ខេត្តក្រចេះ៖ សត្វគោ ក្របី ចំនួនជិត១ពាន់ក្បាលរបស់ពលរដ្ឋនៅស្រុកស្នួល ដែលកំពុងតែគំរាមគំហែងដោយជំងឺដុំពក គឺត្រូវបានអាជ្ញាធរបើកយុទ្ឋនាការចាក់ថ្នាក់ព្យាបាល ខណៈពពួកជំងឺប្រភេទថ្មីឆ្លងតាមរយៈឈាមចម្លងដោយសត្វមូស ឬសត្វតុកកែខាំ បានកំពុងតែចម្លងពីសត្វមួយទៅសត្វមួយយ៉ាងកំហុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។

មន្ត្រីនៃមន្ទីរកិសកម្មខេត្តក្រចេះនិយាយថា សត្វពាហនគោក្របី របស់ពលរដ្ឋនៅស្រុកចំនួន២ រួមមានស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ បានប្រឈមនិងការឆ្លងលើពពួកជម្ងឺដុំពកស្បែកនេះ។ ជាមួយគ្នា មន្ត្រីនៃការិយាល័យជំនាញ បានចុះទៅចាក់វ៉ាក់សាំងក៏ដូចជាថ្នាំព្យាបាលដល់សត្វពាហនរបស់ពលរដ្ឋនៅឃុំស្វាយជ្រះ ស្រុកស្នួល ក្នុងយុទ្ឋនាការ២ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២០ និងទី២១ ខែកញ្ញា នេះ។

ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល លោក កេត សារឿន បានឲ្យដឹងថា ជម្ងឺដុំពកនេះជាប្រភេទជម្ងឺឆ្លងតាមរយះឈាមដោយខាំតគ្នា ពីពពួកសត្វមូស ក៏ដូចជាសត្វតុកកែ។ ហើយទន្ទឹមនិងការឆ្លងនារយះពេលកន្លងមក មន្ត្រីនៃការិយាល័យបស្យុព្យាបាលនៃមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យនិងអប់រំពលរដ្ឋដែលជាម្ចាស់សត្វពីរបៀបថែទាំងនិងប្រើប្រាស់ថ្នាំព្យាបាល។
លោក កេត សារឿន និយាយថា ការឆ្លងនូវប្រភេទជម្ងឺដុំពកសត្វបានកើតយ៉ាងគំហុកចាប់ពីអំឡុងឧសភារហូតមក។ តែនៅពេលនេះគឺត្រូវបានកាត់បន្ថយការឆ្លងក៏ដូចជាការងាប់របស់សត្វក្រោយពីពលរដ្ឋទទួលបានការណែនាំពីមន្ត្រីជំនាញ ពីរបៀបថែទាំក៏ដូចជាការស្វែងរកថ្នាំព្យាបាល។

តាមការបញ្ជាក់ពីមន្ត្រីជំនាញថា ចំនួនសត្វគោក្របី នៅក្នុងខេត្តក្រចេះមានចំនួនជាង៩០ម៉ឺនក្បាល ហើយក្នុងនោះអត្រាសត្វឆ្លងនូវប្រភេទជម្ងឺនេះមានចំនួនជាង៣០ភាគរយ៕




ចែករំលែកព័តមាននេះ