ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើសំណាកលើព្រះសង្ឃ និងអ្នករស់នៅក្នុងវត្ត នៅខណ្ឌមានជ័យ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៨អង្គ-នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ធីតា សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌមានជ័យ បានធ្វើ​តេស្ត យក​សំណាក​តាម​វត្ត លើ​ព្រះសង្ឃ និង​អ្នកពាក់ព័ន្ធ​ទាំងអស់…

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ធីតា សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌមានជ័យ បានធ្វើ​តេស្ត យក​សំណាក​តាម​វត្ត លើ​ព្រះសង្ឃ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​គង់ និង​ស្នាក់នៅ ក្នុង​វត្ត​ចំនួន ៧​វត្ត​។ ជា​លទ្ធផល រកឃើញ​វិជ្ជមាន ៨​អង្គ​/​នាក់ រួមមាន​៖ ព្រះសង្ឃ ៣​អង្គ លោកតា​អាចារ្យ ២​នាក់ កូនសិស្សលោក​ស្នាក់នៅ​ក្នុង​វត្ត ២​នាក់ និង​ក្មេង​វត្ត​ម្នាក់​។

​ក្នុង​ខណ្ឌមានជ័យ មាន​វត្ត​ចំនួន ៨ រួមមាន​៖ វត្ត​ចាក់​ង្រែ​លើ វត្ត​ចាក់អង្រែ​ក្រោម វត្ត​ដំបូក​ខ្ពស់ វត្ត​សន្សំ​កុសល  វត្ត​អង្គ​ពោធិ៍​ញាណ វត្ត​ន​ន្ទ​មុន្នី វត្ត​សាមគ្គី​រង្សី និង​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ​។ ក្នុងនោះដែរ វត្ត ដែល​មិន​បានធ្វើ​សំណាក គឺ​វត្ត​ន​ន្ទ​មុន្នី ព្រោះ​វត្ត​នេះ ត្រូវបាន​បិទ​ខ្ទប់​តាំងពី​មុនពេល​បុណ្យ​ភ្ជុំបិណ្ឌ​ម្លេះ ព្រោះ មាន​ព្រះសង្ឃ​គង់ ក្នុង​វត្ត មាន​វិជ្ជមាន​វីរុស​បំ​លែង​ថ្មី ដែល​តា​។

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ប្រាប់​អោយដឹងថា ថ្ងៃនេះ វត្ត​ចំនួន ៧ ក្នុងចំណោម ៨​វត្ត ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ គឺត្រូវធ្វើ​សំណាក​លើ​ព្រះសង្ឃ និង​តាជី​យាយជី ឧបាសក ឧបាសិកា និង​អ្នក​រស់នៅក្នុង​វត្ត​ទាំង ៧ ដើម្បីរ​កវី​រ៉ុ​ស​កូ​វីដ​១៩ ដែល​កំពុង​រាលដាល​ខ្លាំង ចូលដល់​តាម​ទីវ​ត្ត​អារាម​។ ការ​តេស្ត​សំណាក​នេះ គឺ​មិន​តម្រូវអោយមាន​ការចេញ​ចូលក្នុង​វត្ត​ពី​សំណាក់​ពុទ្ធបរិស័ទ ដែល​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ក្នុង​វត្ត​ឡើយ គឺ​តម្រូវអោយ​យក​ត្រឹម​ខ្លោងទ្វារវត្ត ហើយ​មាន​ការដាក់​តុ នៅ​ខ្លោងទ្វារវត្ត ចាំ​ទទួល​ប៉ុណ្ណោះ​។ ទន្ទឹមនឹងនោះ ក៏មាន​កងកម្លាំង​សមត្ថកិច្ច មាន​កម្លាំង​ប្រជា​ការពារ កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ ឈរ​ប្រចាំការ​នៅមុខ​ខ្លោងទ្វារវត្ត​នីមួយៗ​ផងដែរ ដើម្បី​សម្រួល​ដល់​ដំណើរការ នៃ​ការ​តេស្ត​សំណាក​អោយ​ប្រព្រឹត្តិទៅបាន​រលូន​ផងដែរ​។ 

​លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​បន្ត​អោយដឹងថា វត្ត​ទាំង ៧ នឹងត្រូវ​បិទ​ទាំងស្រុង គិត​ចាប់ពី​វេលា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ស្តីពី ការផ្អាក​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូ​វីដ​១៩​។ ការបិទ​វត្ត​ផ្អាក​មិនអោយ​មានការ​ប្រារព្ធ​ពិធីបុណ្យ តាមបែប​សាសនា​ខាងលើនេះ គឺធ្វើឡើង​ចំ​ថ្ងៃទី​៤ ឬ​បិណ្ឌ​៤ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។

​លោក​បញ្ជាក់ថា ក្នុង​កំឡុង​ការបិទ​វត្ត គឺ​អនុញ្ញាតអោយ​មាន​ការយ​ក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​បាន តាម​វេន របស់​ម្ចាស់​វេន តែ​អនុញ្ញាត​ត្រឹម​ឃ្លោងទ្វារ​ប៉ុណ្ណោះ ហើយ​មិនអោយ​មានការ​ប្រមូលផ្តុំ​ក្នុង​ចំនួន​មនុស្ស​ច្រើន​ឡើយ ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​មាន​ការពាក់​ម៉ាស់ និង​មាន​អាល់កុល​សម្រាប់​បាញ់សម្លាប់​មេរោគ ជាប់​នៅ​នឹង​ខ្លួន​ជានិច្ច​ផងដែរ​។

​យ៉ាងណាមិញ លោក​អភិបាលរងខណ្ឌ បាន​បញ្ជាក់ថា រហូតដល់​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា​នេះ ក្រុមគ្រូពេទ្យ បាន​តេស្ត​សំណាក​លើ​ព្រះសង្ឃ និង​អ្នកពាក់ព័ន្ធ ដែល​គង់ និង​ស្នាក់​នៅក្នុង​វត្ត បាន​ចំនួន ៧​វត្ត​ហើយ ដែលមាន​ចំនួន​សរុប ២៧៥​អង្គ​/​នាក់​។ លទ្ធផល នៃ​ការ​តេស្ត​សំណាក​ទាំង ៧​វត្ត បញ្ជាក់ថា មាន​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៨​អង្គ​/​នាក់ ក្នុងនោះដែរ មាន​ព្រះសង្ឃ ៣​អង្គ លោកតា​អាចារ្យ ២​នាក់ កូនសិស្សលោក​ស្នាក់នៅ​ក្នុង​វត្ត ២​នាក់ និង​ក្មេង​វត្ត​ម្នាក់​។

​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​នូវ​សេចក្តីសម្រេច​មួយ ស្តីពី ការផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ព្រោះ​ក្នុង​រយៈពេល ២​ថ្ងៃ នៃ​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​កន្លងទៅនេះ រាជរដ្ឋាភិបាល​ពិនិត្យឃើញថា មានការ​ជួបជុំ និង​ប្រមូលផ្តុំ​មនុស្ស​ជាច្រើន នៅតាម​បណ្តា​វត្ត​អារាម ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ដែល​មិនអាច​ធានាបាន​ការអនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ដែល​អាចធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស មេរោគ​បំ​លែង​ថ្មី​ដែល​តា ( Delta ) ដែលមាន​កម្រិត នៃ​ការឆ្លង​រាលដាល​ឆាប់រហ័ស​បំផុត​។​

​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ ក្រោយពី​ផ្ទុះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​វត្ត​មួយចំនួន នៅពេល​ប្រារព្ធ​ពិធីបុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ បាន ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២​កញ្ញា និង​ថ្ងៃទី​២៣ ខែកញ្ញា​។ ក្នុងនោះ គ្រាន់តែ​វត្ត​ចំពុះក្អែក នៅ​ខណ្ឌ​ច្បារអំពៅ រកឃើញ​ព្រះសង្ឃ​ឆ្លង​កូ​វីដ ៤៦​អង្គ និង​អ្នក​នៅ​វត្ត ចំនួន ៣​នាក់ ហើយ​នៅ​វត្ត​នាគ​វ័ន មាន​តាអាចារ្យ ម្នាក់ និង​អ្នក​នៅ​វត្ត ២​នាក់ ឆ្លង​កូ​វីដ រកឃើញ​នៅ​ថ្ងៃ​ដាក់​បិណ្ឌ​១ កាលពី​ថ្ងៃទី​២២ ខែកញ្ញា​។

រដ្ឋបាលរាជធានីភ្នំពេញ តម្រូវ​ឲ្យធ្វើតេស្ត រកកូវីដ នៅតាមវត្តទាំង ១៥១វត្ត នៅក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៤ និង​ថ្ងៃទី​២៥ ខែកញ្ញា​​នេះ​​។ ក្នុង​​នោះ នៅ​ថ្ងៃទី១នៃការធ្វើតេស្តនេះ រកឃើញព្រះសង្ឃ និងអ្នកនៅវត្ត ឆ្លងកូវីដ ប្រមាណតែ ៣០អង្គ-នាក់។ ក្នុងមួយវត្ត ត្រឹមតែ ២-៣អង្គ-នាក់ប៉ុណ្ណោះ​៕ លី ​ហេង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ