ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ការរក្សា​គម្លាត​សុវត្ថិភាព ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត យ៉ាងហោចណាស់ ១​ម៉ែត្រ​កន្លះ​ពីគ្នា នៅពេលនេះ មិន​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​ដោយ​ហ្មត់ចត់​នោះទេ​។ នោះ​គឺ​នៅពេល​កុមារ​ទៅ​ចាក់​វ៉ាក់សាំង…

ភ្នំពេញ​៖ ការរក្សា​គម្លាត​សុវត្ថិភាព ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត យ៉ាងហោចណាស់ ១​ម៉ែត្រ​កន្លះ​ពីគ្នា នៅពេលនេះ មិន​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​ដោយ​ហ្មត់ចត់​នោះទេ​។ នោះ​គឺ​នៅពេល​កុមារ​ទៅ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩ បាន​តម្រង់​ជួរ​នៅ​ជិតៗ​គ្នា ខណៈ​នៅពេល​ប្រជា​ពុទ្ធបរិស័ទ ក្នុង​រដូវ​កាន់បិណ្ឌ​នេះ ​ចូល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ និង​រាប់បាត្រ ក៏​មិនបាន​ឃ្លាត​​គ្នា ទោះបីជា​ពាក់​ម៉ាស​ទាំងអស់គ្នា ហើយ​មាន​ម៉ាស៊ីន​វាស់​កម្តៅ ទូរ​សម្លាប់​មេរោគ និង​អាល់កុល​លាងដៃ​ក៏ដោយ​។

​ទិដ្ឋភាព​នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង ក្នុង​មណ្ឌល​សុខភាព​ទឹកថ្លា នៅខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បានបង្ហាញ​ពី​ឪពុកម្តាយ អាណាព្យាបាល ដែល​នាំ​កូនចៅ ទៅ​ចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​១៩ សម្រាប់​កុមារ​អាយុ ៦​ឆ្នាំ ទៅ​ក្រោម ១២​ឆ្នាំ បាន​ឈរ​តម្រង់​ជួរ ដោយ​ប្រជ្រៀត​គ្នា​យ៉ាងច្រើន​កោះករ​។

​ការតម្រង់​ជួរ​រង់ចាំ​យូរ​នេះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ លើកឡើងថា ដោយសារតែ​ឪពុកម្តាយ​ក្មេង ឬ​អាណាព្យាបាល​មួយចំនួន ពុំមាន​លិខិតអញ្ជើញ និង​ពុំមាន​ឯកសារ​ត្រឹមត្រូវ និង​ខ្លះទៀត មាន​លិខិតអញ្ជើញ និង​ឯកសារ​គ្រប់គ្រាន់ តែ​ពួកគាត់​តម្រង់​ជា​ជួរ ហើយ​លើស​ចំនួន​កំណត់ ដែល​ត្រូវ​ចាក់ ព្រោះ ១​ថ្ងៃ អាជ្ញា​ធរមាន​ផែនការ ចាក់​វ៉ាក់សាំង ត្រឹមតែ ៤០០​នាក់​ប៉ុណ្ណោះ​។​

​កន្លងមក អាជ្ញាធរ បាន​សហការ​ជាមួយ​មណ្ឌល​សុខភាព រៀបចំ និង​ណែនាំ អោយ​ឪពុកម្តាយ ឬ​អាណាព្យាបាល នាំ​កូន មក​តម្រង់​ជា​ជួរ ដោយមាន​គម្លាត​សុ​វត្តិភាព​ត្រឹមត្រូវ តែ​ពួកគាត់ មិនបាន​ស្តាប់​តាម​ការណែនាំ​ឡើយ ដោយ​តម្រង់​ជា​ជួរ​នៅ​ខាងក្រៅ មិនបាន​រក្សា​កម្លា​ត​អ្វី​នោះទេ​។ តែ​នៅក្នុង​បរិវេណ​មណ្ឌល​សុខភាព បានរៀបចំ​កៅអី និង​រក្សា​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ​។​

​ក្រៅពី​ទិដ្ឋភាព​កុមារ អាណាព្យាបាល និង​ឪពុកម្តាយ តម្រង់​ជួរ​មិន​រក្សា​គម្លាត​សុវត្ថិភាព នៅពេល​រង់ចាំ​ចាក់​វ៉ាក់សាំង​នេះ គឺ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ជា​ថ្ងៃ​ដាក់​បិណ្ឌ​ទី​១ នៅតាម​បណ្តា​វត្ត​នានា ក្នុង​រាជធានី​ភ្នំពេញ បាន​គោរព​ទៅតាម​ការណែនាំ​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ក្នុងនោះ ទាំង​ព្រះសង្ឃ ទាំង​តាអាចារ្យ យាយជី និង​ប្រជា​ពុទ្ធបរិស័ទ គ្រប់គ្នា បាន​ពាក់​ម៉ាស វាស់​កំដៅ បាញ់​អាកុល និង​មាន​ទូរ​សម្លាប់​មេរោគ ថែមទៀត​។​

​ប៉ុន្តែ​អ្វី​ជាការ​កត់សំគាល់ ស្ទើរតែ​គ្រប់​វត្ត គឺ​ការរក្សា​គម្លាត​សុវត្ថិភាព ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហាក់​នៅមានកំរិត​នៅឡើយ​។ ពោលគឺ​អ្នក​ចូល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ មិនបាន​ឃ្លាត​គ្នា ឲ្យ​បាន​យ៉ាងហោចណាស់ ១​ម៉ែត្រ​កន្លះ​នោះទេ​។ នៅពេល​រាប់បាត្រ​ក៏​ដូចគ្នា​។ ចំណុច​នេះ ទាមទារ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញាក់រលឹក និង​ចូលរួម​ទាំងអស់គ្នា ពិសេស​គណៈកម្មការ​វត្ត ត្រូវ​រៀបចំ​ឡើងវិញ ឲ្យ​រក្សា​គម្លាត​សុវត្ថិភាព​ទាំង​ព្រះសង្ឃ ទាំង​តាអាចារ្យ យាយជី ក្មេង​វត្ត និង​ពុទ្ធបរិស័ទ​ទាំងអស់ ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ការអំពាវនាវ និង​ការណែនាំ​មាន​ជា​ហូរហែ តែ​ប្រជាពលរដ្ឋ​យើង នៅពេល​ទៅ​ចាក់​វ៉ាក់សាំង និង​ពេល​ទៅ​វត្ត​ធ្វើបុណ្យ​នេះ ចេះតែ​ភ្លេចខ្លួន អាង​តែ​ម្នាក់ៗ ពាក់​ម៉ាស និង​មាន​អាកុល​លាងដៃ​ហើយ​។ តែ​ម្នាក់ៗ ត្រូវតែ​ការពារ​ខ្លួន​ជានិច្ច កុំឱ្យ​ឆ្លង​មេរោគ​កូ​វីដ​-១៩ គ្រប់ពេលវេលា ទាំង​ទៅ​ចាក់​វ៉ាក់សាំង ទាំង​ដើរ​ទៅណា​មក​ណា និង​ទាំង​ពេល​ទៅ​វត្ត​ធ្វើបុណ្យ​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​។​

​ម្នាក់ៗ ទៅ​ចាក់​វ៉ាក់សាំង ហើយក៏​ដល់​វេន​នាំ​ទាំង​កូន​ទៅ​ចាក់​វ៉ាក់សាំង ដោយ​ត្រូវ​រង់ចាំ ឈរ​តម្រង់​ជួរ​រាប់​ម៉ោង​ក៏មាន  ក្នុង​បំណង​ចាក់​វ៉ាក់សាំង ការពារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩​។ តែបើ​តម្រង់​ជួរ ប្រជ្រៀត​គ្នា និង​នៅ​ជិតៗ​គ្នា​ដូច្នេះ ជា​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ​១៩ ទៅវិញ​ទេ​។​

​ដូចគ្នា​ដែរ អ្នក​ទៅ​វត្ត​ធ្វើបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺ​ដើម្បី​ធ្វើបុណ្យ សន្សំ​កុសល​។ តែ​ដោយសារតែ​ការធ្វេសប្រហែស បែរជា​ឆ្លង​កូ​វីដ ដោយ​ពុំ​ដឹងខ្លួន ដោយសារតែ​មិនបាន​រក្សា​គម្លាត​សុវត្ថិភាព ពិសេស​វិធានការ ៣​កុំ និង​៣​ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​ទេនោះ តើ​បុណ្យ​ជួយ​យើង កុំ​ឲ្យ​ឈឺ​បាន ឬទេ​?

​សូម​កុំភ្លេចថា អាជ្ញាធរ​ខណ្ឌទួលគោក នៅ​រសៀល​ថ្ងៃទី​២២ ខែកញ្ញា បានសម្រេច​បិទ​វត្ត​នាគ​វ័ន ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជិត​ស្ពាន​អាកាស​តិច​ណូ​។ វិធានការ​នេះ ធ្វើឡើង ចំ​ថ្ងៃ​កាន់បិណ្ឌ​ទី​១ ដែល​កាលពី​ពេលព្រឹក ក៏មាន​អ្នក​ទៅ​វត្ត ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​តាម​ប្រពៃណី ដូច​នៅ​វត្ត​ផ្សេងទៀត​ដែរ​។

​ការបិទ​ខ្ទប់​វត្ត​នាគ​វ័ន​នេះ ក្រោយពី​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៣ នាក់ រួមមាន លោកតា​អាចារ្យ​ម្នាក់ និង​និស្សិត​ស្នាក់នៅ ក្នុង​វត្ត​ចំនួន ២​នាក់​។ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះ​យក​សំណាក​ភ្លាមៗ នៅ​វត្ត​នាគ​វ័ន កាលពី​ថ្ងៃទី​២២​កញ្ញា ក្រោយ​ការបិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​នេះ​។​

ចំណែក​នៅល្ងាច​ថ្ងៃទី២៣​កញ្ញា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់វត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា បន្ទាប់ពីធ្វើតេស្ត រកឃើញព្រះសង្ឃ ៤៦អង្គ និង​ពុទ្ធបរិស័ទ ៣នាក់ ឆ្លងកូវីដ១៩។

​ដោយសារតែ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ មិនទាន់​ស្ងប់ស្ងាត់ នៅ​ខ្ទង់​ជាង ៦០០​នាក់ ក្នុង​១​ថ្ងៃៗ និង​ស្លាប់​ជាង ១០​នាក់ នៅឡើយ គឺ​កាលពី​ថ្ងៃទី​២២ ខែកញ្ញា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច ដាក់ចេញ​វិធានការ​រដ្ឋបាល ដោយ​បន្ត​ផ្អាក​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់ និង​ការជួបជុំ ឬ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន រយៈពេល ១៤​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃទី​២៤ ខែកញ្ញា រហូតដល់​ថ្ងៃទី​៧ ខែតុលា​។ វិធានការ​នេះ ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​ សេចក្តីណែនាំពីវិធានការនានា ដើម្បីបង្កើនការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ​ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌ ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់។​

​ដូច្នេះ​ក្រៅពី​អ្នក​តម្រង់​ជួរ​ចាក់​វ៉ាក់សាំង រួមទាំង​ប្រជា​ពុទ្ធ​ស័​ទ ក៏ដូចជា​ព្រះសង្ឃ និង​តាអាចារ្យ​យាយជី ដែល​ត្រូវតែ​ភ្ញាក់រលឹក​ជាប់​ជានិច្ច ដើម្បី​ការពារ​ខ្លួន កុំ​ឲ្យ​ឆ្លង​កូ​វីដ តាមរយៈ​ការអនុវត្ត​វិធានការ​សាមញ្ញៗ ៣​កុំ និង​៣​ការពារ ជាប់​ជានិច្ច​ហើយ​នោះ អាជ្ញាធរ​សមត្ថកិច្ច ក៏​ត្រូវ​សហការ​ជាមួយ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ និង​គណៈកម្មការ​វត្ត ត្រូវ​រៀបចំ​ឡើងវិញ នូវ​ប្រព័ន្ធ​សុវត្ថិភាព​សុខភាព ពិសេស​ការរក្សា​គម្លាត​នេះឯង​។

​នៅតាម​វត្ត​ជាច្រើន រៀបចំ​បានល្អ​រួចហើយ នូវ​វិធាន​ទប់ស្កាត់​ការឆ្លង​កូ​វីដ ដោយ​ដាក់​ទូរ​បាញ់សម្លាប់​មេរោគ អាល់កុល​លាងដៃ ម៉ាស៊ីន​វាស់​កម្តៅ និង​ចែក​ម៉ាស ជាដើម នៅ​មាត់ច្រក មាត់ទ្វារ​ចូល​សាលាឆាន់​។ តែ​ចាំបាច់​ណាស់ ការអនុវត្ត​វិធានការ​មួយទៀត គឺ​ការរក្សា​គម្លាត​សុវត្ថិភាព​។​

​ក្នុងនោះ បើ​អ្នក​ទៅ​រង់ចាំ​ច្រើនពេក អាច​សម្រួល ដោយ​ស៊ូ​ឲ្យ​ជួរ​វែង​បន្តិច​ចុះ តែ​កុំ​ឲ្យ​តែ​កៀក​គ្នា រហូតដល់​ថ្នាក់​ប្រជ្រៀត ដណ្តើម​គ្នា ចូល​ចាក់​វ៉ាក់សាំង ដូច​រូបថត ដែល​បានបង្ហាញ​។ អ្នក​ទៅ​តម្រង់​ជួរ ក៏​ដូចគ្នា ត្រូវ​គិតគូរ​ពី​សុវត្ថិ​ភាពជា​ចម្បង ក្រែងលោ មិនទាន់បាន​ចាក់​វ៉ាក់សាំង​ផង បែរជា​ឆ្លង​កូ​វីដ ដោយសារតែ​ការមិន​គោរព​តាម​ការណែនាំ ក្នុងករណី​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពី​ម្នាក់ ទៅ​ម្នាក់​នេះឯង​។

​នៅតាម​វត្ត​ក៏​ដូចគ្នា ពុទ្ធបរិស័ទ នៅ​ទូទាំងប្រទេស ពេល​ទៅ​វត្ត ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវមាន​ស្មារតី​ម្ចាស់ការ​ដោយ​ខ្លួនឯង ក្នុង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ពាក់​ម៉ាស​ជាប់​រហូត មាន​អាល់កុល​បាញ់​លាង​សម្អាត​ដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​ជានិច្ច បើទោះបីជា​វត្ត​អារាម សុទ្ធ​តែមាន​វិធានការរួច​​ហើយ​ក្តី​។ ប៉ុន្តែ​លុះណាតែ​បុគ្គល​ម្នាក់ៗ មាន​ភាពម្ចាស់ការ ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ការពារ​ កុំ​ឲ្យឆ្លងជំងឺ​កូ​វីដ​-១៩៕​