ស្រុកគងពិសី ៖ កុកអាចនឹងភ្លេចជុង តែជុងមិនភ្លេចកុកឡើយ ។ ជាក់ស្តែង ដូចជនសង្ស័យរូបនេះ រត់គេចខ្លួនអស់រយ:ពេលជាច្រើនឆ្នាំមកហើយនៅតែបន្តអាជីពចាស់ តែចុងក្រោយក៏ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកឃាត់ខ្លួនយកទៅអោយដេកបាយគុកវិញដដែល ។

សមត្ថកិច្ចបានប្រាប់ថា ជនត្រូវចោទត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវិញ កាលពីល្ងាចថ្ងៃទី១៥ កញ្ញា ស្ថិតនៅចំណុចភូមិក្រាំងឃ្នង ឃុំស្រង់ តាមដីកាចំនួន២ ។ ជនសង្ស័យឈ្មោះ ឡុង ប៊ុនណាត ហៅ ហៀប ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលចាប់ឃាត់ខ្លួននាពេលនេះគឺ ទី១-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២១៥៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ របស់លោក កែវ សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ទី២-ដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ៣៧២ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក ហង់ ស៊ីថា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ បានលួចរត់ចេញពីពន្ធនាគារកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ជាមួយពិរុទ្ឋជននិងទណ្ឌិតជាច្រើនរូបទៀត។តាមប្រភពគឺក្រោយពេលរត់រួចពីពន្ឋនាគារជននេះ បានរត់ទៅលាក់ខ្លួននៅផ្ទះបងប្អូនឯខេត្តប៉ៃលិន អស់រយ:ពេលជាច្រើនឆ្នាំ ។ លុះក្រោយមក ក៏លបចូលមកផ្ទះវិញ ហើយធ្វើសកម្មភាពជួញដូរថ្នាំញៀនដោយគ្មានញញើតច្បាប់បន្តិចសោះឡើយ ចុងក្រោយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ឋនាគារវិញដើម្បីទុកអោយរងយកលាការពមកចារណាកាត់ទោសជននេះ ទៅតាមទង្វើដែលគេបានប្រព្រឹត្ត៕

ចែករំលែកព័តមាននេះ