ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តសៀមរាប ព្រមានបិទខ្ទប់ក្រុង​សៀមរាប ដើម្បីទប់ស្កាត់កូវីដ ដោយសារតែ​ប្រជាពលរដ្ឋមួយចំនួន មិនសហការ

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នៅព្រលប់ថ្ងៃទី១៦ ខែកញ្ញានេះ លោក ទៀ សីហា អភិបាល​ខេត្តសៀមរាប ​បាន​ព្រមាន ដាក់ក្រុងសៀមរាប ជាតំ​បន់ក្រហម…

ខេត្តសៀមរាប៖ នៅព្រលប់ថ្ងៃទី១៦ ខែកញ្ញានេះ លោក ទៀ សីហា អភិបាល​ខេត្តសៀមរាប ​បាន​ព្រមាន ដាក់ក្រុងសៀមរាប ជាតំ​បន់ក្រហម ដែលត្រូវបិទខ្ទប់ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩។ មូលហេតុ ត្រូវ​បានលោកអភិបាលខេត្ត លើកឡើងថា ដោយសារតែមាន​ប្រជាពលរដ្ឋមួយចំនួន មិនសហការ​ជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បី​ទប់ស្កាត់ការឆ្លងរាល​ដាល​ជំងឺកូវីដ១៩ ក្នុងសហគមន៍ឡើយ។​

នៅលើហ្វេស​ប៊ុក នៅព្រលប់ថ្ងៃទី១៦ ខែកញ្ញានេះ លោក ទៀ សីហា លើកឡើងថា «ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ ខ្ញុំបាទសូមការយោគ​យល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់​ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត»។

លោកអភិបាលខេត្តសៀមរាប អំពាវនាវថា «សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពី គ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ។ រស់នៅតាមបែបគន្លងថ្មី។ ការពារខ្លួនឯង ស្នើនឹងការពារ​ក្រុមគ្រួសារ​របស់​លោកអ្នក។ ក្នុងនោះ ក៏ត្រូវអនុវត្ត ៣ការពារ គឺត្រូវពាក់ម៉ាស់ ត្រូវលាងដៃ និងត្រូវរក្សាគម្លាតបុគ្គល។ ៣កុំ ត្រូវកុំ​​នៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ និង​កុំនៅប៉ះពាល់គ្នា។

ជាមួយគ្នានោះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកអភិបាលខេត្តសៀមរាប លើកឡើងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ​ហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យ​នៃជំងឺកូវីដ-១៩។ អាជ្ញាធរយើង​  បានខិតខំណែនាំហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែមិនស្តាប់ មិនចូលរួម​។  

ដូច្នេះ លោក​អភិបាលខេត្ត លើកឡើងថា លោកត្រូវបង្ខំចិត្ត អោយក្រុមការងារចាត់វិធានការចំពោះបងប្អូនមួយចំនួន ដែលបន្តជួបជុំផឹកស៊ី ដើម្បីផាកពិន័យ និងដាក់ទោសតាមច្បាប់។

លោកទៀសីហា លើកឡើងថា «សូមបងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វី ដែលខុសពីការណែនាំ ព្រោះ៖ បងប្អូនអាច​ប្រឈមនឹងផ្លូវច្បាប់ បងប្អូនអាចត្រូវបិទ អាជីវកម្ម បិទហាង បាត់បង់ការងារ បងប្អូនអាច ឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា បងប្អូននឹងអាចធ្វើអោយបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹក សប្បាយក្នុងមួយគ្រា»។

លោកអភិបាលខេត្តសៀមរាប ក៏សូមអង្វរ និងអំពាវនាវម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្ត គ្រប់គ្រងកូនចៅឲ្យ​បានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយ ដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល។

សូមរម្លឹកថា ក្នុងរយៈពេលចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងប្រទេស កើនឡើង​ដល់ជិត ៧០០នាក់ ក្នុង ១ថ្ងៃៗ។ ក្នុងនោះ នៅខេត្តសៀមរាបច្រើនជាងគេ បន្ទាប់មកនៅភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture