ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ចង់ឃើញវ៉ាក់សាំងកូវីដជាទំនិញសាធារណៈមានតម្លៃសមរម្យ និងអនុញ្ញាឲ្យគ្រប់ប្រទេសអាចមានលទ្ធភាពទិញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​តាម​រយៈ​កិច្ចប្រជុំ​កំពូល​សកល​ឲ្យ​កំណត់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​ទំនិញ​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ និង​អនុញ្ញាត​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​អាច​មាន​លទ្ធភាព​ទទួល​បាន និង​ប្រើប្រាស់​បាន​តាម​តម្រូវការ​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​តាម​រយៈ​កិច្ចប្រជុំ​កំពូល​សកល​ឲ្យ​កំណត់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​ទំនិញ​សាធារណៈ​ដែល​មាន​តម្លៃ​សមរម្យ និង​អនុញ្ញាត​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​អាច​មាន​លទ្ធភាព​ទទួល​បាន និង​ប្រើប្រាស់​បាន​តាម​តម្រូវការ​របស់​ខ្លួន ។ នេះ​ជា​ការ​លើក​ឡើង​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​។

Picture

ក្នុង​កិច្ចប្រជុំ​កំពូល​សកល​ស្ដី​ពី​ជំងឺ​កូ​វី​ដ​-១៩ «​ការ​បញ្ចប់​ការ​រាតត្បាត និង​ការ​កសាង​ឡើង​វិញ​ឲ្យ​កាន់តែ​ប្រសើរ​» នា​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វី​ដេ​អូ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ដោយសារ​វ៉ាក់សាំង​ជា​ទំនិញ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ហើយ​កម្ពុជា​ស្វាគមន៍​នូវ​ការ​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង ជា​ពិសេស​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​យ៉ាងតិច​៧០% នៃ​ប្រជាជន​ពិភពលោក ។

Picture

សម្ដេច​តេ​ជោ មាន​ប្រសាសន៍​ថា «​ដើម្បី​សម្រេច​គោលដៅ​នេះ​កម្ពុជា​សូម​អំពាវនាវ​ឲ្យ​មានការ​កំណត់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាំងអស់​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជា​ទំនិញ​យុទ្ធសាស្ដ្រ​គន្លឹះ​សកល​ដោយ​គ្មាន​ការ​រើសអើង​ទៅ​លើ​ប្រភេទ និង​ប្រភព​នៃ​វ៉ាក់សាំង​ព្រមទាំង​អំពាវនាវ​ឲ្យ​កំណត់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​ទំនិញ​សាធារណៈ​ដែល​មាន​ថ្លៃ​សមរម្យ និង​អនុញ្ញាត​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់​អាច​មាន​លទ្ធភាព​ទទួល​បាន និង​ប្រើប្រាស់​បាន​តាម​តម្រូវការ ហើយ​លើស​ពី​នេះ​ទៀត​បើកចំហ​ការ​ផលិត​វ៉ាកសាំង​កូ​វី​ដ​-១៩ យ៉ាង​ទូលាយ​ទៅ​តាម​តំបន់ និង​ប្រទេស​នានា​ដែល​មាន​ភាព​តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន និង​ការ​លើកទឹកចិត្ត ដល់​ការ​វិនិយោគ​លើ​ការ​ផលិត​វ៉ាក់សាំង​» ។

Picture

សម្ដេច​តេ​ជោ បាន​បន្ដ​ថា ទន្ទឹម​នេះ​កម្ពុជា​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​ទាំងអស់​កុំ​ប្រមូល​ទិញ​វ៉ាក់សាំង​ទុក​សម្រាប់​តែ​ប្រទេស​របស់​ខ្លួន ឬ​រក្សា​វ៉ាក់សាំង​ដែល​ខ្លួន​ផលិត​បាន​ទុក​សម្រាប់​ប្រើប្រាស់​តែ​ក្នុង​ប្រទេស​ផ្ទាល់ខ្លួន ។

Picture

ឆ្លៀតឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​លើក​ឡើង​ថា សម្រាប់​កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​កូ​វី​ដ​-១៩ ដោយ​ភាព​ស្វាហាប់ ជាមួយនឹង​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ ។ នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល បាន​កំណត់​យក​ការ​ចាក់​វ៉ាក់សាំង​ជា​វិធានការ​យុទ្ធសាស្ដ្រ​គន្លឹះ គួប​ផ្សំ​ជាមួយនឹង​វិធានការ ចំនួន​៣​ទៀត រួម​មាន ៖ ទី​១-​ការ​ខិតខំ​ទប់ស្កាត់ និង​រុករក​ការ​ឆ្លង​ឲ្យ​បាន​ទាន់​ពេល ,​ទី​២-​ការ​ពង្រឹងសមត្ថភាព​ព្យាបាល និង​ការ​ប្រើប្រាស់​ថ្នាក់​ព្យាបាល ប្រកបដោយ​ស័ក្តិ​សិទ្ធ​ភាព និង​ទី​៣-​ការ​អនុវត្ត​ដោយ​ហ្មត់ចត់​នូវ​វិធានការ​ផ្នែក​រដ្ឋបាល សុខាភិបាល និង​ច្បាប់ ក៏​ដូច​ជា ការ​ទាក់ទាញ​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​រូប​។

Picture

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេ​ជោ បាន​បន្ថែម​ថា សម្រាប់​ទិស​ដៅ​ទៅ​មុខ កម្ពុជា​នឹង​បន្ដ​អនុវត្ត​វិធានការ​បង្ការ ព្យាបាល និង​ចាក់​វ៉ាក់សាំង ក៏​ដូច​ជា រៀបចំ​ក្រប​ខណ្ឌ​វាយ តម្លៃ​ហានិភ័យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បើក​ដំណើរការ​នូវ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច ពេញ លេញ​ឡើង​វិញ​ជា​ជំហាន​ៗ ក្នុង​ស្មា​រី​ប្រយ័ត្នប្រយែង​ខ្ពស់​។

Picture

បន្ថែម​លើ​នេះ រាជរ​ដ្ឋា​ភិ​បា ល​នឹង​ប្រឹងប្រែង​ជំរុញ​ការ​វិនិយោគ លើ​វិស័យ​សង្គមកិច្ច ពិសេស គឺ​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេល និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ទៅ​នឹង​ជំងឺ​រាតត្បាត​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​នា​អនាគត​៕