អភិបាលខេត្តមណ្ឌលគិរីអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ៦ឆ្នាំដល់ ១២ឆ្នាំ
- មណ្ឌលគិរី
មណ្ឌលគិរី ៖ នៅសាលាបឋមសិក្សា ហ៊ុនសែន មនោរម្យ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ…
មណ្ឌលគិរី ៖ នៅសាលាបឋមសិក្សា ហ៊ុនសែន មនោរម្យ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ…
មណ្ឌលគិរី ៖ នៅសាលាបឋមសិក្សា ហ៊ុនសែន មនោរម្យ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ អាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ ដែលត្រូវបានគេចាត់ទុកជា យុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ-១៩ និងការបើកឲ្យដំណើរការសាលារៀនឡើងវិញ ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តបានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនដោយគ្មានការភ័យខ្លាចព្រោះកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់យុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ហើយពេលនេះបន្តចាក់វ៉ាក់សាំងដល់កុមារចន្លោះក្នុងរង្វង់ពី៦ឆ្នាំទៅ១២ឆ្នាំ ដែលតម្រូវសម្រាប់សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុងត្រៀមសម្រាប់កុមារនៅមត្តេយ្យសិក្សាក្នុងរង្វង់អាយុ៣ឆ្នាំទៅ៦ឆ្នាំវិញដែលនេះចាត់ទុកជាជំហានបន្ទាប់មួយទៀត ។
អភិបាលខេត្ត បានមានប្រសាសន៍ កោតសរសើរចំពោះប្រជាពលរដ្ឋដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុសទាំងនេះ បានបង្ហាញឲ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើងមកលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កល់ខ្ពស់ នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះស្វែងរកវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ មកចាក់អោយពលរដ្ឋបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ ។
សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ តទៅ នៅតាមទីតាំងដែលអាជ្ញាធរក្រុង/ស្រុក បានកំណត់ជូន៕
ចែករំលែកព័តមាននេះ