រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកយោបល់ឲ្យមានការគិតគូពិចារណា ឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស ។
សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ឡើងវិញ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រប់សហភាពការណ៍ មិនឲ្យកើតមហន្តរាយធ្ងន់ធ្ងរ បង្កឡើងដោយជំងឺកូវីដ-១៩ និងការងារទូទៅរបស់រាជរដ្ឋាភិបាល រួមទាំងការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១នេះ ការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍ គឺជាមោទកភាពមួយ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី ។ សម្ដេចក្រឡាហោម សម្ដែងការកោតសរសើរមន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ដែលទន្ទឹមនឹងការខិតខំដោះស្រាយវិបត្តិការកូវីដ-១៩ ក៏បានខិតខំអនុវត្តយ៉ាងសកម្មក្នុការកសាងផ្លូវ ជួសជុលកែលម្អរផ្លូវជាតិ ផ្លូវរាជធានីខេត្ត បំរើដល់ការធ្វើចរាចរណ៍ប្រកដោយសុវត្ថិភាព និងជួយដល់សេដ្ឋកិច្ចជាតិ ។
សម្ដេចក្រឡាហោម ក៏បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះការរៀបចំប្រព័ន្ធដកពិន្ទុបណ្ណបើកបរអ្នកល្មើស ដែលជាវិធានការថ្មី និងងាយស្រួលក្នុងការអនុវត្ត ដើម្បីឲ្យប្រជាពលរដ្ឋអ្នកបើកបរកាន់តែមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងសម្រួលដំណើរការបង់ប្រាក់ផាកពិន័យ ។
ទន្ទឹមគ្នានេះ សម្ដេចក៏បានណែនាំឲ្យបន្តពង្រឹងវិន័យកងកម្លាំងអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការបែងចែកប្រាក់ផាកពិន័យ ឲ្យមានតម្លាភាព ដើម្បីលើកទឹកចិត្តកងកម្លាំង ។
ពាក់ព័ន្ធនឹងមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍វិញ សម្ដេចក្រឡាហោមបានកត់សម្គាល់ថា នៅតែជាបញ្ហាប្រឈម ជាពិសេសអ្នកជិៈម៉ូតូមិនពាក់មួកសុវត្ថិភាព និងអ្នកបើកបរនៅពេលយប់ ។
សម្ដេចក្រឡាហោម បញ្ជាក់អំពីភាពខ្វះខាត នៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍ នៅរាជធានីភ្នំពេញ ដោយសម្ដេចបានណែនាំ កុំឲ្យមើលស្រាលបញ្ហានេះ និងបានស្នើឲ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឲ្យបាន ពីព្រោះការងារនេះ ក៏ជាសេវាសាធារណៈ ចាំបាច់មួយជូនប្រជាពលរដ្ឋដែរ ។
សម្ដេចក្រឡាហោម ស ខេង បានលើកយោបល់ថា ឲ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នា កាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស ។ បើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្ត្រជាង ឬមួយណាចំណេញជាង ?
សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះថា «និយាយអ៊ីចឹង មិនមែនមានន័យថា លែងឲ្យមានកងកម្លាំងនគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយតម្រូវការ ដោយប្រើប្រាស់ប៉ូលិសតិច តែមានប្រសិទ្ធិភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់» ។
សម្ដេចក្រឡាហោម ក៏បានបន្តមានប្រសាសន៍ អំពីបញ្ហាប្រឈមជាសត្យានុម័ត និងអន្តនោម័តមួយចំនួន ដែលបាននិងកំពុងកើតមានឡើង ហើយមិនទាន់មានដំណោះស្រាយសមស្រប ដូចជាមូលហេតុ នៃគ្រោះថ្នាក់ រួមមានការល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ ការជិៈម៉ូតូមិនពាក់មួកសុវត្ថុភាព, កត្តាខ្វះខាតស្លាកសញ្ញា គំនូសសញ្ញា, កត្តាយានយន្តដឹកទំនិញ និងដឹកដីមួយចំនួនមិនបានចុះបញ្ជី កែច្នៃខុសបច្ចេកទេស និងបង្កបញ្ហាលើដងផ្លូវ ព្រមទាំងកត្តាយានយន្តដឹកជញ្ជូនបែបប្រមូលផ្ដុំ ដូចជារថយន្តដឹកកម្មករ និងកត្តាមួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ