- ភ្នំពេញ
ភ្នំពេញ៖ នាប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងច្រើនពីបុរស ៥នាក់ ដែលនៅពេលមានបញ្ហាកើតឡើង ពិសេសទំនាស់ប្តីប្រពន្ធ ឈ្លោះទាស់ទែងគ្នា ឈានដល់លែងលះគ្នា ក៏ឃើញខាងប្រុស…
ភ្នំពេញ៖ នាប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងច្រើនពីបុរស ៥នាក់ ដែលនៅពេលមានបញ្ហាកើតឡើង ពិសេសទំនាស់ប្តីប្រពន្ធ ឈ្លោះទាស់ទែងគ្នា ឈានដល់លែងលះគ្នា ក៏ឃើញខាងប្រុស…
ភ្នំពេញ៖ នាប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងច្រើនពីបុរស ៥នាក់ ដែលនៅពេលមានបញ្ហាកើតឡើង ពិសេសទំនាស់ប្តីប្រពន្ធ ឈ្លោះទាស់ទែងគ្នា ឈានដល់លែងលះគ្នា ក៏ឃើញខាងប្រុស បានរត់ទៅបួស ជាព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា។
អ្នកទាំងនោះ រួមមាន៖ ១-អ្នកកំប្លែង លោកតាក់ស៊ី ២-លោកឧកញ៉ា ឌួង ឆាយ ៣-លោក សុវណ្ណ រិទ្ធី អ្នកព័ត៌មានតាមហ្វេសប៊ុក ៤-លោក ដែន សូនី ជាដៃគូអ្នកលក់ឡេ ឡោវ ប្រ៊ីយ៉ា និង៥-លោក ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ ដែលជាប្តីរបស់អ្នកស្រី ទ្រី ដាណា អ្នកលក់មាសពេជ្រ និងគ្រឿងសម្អាងដ៏ល្បីល្បាញ។
បុគ្គលទាំងនេះ សុទ្ធតែមានរឿងល្បីក្នុងបណ្តាញសង្គម ហើយបានរត់ទៅសាងផ្នួសដូច្នេះ នាំឲ្យមហាជនលើកឡើងច្រើន។ អ្នកខ្លះថា ជាការគេចពីច្បាប់ គេចពីបញ្ហា ជារឿងបំពុលសង្គម និងជាការសំដែង។ ខ្លះទៀត លើកឡើងថា សំណាង ដែលបានបួសមុន។ ក៏មានអ្នកយល់ឃើញថា បុគ្គលទាំងនោះ គ្រាន់តែចង់គេចពីបញ្ហាមួយរយៈ ហើយនៅពេលបួសដូច្នេះ ច្រើនតែគេលើកទោសអោយ រឺក៏លែងនិន្ទា ដូចករណីលោកឧកញ៉ា ឌួង ឆាយ ដែលបានប្រើអំពើហិង្សាលើប្រពន្ធ ហើយមានរឿងរ៉ាវក្នុងគ្រួសារ ក៏រត់ទៅបួសមួយរយៈ កាលពីខែមីនា ឆ្នាំ២០២១ នេះ។
ការកោរសក់ បួសជាព្រះសង្ឃដូច្នេះ ក៏ត្រូវបានគេយល់ថា ជាការទៅបំផ្លាញព្រះពុទ្ធសាសនាទៅវិញទេ ខណៈដែលសព្វថ្ងៃ មានអ្នកយកសាសនា ជាខែល ដើម្បីឱ្យពួកនេះ បិទបាំងភាពអាម៉ាសរបស់ពួកគេ។
យ៉ាងណាក៏ដោយចុះ អ្នកបួស ដែលកោរសក់ គ្រងស្បង់ចីវរ ក្នុងព្រះពុទ្ធសាសនា មានកាតព្វកិច្ចធំៗពីរ គឺបួស ដើម្បីបំពេញវិបស្សនាធុរៈ និងបួស ដើម្បីបំពេញគន្ថធុរៈ។ វិបស្សនាធុរៈ គឺការបំពេញនូវវិបស្សនា ការធ្វើសមាធិ ដើម្បីដុតកម្លោចនូវកិលេស ពោលគឺការកម្ចាត់ឲ្យអស់ទៅនូវលោភៈ ទោសៈ មោហៈ ដែលស្ថិតនៅក្នុងខន្ធសន្តាន។
ជាទូទៅ វិបស្សនាធុរៈនេះ គឺជាកាតព្វកិច្ចរបស់ព្រះសង្ឃ ដែលមានព្រះជន្មច្រើន កម្លាំងពលំចុះខ្សោយ បញ្ញាអន់ថយ មិនអាចសិក្សារៀនសូត្រឲ្យចេះចាំ និងស្ទាត់ជំនាញ នូវព្រះពុទ្ធោវាទ ឲ្យដូចព្រះសង្ឃក្មេងៗ ឡើយ។
ចំណែកឯគន្ថធុរៈ ជាការបំពេញនូវព្រះបរិយត្តិ។ ពោលគឺជាការសិក្សារៀនសូត្រនូវព្រះត្រៃបិដក ធម៌វិន័យ ភាសាបាលី-សំស្ក្រឹត និងវិទ្យាផ្សេងៗ ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទ ឲ្យយល់ពីព្រះពុទ្ធឱវាទ និងខ្លឹមសារជីវិត ដែលជាហេតុនាំឲ្យពួកគេ ដើរតាមគន្លងផ្លូវសុចរិត ឆ្ពោះទៅកាន់សុខសុភមង្គល។
គន្ថធុរៈនេះ គឺសម្រាប់ព្រះសង្ឃវ័យក្មេង ហើយបញ្ញា និងកម្លាំងកាយ ក៏នៅខ្លាំងក្លា ដែលអាចតស៊ូនឹងភាពលំបាកក្នុងការស្វែងរកចំណេះវិទ្យា យកទៅអប់រំ និងដឹកនាំមនុស្ស ឲ្យប្រព្រឹត្តតែអំពើល្អ។
ឯកសារ បង្ហាញថា ព្រះពុទ្ធ មិនបានបែងចែកថា ព្រះសង្ឃ មានវ័យចាស់ ត្រូវតែធ្វើវិបស្សនា ហើយព្រះសង្ឃមានវ័យក្មេង ត្រូវតែរៀនសូត្រនោះទេ។ ប្រសិនបើព្រះសង្ឃ អាចបំពេញកាតព្វកិច្ចទាំងពីរផ្នែកនេះបាន គឺរឹតតែល្អប្រសើរ គ្រាន់តែថា ប្រសិនបើព្រះសង្ឃអង្គណា មានវ័យច្រើន មិនអាចសិក្សា ឲ្យចេះចាំទេ គប្បីនិមន្តទៅធ្វើវិបស្សនា ទើបប្រសើរជាង។ រីឯព្រះសង្ឃក្មេងៗ ដែលការចងចាំនៅល្អ ហើយកម្លាំង ក៏នៅមាន គួរគប្បីសិក្សារៀនសូត្រ យកចំណេះដឹង ទៅស្រោចស្រង់មនុស្ស ឲ្យផុតទុក្ខ ទើបប្រពៃ។
តាមពិត គោលដៅអ្នកបួសធំធេងណាស់។ បួស មិនមែនបួសលេង។ បួស មិនមែនដើម្បីតែសប្បាយ។ បួស មិនមែនព្រោះគេចពីការងារផ្ទះ គេចពីបញ្ហា។ បួស មិនមែនដើម្បីសន្សំទ្រព្យ។ បួស ក៏មិនមែន ដើម្បីឋានន្តរសក្តិ ហើយបួស ក៏មិនមែនដើម្បីគេចពីអាជ្ញារដ្ឋនោះទេ។ តែបួស ដើម្បីស្វែងរកធម៌រំលត់ទុក្ខទាំងពួង ហើយដើម្បីជួយសង្គ្រោះ និងប្រោសសត្វលោកឲ្យរួចចាកទុក្ខផងដែរ។
ឯកសារ បង្ហាញថា អ្នកបួស ដែលក្លាយខ្លួនជាឧត្តមភេទ ក្រៅពីស្វែងរកមាគ៌ា ដើម្បីចេញចាកទុក្ខ ក៏មានកាតព្វកិច្ចដ៏ចាំបាច់ ក្នុងការជួយសង្គ្រោះបងប្អូន គ្រួសារ សាច់ញាតិ និងសង្គមទាំងមូល។ ការជួយសង្គ្រោះនេះ គឺមានរូបភាពផ្សេងៗគ្នា ដូចជា អប់រំ ទេសនាប្រៀនប្រដៅ និងជួយតម្រង់ទិដ្ឋិតាមព្រះពុទ្ធោវាទ ជាដើម។
ក្រៅពីនោះ ក្នុងសង្គមយើង ក៏មានអ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានសម្រេចចិត្តសាងផ្នួស រយៈពេលខ្លី ត្រឹមមួយសប្តាហ៍ ដើម្បីបំពេញកតញ្ញូតាធម៌ ចំពោះឪពុកម្តាយរបស់ខ្លួន និងដើម្បីស្វែងយល់អំពីព្រះធម៌ ជាពិសេសសីលធម៌ និងចរិយាធម៌ក្នុងព្រះពុទ្ធសាសនា។ ការបួសរយៈពេលខ្លីនេះ ច្រើនធ្វើឡើងនៅពេលបុណ្យសព និងពេលមានពិធីបុណ្យព្រះពុទ្ធសាសនា ដូចជា ពិធីបុណ្យវិសាខបូជា មាឃបូជា ជាដើម។
យ៉ាងណាក៏ដោយចុះ បួសជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដោយបួសយូរ ឬបួសរយៈពេលខ្លី សុទ្ធតែបានបុណ្យ និងដើម្បីឲ្យអារម្មណ៍ស្ងប់រម្ងាប់។ បើបុគ្គលអ្នកបួសនោះ គោរព ប្រតិបត្តិបានខ្ជាប់ខ្ជួននូវធម៌វិន័យតាមមាគ៌ាព្រះពុទ្ធសាសនា នោះនឹងកើតជាកុសលផលបុណ្យ។ តែបើថា បួស ដើម្បីគេចពីបញ្ហា កុំឲ្យគេចាប់យកទៅកាត់ទោស ក្នុងអំពើល្មើសរបស់ខ្លួន គឺមិនបានបុណ្យ ហើយការកោរសក់បួសនោះទៀតសោត ក៏មិនអាចជួយបានដែរ។
កន្លងមក ក៏មានមិនតិចទេ បុគ្គលអ្នកបួសខ្លះ ប្រព្រឹត្តខុស ក្នុងភាពជាបុព្វជិត ធ្វើខុសធម៌វិន័យ និងច្បាប់រដ្ឋ រួមមាន លួចលាក់មានស្រី ឈានដល់ការសេពមេថុនធម្ម ឬ សេពសន្ថវៈ រួមបវេណី ឬក៏ចាប់រំលោភ ហើយក៏មានខាងស្រីប្តឹងផ្តល់ ជាដើម។ ក្នុងនោះ ក៏មានអ្នកបួសខ្លះទៀត ជាព្រះសង្ឃក្លែងក្លាយ ត្រឹមតែកោរសក់ ស្លៀកស្បង់ចីវរ ហើយដើរបិណ្ឌបាត្រ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ករណីទាំងនេះ ព្រះសង្ឃបារាជិក ត្រូវបានចាប់ផ្សឹក ហើយនាំទៅកាត់ទោសតាមច្បាប់ជាហូរហែ។
យ៉ាងណាក៏ដោយចុះ ក្នុងករណីបុគ្គលមានបញ្ហាជីវិត ទាំងប្រព្រឹត្តល្មើស ប្រើអំពើហិង្សា ជាដើម រួមទាំងមានបញ្ហាស្មុគស្មាញ គិតដោះស្រាយមិនចេញ គឺគួរតែស្វែងរកអ្នកប្រឹក្សាយោបល់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានោះ ឬក៏ជួបពេទ្យចិត្តសាស្ត្រ ជាជាងរត់ទៅបួស ជ្រកក្រោមស្បង់ចីវរ។ តែបើបួសហើយ ខំរៀនធម៌អារ្យ ប្រតិបត្តិធម៌វិន័យ តាមឧបជ្ឈា និងហាត់ពន់ចិត្តចាប់យកព្រះធម៌ ឲ្យចិត្តស្ងប់រំងាប់ នោះជាការប្រសើរ។ ផ្ទុយទៅវិញ បើទៅបួស តែមិនសង្រួម មិនស្តាប់ឧបជ្ឈា ដូចករណីមួយចំនួន ដែលកូនប្រុសញៀនថ្នាំ ប្រដៅមិនតាម មិនស្តាប់ ហើយយកទៅបួសនៅវត្ត នោះអាចជាបញ្ហាទៅវិញ។
ដូច្នេះជារួម ការបួសរៀនធម៌ មិនកំណត់ពីប្រភេទកុលបុត្រ ទាល់តែយ៉ាងនេះ ទាល់តែយ៉ាងនោះ ទើបអាចទៅបួសបាននោះទេ។ ការបួស ឲ្យតែមានការស្ម័គ្រចិត្តពីបុគ្គល និងយល់ព្រមពីឪពុកម្តាយ អាចបួសបានហើយ។ ការបួស ក៏មិនកំណត់ពេលខ្លី ឬវែង ក្នុងភាពជាបុព្វជិតឡើយ។ សំខាន់ៗ បុគ្គលអ្នកបួសនោះ គោរពប្រតិបត្តិ ចេះសង្រួម តាមធម៌វិន័យព្រះពុទ្ធសាសនាឲ្យបានខ្ជាប់ខ្ជួន មិនបង្កបញ្ហាក្នុងភេទជាអ្នកបួស ជាបុព្វជិត នោះមិនធ្វើឲ្យខូចព្រះពុទ្ធសាសនា ឬត្រូវអាប់អោនឡើយ។
ព្រះពុទ្ធសាសនា រុងរឿង ឬអន់ថយ អាស្រ័យលើព្រះសង្ឃ និងពុទ្ធបរិស័ទ ជាអ្នកគោរព និងប្រណិប័តន៍ មិនមែនអាស្រ័យទាំងស្រុង តែលើបុគ្គលអ្នកបួសថ្មី ឬអ្នកបួសចាស់ប៉ុន្មាននាក់នោះទេ៕
ចែករំលែកព័តមាននេះ