ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​៖ ​វត្ត​អារាម​ដែលស្ថិត​តំបន់​​​បិទ​ខ្ទប់​​មិន​​​អនុញ្ញាត​ឱ្យ​រៀបចំ​កាន់បិណ្ឌ​​នោះ​​ទេ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ នា​ថ្ងៃ​ទី​២២​ កញ្ញា នេះ អាជ្ញាធរ​ខេត្តសៀមរាប​បាន​ប្រកាស​ថា​​ វត្ត​អារាម​ស្ថិត​នៅ​តំបន់​បិទ​ខ្ទប់ ដែល​ជា​តំបន់​ក្រហម មិន​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​កាន់បិណ្ឌ​នោះ​ទេ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក…


ខេត្តសៀមរាប ​៖ នា​ថ្ងៃ​ទី​២២​ កញ្ញា នេះ អាជ្ញាធរ​ខេត្តសៀមរាប​បាន​ប្រកាស​ថា​​ វត្ត​អារាម​ស្ថិត​នៅ​តំបន់​បិទ​ខ្ទប់ ដែល​ជា​តំបន់​ក្រហម មិន​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​កាន់បិណ្ឌ​នោះ​ទេ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក វណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប។

រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ដាក់​ចេញ​នូវភូមិសាស្ត្រ​ចំនួន​៤​សង្កាត់ និង​ភូមិ​ចំនួន​៣ នៃ​សង្កាត់​ចំនួន២​ផ្សេងទៀត​នៃ​ក្រុង​សៀមរាប ជា​តំបន់​ក្រហម កាលពី​ថ្ងៃ​ទី១៧ ខែកញ្ញា រយៈ ពេល ១​ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា មាន​ចំណុច​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​ដំណើរ ឬ​មានការ​ជួបជុំ​ឡើយ​។

លោក វណ្ណ ប៊ុ​ណ្ណា មាន​ប្រសាសន៍​ទៀត​ថា ក្នុងភូមិនិង​សង្កាត់​ដែល​ត្រូវ​ដាក់​ជា​តំបន់​ក្រហម​នោះ ក៏​មាន​វត្ត​អារាម​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ ហើយ​សម្រាប់​រយៈពេល​ដែល​ជា​ការ​កំណត់តំបន់​ក្រហមនេះ បាន​ប៉ះ​ចំ​ថ្ងៃមួយ​ចំនួន​នៃ​ពិធី​កាន់បិណ្ឌ​នេះ​ដែរ ព្រោះ​ពិធី​កាន់បិណ្ឌ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២១ ដូច្នេះ ​ដើម្បី​អនុវត្ត​តាម​សេចក្ដីសម្រេច​របស់​រដ្ឋបាល​ខេត្ត និង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហ​មន៍​ផង​នោះ គ្រប់​វត្ត​អារាម​ទាំងអស់​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម​នោះ គឺ​មិន​អនុ​ញ្ញា​ឱ្យ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​តាម​បែប​ទំនៀមទម្លាប់​ឡើយ ប៉ុន្តែ​អាច​រៀបចំ​បានជា​លក្ខណៈ​បង្គ្រប់កិច្ច ដោយ​គ្រាន់តែ​ឲ្យ​យាយជី​តាជី​ប្រចាំ​វត្ត រៀបចំ​ជា​ចង្ហាន់​សម្រាប់​ប្រគេន​លោក​ ។

សរុប​វត្ត​នៅ​តំបន់​ក្រហម មាន​ចំនួន ១៩ វត្ត សង្កាត់​ស្វាយ​ដង្គំ មាន ៥ វត្ត សង្កាត់​ស្ល​ក្រាម ៥ វត្ត សង្កាត់​ជ្រាវ មាន ១ វត្ត និង​សង្កាត់​គោក​ចក ៨ វត្ត​។ យ៉ាងណា​ក៏​ដោយ នៅ​ថ្ងៃ​ទី ២៣ កញ្ញា ស្អែក នេះ នឹង​មានការ​ប្រជុំ​ធ្វើការ​វាយតម្លៃ នៅ​ភូមិសាស្ត្រ ដែល​បិទ​ខ្ទប់ថា តើ​សម្រេច បន្ត ឬ​លើកលែង​ការ​ដាក់​ជា​តំបន់​ក្រហមនោះ​។

លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាបបាន​មាន​ប្រសាសន៍​បន្ថែម​ថា ដោយឡែក​សម្រាប់​វត្ត​ផ្សេង​ៗ​ទៀត មានការ​រៀបចំ​ពិធី​ធម្មតា ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​តាម​បែប​ទំនៀម ទម្លាប់ តែ​ត្រូវ​អនុវត្ត​តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​វិធាន ការ​របស់​រាជរដ្ឋាភិបាល ៣​កុំ និង ៣​ការ ពារ​។

ប្រសិនបើ​មិន​គោរព​តាម​ទេ​នោះ ពិធី​នេះ​នឹង​ត្រូវ​បញ្ឈប់​ភ្លាម ដូច្នេះ​ក្នុង​ឱកាស​នេះ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ សូម​មានការ​យោគយល់ និង ចូលរួម​ទាំងអស់ គ្នា ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហ​មន៍​របស់​យើង​។ សូមរំលឹកថា រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី ១៧ ខែកញ្ញា​បាន សម្រេច​កំណត់​ជា​តំបន់​ក្រហម ក្នុងភូមិ​សាស្ត្រ​សង្កាត់ និង ភូមិ​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប ជា​បណ្តោះ អាសន្ន សម្រាប់​រយៈពេល ១ ស​ប្តា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ រួម​មាន​៖ ភូមិសាស្ត្រ​សង្កាត់​ស្ល​ក្រាម សង្កាត់​ស្វាយ​ដង្គំ សង្កាត់​គោក​ចក សង្កាត់​ជ្រាវ ភូមិ​តា​វៀន ក្នុង​សង្កាត់​សាលា​កំរើក និង ភូមិ​ព្រៃធំ ភូមិស្រ​ង៉ែ ក្នុង​សង្កាត់​ស្រ​ង៉ែ ក្នុង​គោលបំណង គឺ​ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់ គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុងភូមិ​សាស្ត្រ​កំណត់​ជា​តំបន់​ក្រហម គឺ​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឱ្យ​ឆ្លង​រាល ដាល​ទៅ​តំបន់​ផ្សេង​ទៀត រហូត​មានការ​ចេញ​សេចក្ដីសម្រេច​ជា​ថ្មី​៕​​

អត្ថបទសរសេរ ដោយ