ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ យល់ព្រមចុះឈ្មោះ «គណបក្ស​កែទម្រង់កម្ពុជា» ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ បានចេញលិខិត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១…

រាជធានីភ្នំពេញ​៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួងមហាផ្ទៃ បានចេញលិខិត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្រេចចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» សរសេរជាអក្សរកាត់ (គ.ក.ក) នៅក្នុង​បញ្ជីគណបក្សនយោ​បាយ។​ គណបក្សថ្មីនេះ បង្កើតឡើងដោយ​លោក អ៊ូ ច័ន្ទរ័ត្ន និង​លោក ​ប៉ុល ហំម អតីត​ថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណ​បក្សសង្គ្រោះជាតិ​។

គណ​បក្សកែទម្រង់កម្ពុជា មានអាស័យដ្ឋាននៃទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានលើកឡើង​ថា គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពី គណបក្សនយោបាយ លិខិតបដិដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

សូម​រម្លឹកថា គិត​មកដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ មាន​អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប ២៦​នាក់​ហើយ បានស្នើ​សុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងចំណោម​អ្នកនយោបាយ ១១៨​នាក់ ដែល​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល ៥​ឆ្នាំ តាម​អំណាច​ដីកា​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាំង ២៦​នាក់ រួមមាន​៖ ១- លោក គង់ គាំ ២-​លោក គង់ បូរ៉ា ៣-​លោក ស៊ីម សុវណ្ណនី ៤-​លោក ច័ន្ទ សិលា ៥- លោក រៀល ខេមរិន្ទ ៦- លោកស្រី ទេព សុ​ទ្ធី ៧- លោក កង គឹម​ហាក់ ៨- លោក ជីវ កត្តា ៩- លោក សុន ឆ័យ ១០- លោក តាវ គឹម​ឈន ១១- លោក វ៉ា សាម៉ុន ១២- លោក ស៊ុន សុ​ភ័​ក្រ ១៣- លោកស្រី លី ស្រី​វី​ណា ១៤- លោក អ៊ូ ច័ន្ទ​រ័ត្ន ១៥- លោក ថាច់ សេដ្ឋា ១៦- លោក យ៉ែម បុញ្ញឫទ្ធិ ១៧- លោក មុត ចន្ថា ១៨- លោក ជុំ ច័ន្ទ​ដា​រិ​ន ១៩- លោក ទួត យឿ​ត ២០- លោក ឡា​ត់ លិ​តេ​យ្យ ២១- លោក ឡុង គឹម​ឃ​ន ២២- លោកស្រី យង់ ផាន់​ណេ​ត ២៣- លោក ប៉ុល ហំ​ម ២៤-​លោក ផាន់ ច័ន្ទ​សាក់ ២៥-​លោក ឃឹម ឡាក់​គី និង​២៦-​លោក ម៉ៅ សុផល​។​

​ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម និង​បង្កើត​គណបក្ស​ថ្មី យ៉ាងហោចណាស់ ៦​គណបក្ស រួមមាន​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​គង់​គាំ ចូលរួម​ដឹកនាំ​ជាមួយ​កូនប្រុស​ពៅ ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ និង​៦-​គណបក្ស​បេះដូង​ជាតិ ដែល​បង្កើត​ដោយ​ក្រុម​លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ​៕​ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ