បន្ទាយមានជ័យ ៖ ជំនន់ទឹកភ្លៀងចាប់ផ្តើមលិចហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្រុងប៉ោយប៉ែតជាបណ្តើៗ រួមទាំងផ្លូវជាតិលេខ៥ផងដែរ ខណៈព្រះភិរុណបង្អុរមកផ្ទួនៗជាប់គ្នា២ថ្ងៃ ។

ត្បិតអាជ្ញាធរក្រុងប៉ោយប៉ែត កាលពីម្សិលមិញអះអាងថា ទឹកអូរព្រំដែនមិនទាន់ហក់ឡើងពេញប្រៀបឈានដល់កម្រិតប្រកាសអាសន្ន ប៉ុន្តែថ្ងៃនេះដងផ្លូវបេតុងជាច្រើនខ្សែដែលសំខាន់ៗ,ចំណតរថយន្តក្រុង,ចំណតរថយន្តធំហៅបេនចាន និងផ្លូវជាតិលេខ៥ប្រហែលជាង២០០ម៉ែត្រត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង ។

ផ្លូវបេតុងកន្លែងខ្លះ បើកបរបានតែរថយន្ត ខណៈម៉ូតូត្រូវជិះវៀងរកផ្លូវណាដែលសុវត្ថិភាព ។ ដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវវិទ្យាល័យអូរជ្រៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតទៅដល់ចំណុចផ្លូវស្តង់តាងួនចម្ងាយប្រហែលជាង២០០ម៉ែត្រ ពេលនេះជំនន់ទឹកភ្លៀងកំពុងហូរកាត់ហើយ ។

គេមិនទាន់ដឹងថា មានការផ្អាកដំណើរការថយន្តធំ ដើម្បីបញ្ចៀសការខូចផ្លូវជាតិខាងលើ នៅពេលណា ហើយក៏មិនទាន់ដឹងថា មានពលរដ្ឋជួបបញ្ហាដោយសារភ្លៀងផ្គររន្ទះនៅឡើយដែរ ដោយសារលោកអភិបាលក្រុងប៉ោយប៉ែតចុចទូរស័ព្ទចូល គ្មានអ្នកទទួល ៕






ចែករំលែកព័តមាននេះ