ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ និងពុទ្ឋបរិស័ទ្ឋ ព្រមទាំងតាជី យាយជី ដែលស្នាក់នៅសំណាក់ធម៌លើកំពូលភ្នំរមនីយដ្ឋានទេសចរណ៍វប្បធម៌ភ្នំសំបុក មានការភ័យស្លន់ស្លោបាញ់ពន្លត់ទប់ស្កាត់អណ្តាតភ្លើងដែលបានឆាបឆេះរាលដាលដោយស្លឹកឈើ និងដើមឈើក្រៀមៗងាប់នៅលើកំពូល បណ្តាលឲ្យឆេះផ្សែងខ្មួលខ្មាញ់នៅក្បែរជើងជណ្ដើរ និងរូបបដិមាករមួយចំនួន ។
ការភ្ញាក់ផ្អើលនេះកើតមានឡើងកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ និងនាំគ្នាជួយសែងទឹកស្រោចពន្លត់អណ្តាតភ្លើងដែលបានឆាបឆេះស្លឹកឈើក្រៀម និងដើមឈើងាប់នៅតាមជើងភ្នំក្បែរជើងជណ្ដើរកុំឲ្យរាលដាលដល់កំពូលភ្នំ ហើយក៏មិនបង្កឲ្យមានការខាតបង់ ។
រមនីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំសំបុកមានទីតាំងនៅឃុំថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ហើយសព្វថ្ងៃមានតាជី យាយជី និងព្រះសង្ឃជាច្រើនអង្គ/នាក់ គង់ស្នាក់នៅប្រតិបត្តិធម៌នៅលើកំពូលភ្នំ ដោយមានជារោងអាស្រម និងព្រះវិហ៊ារ ។
គេមិនទាន់ដឹងថា មូលហេតុបណ្ដាលឲ្យមានភ្លើងឆេះរាលដាលនេះកើតឡើងបណ្តាលមកពីអ្វីនោះទេ ។ តែនៅរសៀលកើតហេតុ គឺអណ្តាតភ្លើងបានឆាបឆេះស្លឹកឈើ និងមែកឈើក្រៀមនៅតាមជើងជណ្ដើរឡើងទៅលើកំពូលភ្នំ ធ្វើអោយអ្នកស្រុកភ័យស្លន់ស្លោរនាំគ្នាជួយសែងទឹក និងវាយទប់ស្កាត់មុខភ្លើងកំឲ្យបន្តរាលដាល ។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីលោក យ៉ាន់ ហ៊ៀង បានឲ្យដឹងថា ស្ថានការណ៍ឆាបឆេះបានកើតឡើងជិត១ម៉ោងទើបស្ងប់ ក្រោយពីអាជ្ញាធរ និងអ្នកភូមិនាំគ្នាជួយពន្លត់ ។ លោកថា ការឆាបឆេះនេះមិនមានបង្កឲ្យមានអ្នករងគ្រោះទេ ហើយក៏មិនបង្កឲ្យមានការខូចខាតសម្ភារៈអ្វីដែរ ដោយសារតែការឆាបឆេះមិនកើតឡើងសន្ឋោសន្ឋៅ ៕
ចែករំលែកព័តមាននេះ