ខេត្តកណ្ដាល ៖ បុណ្យហែអ្នកតា ជាបុណ្យប្រពៃណីមួយ របស់ជនជាតិចិនក្នុងចំណោមបុណ្យប្រពៃណី ផ្សេងទៀត។នៅក្រុងតាខ្មៅតែងប្រារព្ធពិធីបុណ្យហែអ្នកតាជារៀងរាល់ឆ្នាំ។នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៦ មានអ្នកតាចិនរាប់រយ មកពីតាមបណ្ដាស្រុក ខេត្ត ក្រុង នានា មកជួបជុំគ្នានៅរោងអ្នកតាចិនធំសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីចូលរួមដង្ហែ និងសម្ដែងឬទ្ធិយ៉ាងអធិកអធម័។លោកឈុន គាប្រធានសមាគមខ្មែរ ចិន នៅក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថាបុណ្យហែអ្នកចិនឆ្នាំនេះ មានអ្នកតាចិនលើសពី១០០អ្នកតាមកចូលរួមដង្ហែនៅក្នុងក្រុងតាខ្មៅ។
អ្នកតាទាំងនោះមកពីតាម ភូមិ ឃុំ ស្រុកខេត្ត ក្រុងនានាក្នុងប្រទេស បានមកជួបជុំគ្នា នៅរោងអ្នកតាធំ សង្កាត់តាខ្មៅ តាំងពីព្រឹករហូតដល់ ម៉ោង២ រសៀល ទើបចាប់ផ្ដើមដង្ហែតាមផ្លូវនានា ក្នុងក្រុងតាខ្មៅដោយមានការសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ពីអាជ្ញាធរ និងសមត្ថកិច្ចផងដែរ។លោកប្រធានសមាគមខ្មែរ ចិនបានប្រាប់ឱ្យដឹងទៀតថា បុណ្យហែអ្នកតានេះជាបុណ្យប្រពៃណី របស់ជនជាតិចិនមានតាំងពីដើមមក។ការដង្ហែអ្នកតាតាមផ្លូវអ្នកជាប់សែស្រឡាយចិន វៀតណាមមានជំនឿថាពេលអ្នកតាសម្ដែងឫទ្ធិ ពេលហែនោះគឺបានបណ្ដេញ ខ្មោច ព្រាយ បិសាច ភាពចង្រៃ ទាំងឡាយទាំងពួង ឱ្យចេញពីក្នុងភូមិស្រុក។នៅពេលដង្ហែអ្នកតា បានសម្ដែងឫទ្ធិ ដោយយកដាវ កាំបិតលំពែងចាក់លើខ្លួនអ្នកតាចូលរូប បង្ហូរឈាម យកមក ប្រឡាក់លើក្រដាស ពណ៌លឿង ឬក្រហមដែលគេហៅថា ក្រដាសហ៊ូ នោះ ប្រជាជនជាប់សែស្រឡាយចិន វៀតណាម មកសុំពីអ្នកតាយកទៅរក្សាទុកនៅក្នុងផ្ទះ ឬទុកជាប់តាមខ្លួន គឺជួយបណ្ដេញនូវភាពឩបទ្រុបចង្រៃទាំងឡាយចេញ នឹងនាំមកនូវសេចក្ដីសុខ ចម្រុងចម្រើនគ្រប់ៗគ្នា។
បើតាមការពិនិត្យមើលជាក់ស្ដែង ក្នុងពេលហែអ្នកតានេះ គេសង្កេតឃើញ មានអ្នកតារាប់រយ និងមាន មនុស្ស ក្មេងចាស់ ប្រុសស្រី រាប់ពាន់នាក់មកចូលរួមដង្ហែអ្នកតា ចាប់ពីរសៀល រហូតដល់ ពេលព្រលប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ទើបបញ្ចប់ការដង្ហែអ្នកតានេះ។ក្បូនដង្ហែអ្នកតាតាមដងផ្លូវ មានចម្ងាយមើលទៅដាច់កន្ទុយភ្នែករាប់រយម៉ែត្រ។មានអ្នកតាបានសម្ដែងឫទ្ធិ បែបផ្សេងៗពីគ្នាអ្នកចូលរូប បានយកលំពែងដាវ កាំបិត ចាក់លើដងខ្លួន លើក និងអារអណ្ដាតជាដើម។ អ្នកជាប់សែស្រឡាយចិន វៀតណាមច្រើននាក់បាននាំគ្នាឈរមុខផ្ទះចាំសុំក្រដាសហ៊ូ ពីលោកតាយកមករក្សាទុកក្នុងផ្ទះ ដើម្បីបានសេចក្ដីសុខ ចម្រុងចម្រើនក្នុងក្រុគ្រួសាររៀងៗខ្លួន៕
ចែករំលែកព័តមាននេះ