ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវការពារកូវីដឲ្យបានម៉ឺងម៉ាត់ ក្នុងឱកាស​នៃពិធីបុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខាងមុខនេះ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២១ រដ្ឋ​បាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន…

ខេត្តសៀមរាប៖ នាថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២១ រដ្ឋ​បាលខេត្តសៀមរាប បានចេញសេចក្ដីណែនាំ ស្ដីពី ការរៀបចំបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ដោយអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ត្រូវអប់រំ ផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ- ១៩ ដល់ប្រជាពលរដ្ឋ ឲ្យ​បាន​ម៉ឺងម៉ាត់។

សេចក្តីណែនាំ​ លើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដែលពិធីនេះ បានបើកឱកាសប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទបំពេញបុណ្យកុសល តាមសទ្ធាជ្រះថ្លា ជូនបុត្រា បុត្រី បងប្អូន សិស្ស និស្សិត មន្រ្តីរាជការ និងប្រជាខ្មែរ ទាំងក្នុងនិងក្រៅប្រទេស មានលទ្ធភាព​ធ្វើបដិការគុណ គោរពតប ស្នងសងគុណមាតាបិតា ជីដូនជីតា អាណាព្យាបាល គ្រូឧបជ្យាយាចារ្យ តាមជំនឿ និងបានរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ ជំនឿសាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លា របស់ជាតិឲ្យបានគង់វង្ស​។

សេចក្ដីណែនាំ បានបញ្ជាក់បន្ថែមថា ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌនេះ រដ្ឋបាល​ខេត្តសៀមរាប បានធ្វើការណែនាំដល់គ្រប់បណ្ដាមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ជាពិសេសមន្ទីរធម្មការនិងសាសនា ត្រូបង្កើនការយកចិត្តទុកដាក់អប់រំ ផ្សព្វផ្សាយ និង បង្កលក្ខណៈឲ្យបានល្អប្រសើរដល់ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទ បានចូលរួមបំពេញបុណ្យកុសលជាប្រពៃណី នៅតាមវត្តអារាម នៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្ដាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា ទៅតាមលំអាននៃប្រពៃណីព្រះពុទ្ធសាសនា និង​ទំនៀមទំលាប់ជាតិ ពិសេស គឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ និង ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍​។

គួររំលឹកថា ដើម្បីរៀបចំឲ្យបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា និង​ចូលរួមបដិបត្តិតាមសេចក្ដីណែនាំនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អាជ្ញាធរដែនដី តាមសភាពជាក់ស្ដែងនៃទីកន្លែងនីមួយៗ ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់ផ្ដាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ ក្រសួងធម្មការ និង​សាសនា បានធ្វើការណែនាំដល់គ្រប់​មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈ ឲ្យបានល្អប្រសើរ ដោយត្រូវរៀបចំបោសសម្អាតបូជនីយដ្ឋាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុ និងរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជាពិសេសត្រូវធ្វើការពាក់ម៉ាស់ វាស់កម្ដៅ រក្សាអនាម័យ សាងដៃជាមួយសាប៊ូ ឬ អាល់កុល ជែល និង​រក្សាគម្លាតសុវត្ថិភាពសង្គម​ បុគ្គល ជាពិសេសគឺត្រូវប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ​។

ជាមួយគ្នានេះដែរ លោក វណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការ និង​សាសនា ខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីអនុវត្តតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួងធម្មការ និង សាសនា ឲ្យកាន់តែមានប្រសិទ្ធភាពនោះ កន្លងទៅថ្មីៗនេះ មន្ទីរបានធ្វើការអប់រំ ណែនាំ និង ផ្សព្វផ្សាយដល់ព្រះចៅអធិការវត្ត គណៈកម្មការ និង​អាចារ្យវត្ត គ្រប់វត្តនៅទូទាំងខេត្ត ត្រូវចូលរួមអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាលឲ្យម៉ឺងម៉ាត់ ជាពិសេសវិធានការ​របស់រាជរដ្ឋាភិបាល គឺ ៣កុំ និង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន​។

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរធម្មការ និង​សាសនា ខេត្តសៀមរាប ក៏បានអំពាវនាវដល់ព្រះសង្ឃ និងប្រជា​ពុទ្ធបរិស័ទទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការ​ឲ្យខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសនេះពិធីបោះបាយបិណ្ឌ ត្រូវបង្កើនការត្រួតពិនិត្យ ឬផ្អាកពិធីនេះ បើសិនជាមានការ​ចាំបាច់ណាមួយ​ជាដើម៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ