ខេត្តស្វាយរៀង ៖ ក្រុមជនទុច្ចរិតទូរស័ព្ទគំរាមជំរិតទារប្រាក់ពីប្រធានមន្ទីរចំនួន៣ និងលោកអភិបាលក្រុងស្វាយរៀង ដោយយកតួនាទីស្ថាប័នអាជ្ញាធរប្រឆាំងអំពើពុករលួយមកប្រើ ដែលបានកើតឡើងរយៈពេល២ថ្ងៃជាប់គ្នា លើកទី១-បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ កុម្ភៈ ២០១៦ ជនអនាមិកបានទូរស័ព្ទទៅលោក យូ ប៊ុន្នី អភិបាលក្រុងស្វាយរៀង ដោយអះអាងថា គេជាមន្ត្រីអាជ្ញាធរប្រឆាំងអំពើពុករលួយ បានដឹងពីចំណុចរសើបនានារបស់លោកអភិបាលក្រុង ហើយបើចង់បញ្ចប់រឿងឲ្យទូរស័ព្ទទៅឯកឧត្តម តាមលេខដែលគេឲ្យ ។
ទាក់ទិនទៅនឹងករណីខាងលើនេះដែរ លោក យូ ប៊ុន្នី អភិបាលក្រុងស្វាយរៀង បានប្តឹងទៅលោកអធិការក្រុងស្វាយរៀងឲ្យចាត់ការតាមនីតិវិធី ។
ដោយឡែក លើកទី២-បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកនៅថ្ងៃទី២៤ កុម្ភៈ ២០១៦ មានជនអនាមិកម្នាក់ទៀត ដែលមានលេខទូរស័ព្ទ០៩៧៥០១៧៣៤បានទូរស័ព្ទមកគំរាម លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង ដោយអះអាងថា រូបគេជាមន្ត្រីនៃអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ ។
លោក គឹម ពិសិដ្ឋ បានឲ្យដឹងតាមទូរស័ព្ទនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ នេះថា ជនអនាមិកបានទូរស័ព្ទមកសួរថា តើបញ្ហាដីធ្លីធ្វើការយ៉ាងណាហើយ? ពេលនោះគាត់បានសួរវិញថា រឿងដីធ្លីអី? ជនរូបនេះមិនឆ្លើយទេ បាននិយាយបង្វែងដានពីនេះពីនោះរួចនិយាយទៀតថា បើចង់ចរចាបញ្ចប់រឿងឲ្យទូរស័ព្ទទៅឯកឧត្តមផ្ទាល់តាមលេខទូរស័ព្ទ០១១ ៤៧៦ ៩៨២ និងបានគំរាមថា បើមិនទូរស័ព្ទទៅចរចាទេ ក្រុមការងារឯកឧត្តមនឹងចុះទៅជួបផ្ទាល់សាកសួរបញ្ហារឿងដីធ្លីនេះ ។
បន្ទាប់មក ជនអនាមិកក៏បានទូរស័ព្ទទៅលោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ថអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងបន្តទូរស័ព្ទទៅលោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារីខេត្ត ដោយប្រើល្បិចតែមួយ គឺយកឈ្មោះស្ថាប័នអាជ្ញាធរជាតិប្រឆាំងអំពើពុករលួយ មកគំរាមក្នុងគោលបំណងជំរិតទារប្រាក់ ។
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ