ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រឡាហោម ស ខេង ទុកពេល ១៥ថ្ងៃ ឲ្យគណបក្សបេះដូងជាតិ កែសម្រួល និងបំពេញ​ឯកសារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត…

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត ប្រាប់​ទៅ​តំណាង​គណបក្ស​បេះដូង​ជាតិ ឲ្យ​កែសម្រួល និង​បំពេញ​ឯកសារ ដើម្បី​ចុះបញ្ជី​គណបក្ស​ថ្មី​នេះ​។ សម្តេច​ក្រឡាហោម ស ខេង បាន​ព្រមាន​មិន​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ ហើយ​ទុកពេល​ឲ្យ ១៥​ថ្ងៃ ដើម្បី​កែតម្រូវ និង​បំពេញ​ឯកសារ​ទាំងនោះ​។​

​គណបក្ស​បេះដូង​ជាតិ បង្កើតឡើង​ដោយ​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន លោក សៀម ភ្លុក ជា​តំណាង​ស្ថាបនិក​។​

​ក្នុង​លិខិត សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា «​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ ខ្ញុំ​សូម​ជម្រាប​មក​លោ​កថា ក្រសួងមហាផ្ទៃ បានធ្វើការ​រំលឹក ចំនួន​២(​ពីរ​) លើក​រួចមកហើយ ចំពោះ “​គណបក្ស​បេះដូង​ជាតិ​” ដើម្បីឱ្យ​ធ្វើការ​កែសម្រួល​ខ្លឹមសារ នៃ​លក្ខន្តិកៈ​គណបក្ស តាម​លិខិត​ដូច​ចុះ​ក្នុង​យោង​ខាងលើ​។ ប៉ុន្តែ​គណបក្ស​នេះ នៅតែ​មិន​អនុវត្តតាម​ស្មារតី នៃ​លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ដោយ​ពុំ​កំណត់​អំពី​វិធាន នៃ​ការបញ្ចូល​សមាជិកភាព ទៅក្នុង​លក្ខន្តិកៈ​គណបក្ស ស្របតាម​បញ្ញត្តិ​មាត្រា​១០ ត្រង់ចំណុច​៤ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​»​។​

​សម្តេច​ក្រឡាហោម ស ខេង បន្ថែម​ក្នុង​លិខិត​ថា «​ដូច្នេះ ក្រសួងមហាផ្ទៃ ស្នើឱ្យ​គណបក្ស​បេះដូង​ជាតិ ធ្វើការ​កែសម្រួល​ខ្លឹមសារ​ក្នុង​លក្ខន្តិកៈ​គណបក្ស ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​បញ្ញត្តិ​មាត្រា​១០ ត្រង់ចំណុច​៤ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ រួចហើយ​ត្រូវ​ផ្ញើ ជូន​មក​ក្រសួងមហាផ្ទៃ​វិញ ក្នុង​រយៈពេល​យ៉ាងយូរ ១៥ (​ដប់​ប្រាំ​)​ថ្ងៃ ចាប់ពី​ថ្ងៃ​ទទួល​លិខិត​ជូនដំណឹង​នេះ ជា​កំហិត​។ ក្នុងករណី នៅតែ​មិន​អនុវត្តតាម​ស្មារតី នៃ​លិខិត​ជូនដំណឹង​នេះ ក្រសួងមហាផ្ទៃ នឹង​សម្រេច​មិន​ចុះឈ្មោះ​គណបក្ស​បេះដូង​ជាតិ ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​នោះឡើយ​»​។​

កាល​ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ​បានចេញលិខិត​អនុញ្ញាត​​ឲ្យ​​បង្កើត​គណ​បក្ស​បេះដូងជាតិ តាមលិខិត​ស្នើសុំ​របស់លោក សៀម ភ្លុក​ ជាតំណាង​ស្ថាបនិក​គណ​បក្សថ្មីនេះ​។ តែ​ក្រសួងមហាផ្ទៃ តម្រូវ​ឲ្យ​​បំពេញ​លក្ខខណ្ឌ និងឯកសារ​មួយចំនួន ដើម្បី​ចុះ​បញ្ជី​គណ​បក្សថ្មីនេះ ​ឲ្យស្របតាមច្បាប់។

​សូម​រម្លឹកថា គិត​មកដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២១ មាន​អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប ២៦​នាក់​ហើយ បានស្នើ​សុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្នុងចំណោម​អ្នកនយោបាយ ១១៨​នាក់ ដែល​ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ រយៈពេល ៥​ឆ្នាំ តាម​អំណាច​ដីកា​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​អតីត​តំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាំង ២៦​នាក់ រួមមាន​៖ ១- លោក គង់ គាំ ២-​លោក គង់ បូរ៉ា ៣-​លោក ស៊ីម សុវណ្ណនី ៤-​លោក ច័ន្ទ សិលា ៥- លោក រៀល ខេមរិន្ទ ៦- លោកស្រី ទេព សុ​ទ្ធី ៧- លោក កង គឹម​ហាក់ ៨- លោក ជីវ កត្តា ៩- លោក សុន ឆ័យ ១០- លោក តាវ គឹម​ឈន ១១- លោក វ៉ា សាម៉ុន ១២- លោក ស៊ុន សុ​ភ័​ក្រ ១៣- លោកស្រី លី ស្រី​វី​ណា ១៤- លោក អ៊ូ ច័ន្ទ​រ័ត្ន ១៥- លោក ថាច់ សេដ្ឋា ១៦- លោក យ៉ែម បុញ្ញឫទ្ធិ ១៧- លោក មុត ចន្ថា ១៨- លោក ជុំ ច័ន្ទ​ដា​រិ​ន ១៩- លោក ទួត យឿ​ត ២០- លោក ឡា​ត់ លិ​តេ​យ្យ ២១- លោក ឡុង គឹម​ឃ​ន ២២- លោកស្រី យង់ ផាន់​ណេ​ត ២៣- លោក ប៉ុល ហំ​ម ២៤-​លោក ផាន់ ច័ន្ទ​សាក់ ២៥-​លោក ឃឹម ឡាក់​គី និង​២៦-​លោក ម៉ៅ សុផល​។​

​ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម និង​បង្កើត​គណបក្ស​ថ្មី យ៉ាងហោចណាស់ ៦​គណបក្ស រួមមាន​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​គង់​គាំ ចូលរួម​ដឹកនាំ​ជាមួយ​កូនប្រុស​ពៅ ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ និង​៦-​គណបក្ស​បេះដូង​ជាតិ ដែល​បង្កើត​ដោយ​ក្រុម​លោក អេង ឆៃអ៊ាង និង​លោកស្រី មូរ សុខ​ហួរ​៕​