ ។
ក្រោយពីនាងបានធូរស្រាល មួយថ្ងៃក្រោយមក នាងក៏បានដាក់ពាក្យបណ្ដឹងនៅកន្លែងប៉េអឹម និងប៉ូលិសក្រុង តែរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់មានចំណាត់ការទៅលើជនដៃដល់នោះទេ ដែលធ្វើឲ្យនាងព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ខណៈស្នាមរបួសនៅលើផ្ទៃមុខ និងលើដងខ្លួននាងនៅតែមានសភាពធ្ងន់ធ្ងរនៅឡើយ ។ នារីរងគ្រោះរូបនេះបានសំណូមពរដល់សមត្ថកិច្ចគ្រប់ស្ថាប័ន ដែលទទូលពាក្យបណ្ដឹងនាងរួចហើយ មេត្តាជួយអន្តរាគមន៍ចាត់វិធានការ និងរកយុត្តិធម៌ឱ្យនាងផង ព្រោះនាងគ្មានប្រាក់គ្មានខ្សែ ដែលត្រូវពឹងពាក់ទេ ។
ចែករំលែកព័តមាននេះ