ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​ថ្មី​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​អនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធា​ថ្មី របស់​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម នៅ​អគ្គ​បញ្ជាការដ្ឋាន ។

ក្នុង​ឱកាស​នោះ លោក​វរសេនីយ៍ឯក Thang Jacky Ly បាន​ជម្រាប​ជូន​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ពី​គោលបំណង​នៃ​ការ​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ដោយ​ទី​១ ធ្វើការ​សិក្សា​ស្វែង​យល់​ពី​វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ប្រទេស​កម្ពុជា ទី​២ ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ថ្នាក់ដឹកនាំ នៃ​កង​យោធពលខេមរភូមិន្ទ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ ។

ក្នុង​កិច្ច​ឆ្លើយ​តប នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​មាន​តាំងពី​ឆ្នាំ​១៩៥០ ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​នៅ​តែ​មាន​ជំហរ​រក្សា​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​។

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាមេរិក ដែល​ថ្មី​ៗ​នេះ បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ផ្ដល់​វ៉ាក់សាំង​ចំនួន ១​លាន ៦​សែន​ដូ​ស រួម​ទាំង​សម្ភារ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ទៀត ។ ក្រៅពី​នោះ សហរដ្ឋអាមេរិក​នៅ​បាន​ផ្ដល់​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ដូច​ជា​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ការ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជាដើម ។

នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នា​ពេល​កន្លង​មក ក្នុង​ការ​ស្រាវជ្រាវ​រុករក​អដ្ឋិធាតុ​កងទ័ព​អា​មេ​រិ​ក ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​អំពើ​ភេរវកម្ម ការ​ជួញដូរ​មនុស្ស ក៏​ដូច​ជា​ការ​ហ្វឹកហ្វឺន​ឆ្មាំ​អង្គរ និង​ការ​កសាង​កម្លាំង​របស់​កង​យោធពលខេមរភូមិន្ទ ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅ​អង្គការសហប្រជាជាតិ និង​លំហរ​សមុទ្រ​ផង​ដែរ ។

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​មាន​ជំនឿ​ថា ទៅ​ថ្ងៃ​អនាគត សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ដោយ​ឈរ​លើ​គោលការណ៍​គោរព​អធិបតេយ្យភាព ការ​គោរព​គ្នា និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​កម្ពុជា​នៅ​តែ​ចាត់​ទុក​សហរដ្ឋអាមេរិក​ជា​មិត្ត​ល្អ​របស់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ