ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​វ៉ាក់សាំង​របស់​កម្ពុជានឹង​ត្រូវ​ពង្រឹង​បន្ថែម​ទៀតតាម​រយៈបរិក្ខារ​ប្រព័ន្ធ​ត្រជាក់ គាំទ្រ​ដោយ​ជប៉ុន និង​យូ​នី​សេ​ហ្វ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នេះ បរិក្ខារ​ចាំបាច់​សំខាន់​ៗ​សម្រាប់​ពង្រឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ត្រជាក់ ដែល​ប្រើប្រាស់​សម្រាប់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ត្រូវ​បាន​ប្រគល់​ជូន​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ឃ្លាំង​ឱសថ​កណ្ដាល ក្នុង​រាជធានី​ភ្នំពេញ​។…

រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២១ នេះ បរិក្ខារ​ចាំបាច់​សំខាន់​ៗ​សម្រាប់​ពង្រឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ត្រជាក់ ដែល​ប្រើប្រាស់​សម្រាប់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ត្រូវ​បាន​ប្រគល់​ជូន​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ឃ្លាំង​ឱសថ​កណ្ដាល ក្នុង​រាជធានី​ភ្នំពេញ​។

បរិក្ខារ​ទាំងនេះ ក្នុង​នោះ​រួម​មាន​ទូ​ក្លា​ស្សេ​វ៉ាក់សាំង​ចំនួន ២១ គ្រឿង ម៉ាស៊ីន​កំណត់​កម្លាំង​វ៉ុល​អគ្គិសនី ២១​គ្រឿង និង​ឧបករណ៍​សម្គាល់​ទូ​ក្លា​ស្សេ​សម្រាប់​ពិនិត្យ​តាមដាន សីតុណ្ហភាព ២៧១ គ្រឿង ដែល​បាន​ទទួល​ថវិកា​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន និង​ការ​គាំទ្រ​ផ្នែក​លទ្ធកម្ម​ពី​យូ​នី​សេ​ហ្វ​។ វត្តមាន​នៃ​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​ដែល​ដំណើរការ​ល្អ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នឹង​ធានា​ឲ្យ​មានការ​រក្សា​ទុក​វ៉ាក់សាំង​កូ​វី​ដ​-១៩ បាន​ល្អ និង​ធ្វើ​ឲ្យ​ការ​ផ្តល់​វ៉ាក់សាំង​និង​ថ្នាំ​បង្ការ​ជា​ប្រចាំ នៅ​ក្នុង​ប្រទេស​នេះ មាន​ដំណើរការ​កាន់តែ​ប្រសើរ​នៅ​ក្នុង​រយៈពេល​វែង​។

គិត​មក​ដល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើង​ទៅ ប្រមាណ 11.5​លាន​នាក់ ស្មើនឹង​ប្រហែល 95% នៃ​ក្រុម​ប្រជាជន​គោលដៅ​។​លទ្ធផល​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ច្រើន​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន និង​នៅ​ក្នុង​សកលលោក ដែល​នេះ​ជា​សមិទ្ធផល​មួយ​ដ៏​អស្ចារ្យ​។
ការ​ផ្ដល់​ជំនួយ​ទាន់​ពេលវេលា​ជា​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់​បន្ថែម​ពី​រាជរដ្ឋាភិបាល​ជប៉ុន គឺ​ជួយ​ព​ន្លឿ​ន​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​បន្ថែម​ទៀត ព្រោះថា​បរិក្ខារ​ទាំងនេះ​នឹង​ធានា​ថា​ការ​ចែកចាយ​វ៉ាក់សាំង​កូ​វី​ដ​-១៩ នា​ពេល​បច្ចុប្បន្ន​នេះ នឹង​មិន​ទទួល​សម្ពាធ​ខ្លាំង​ពេក​លើ​សមត្ថភាព​បច្ចុប្បន្ន និង​មិន​បង្ក​ការ​រំខាន​ដល់​សេវា​ផ្តល់​ថ្នាំ​បង្ការ​ជា​ប្រចាំ ជា​ពិសេស​ការ​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​ឡើយ​។
ការ​គាំទ្រ​នេះ គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​ឆ្លើយ​តប​ចំពោះ​ស្ថានភាព​បន្ទាន់​ពី​រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន 36.9 លាន​ដុល្លារ ដល់​ការិយាល័យ​យូ​នី​សេ​ហ្វ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិ​ក សម្រាប់​គាំទ្រ​ដល់​ប្រទេស​ចំនួន​១២ ក្នុង​ការ​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ត្រជាក់​របស់​ខ្លួន​។ ថវិកា​ចំនួន 907,588 ដុល្លារ ត្រូវ​បាន​វិភា​ជន៍​សម្រាប់​ប្រទេស​កម្ពុជា​។

បន្ថែម​លើ​បរិក្ខារ​ប្រព័ន្ធ​ត្រជាក់ ប្រទេស​ជប៉ុន​ក៏​កំពុង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពង្រឹងសមត្ថភាព​នៃ​ប្រព័ន្ធ​សុខាភិបាល ក្នុង​ការ​គ្រប់គ្រង និង​ថែទាំ​បរិក្ខារ​ទាំងនេះ ក៏​ដូច​ជា​ជួយ​រៀបចំ​ដំណើរការ​គ្រប់គ្រង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ឲ្យ​កាន់តែ​ប្រសើរ​នៅ​គ្រប់​កម្រិត​ផង​ដែរ​។

ប្រទេស​ជប៉ុន​ក៏​បាន​សន្យា​ផ្តល់​ថវិកា​ចំនួន ១​ពាន់​លាន​ដុល្លារ ដល់​កម្មវិធី​កូ​វ៉ា​ក់​សកលលោក ដែល​ជា​យន្តការ​អន្តរជាតិ​ដឹកនាំ​ដោយ​សម្ព័ន្ធ​សកល​សម្រាប់​វ៉ាក់សាំង និង​ថ្នាំ​បង្ការ (GAVI) សម្ព័ន្ធ​នវានុវត្តន៍​ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ (CEPI) អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សេ​ហ្វ​ផង​ដែរ ដើម្បី​ធានា និង​ព​ន្លឿ​ន​ការ​ទទួល​បាន​វ៉ាក់សាំង​ប្រកបដោយ​សមធម៌ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ កាលពី​ពេល​ថ្មី​ៗ​នេះ ប្រទេស​ជប៉ុន​បាន​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នឹ​កា ចំនួន​១​លាន​ដូ​ស​ដែល​ផលិត​នៅ​ជប៉ុន ផ្តល់​ជូន​ប្រទេស​កម្ពុជា​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ “​ដើម្បី​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព គេ​ត្រូវ​រក្សា​ទុក​វា​នៅ​សីតុណ្ហភាព​សម​ស្រប ដែល​នេះ​គឺជា​មុខងារ​របស់​ឧបករណ៍​ទាំងនេះ​អាច​ធ្វើ​បាន​។ យើង​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា ការ​រួមចំណែក​របស់​យើង​នឹង​ផ្តល់​នូវ​កម្លាំង​វិជ្ជមាន ដើម្បី​ជួយ​ព​ន្លឿ​ន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ឆ្ពោះទៅ​រក​ការ​ស្តារ​ឡើង​វិញ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​កន្លង​មក​។ មិត្តភាព​របស់​យើង​ជាមួយនឹង​ពលរដ្ឋ​កម្ពុជា​គឺជា​មិត្តភាព​ដ៏​សែន​ជ្រាលជ្រៅ ហើយ​យើង​សង្ឃឹមថា ការ​គាំទ្រ​នេះ​នឹង​ជួយ​ឲ្យ​មិត្តភាព​របស់​យើង​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​”​។

ក្នុង​នាម​ជា​អ្នកទិញ​វ៉ាក់សាំង​ធំ​ជាងគេ​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក យូ​នី​សេ​ហ្វ​គឺជា ស្ថាប័ន​ដឹកនាំ​ការងារ​លទ្ធកម្ម និង​ផ្គត់ផ្គង់​សម្រាប់​យន្តការ​កូ​វ៉ា​ក់​។ នៅ​កម្ពុជា យូ​នី​សេ​ហ្វ និង អង្គការ​សុខភាព​ពិភពលោក​បាន​ចំណាយពេល​បី​ទសវត្សរ៍ បំពេញ​តួនាទី​ជា​ស្ថាប័ន​ដឹកនាំ​ផ្នែក​បច្ចេកទេស ដើម្បី​គាំទ្រ​ក្រសួងសុខាភិបាល​ក្នុង​ការ​ពង្រឹង​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ ដែល​ផ្តល់​ប្រយោជន៍​ដល់​កុមារ​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។

លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិ​ថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ “​ពលរដ្ឋ​ជប៉ុន​គឺជា​មិត្ត​ដ៏​អស្ចារ្យ​របស់​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​នេះ ហើយ​នេះ​គឺជា​ការ​គាំទ្រ​ដ៏​សំខាន់ និង​ចាំបាច់​មួយទៀត​ដែល​ពលរដ្ឋ​ជប៉ុន​បាន​ផ្ដល់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​រាតត្បាត​ជា សកល​នេះ​។

ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​កម្មវិធី​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​-១៩ របស់​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ រួមចំណែក​ដល់​ការ​អនុវត្ត​ផែនការ ស្តារ​ឡើង​វិញ​របស់​ប្រទេស​នេះ និង​បន្ត​ពង្រឹងសមត្ថភាព​ផ្ដល់​ថ្នាំ​បង្ការ​។ យើង​សូម​អរគុណ​ដល់ រដ្ឋាភិបាល​ជប៉ុន​ចំពោះ​ការ​ឧបត្ថម្ភ​ដ៏​សប្បុរស ហើយ​នៅ​តែ​បន្ត​ប្ដេជ្ញា​ចិត្ត​ពេញទំហឹង​ដើម្បី​បន្ត​ការ​គាំទ្រ​របស់​យើង​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ខិតខំ​កសាង​នូវ​ប្រព័ន្ធ សុខាភិបាល​កាន់តែ​រឹង​មាំ និង​មាន​ភាព​ធន់​”៕

អត្ថបទសរសេរ ដោយ