ខេត្តតាកែវ ៖ លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មន្ត្រីជំនាញសុខាភិបាលបានធ្វើតេស្តរកឃើញអ្នកជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីចំនួន៦៣នាក់បន្ថែមទៀត ដែលនាំអោយខេត្តតាកែវមានអ្នកផ្ទុកជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ ដែលតា កើនឡើងរហូតដល់៧៧នាក់នាក់ហើយ។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្តទៀតថា អ្នកជំងឺបំប្លែងខ្លួនថ្មីប្រភេទ ដែលតា ទាំង៦៣នាក់ដែលត្រូវមន្ត្រីសុខាភិបាលបានរកឃើញ គឺភាគច្រើនមានទីលំនៅក្នុងស្រុកព្រៃកប្បាស់ ស្រុកត្រាំកក់ និងស្រុកអង្គបុរី។ ហើយការរកឃើញអ្នកឆ្លងជំងឺបំប្លែងខ្លួនថ្មីប្រភេទ ដែលតា ដ៏ច្រើននេះ គឺមានភាពយឹតយ៉ាវ ដោយសារតែបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីរាជធានីភ្នំពេញ មិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយការផ្ទុះមេរោគបំប្លែងខ្លួនថ្មីប្រភេទ ដែលតា នៅពេលនេះ គឺជាការឆ្លងនៅក្នុងសហគមន៍ មិនមានការនាំចូលមកពីក្រៅប្រទេសនោះទេ ។
ចំពោះអ្នកជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី ដែលតា ទាំង៦៣នាក់ខាងលើ ត្រូវបានអាជ្ញាធរបញ្ចូនមកព្យាបាលនៅអូតែល ខេត្តចាស់ដែលអាជ្ញាធរបានរៀបចំធ្វើការព្យាបាលដាច់ដោយឡែកពីគេ ។ ដោយឡែកចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃ យើងមិនបានរកឃើញមេរោគបំប្លែកខ្លួនថ្មីទៀតនោះទេ ក្រៅតែពីពលករ១១នាក់ដែលបានរកឃើញកាលពីពេលកន្លងទៅ។
គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តតាកែវ រហូតមកដល់ពេលនេះ គឺមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧១៨២នាក់ ក្នុងនោះប្រភេទជំងឺបំប្លែងខ្លួនថ្មី ដែលតា ចំនួន៧៧នាក់ និងមានអ្នកជំងឺដែលបានធ្វើការព្យាបាលសះស្បើយចំនួន៦១៥៤នាក់ និងមានអ្នកស្លា.ប់ដោយសារជំងឺកូវីដ១៩ មានចំនួន១៨១នាក់ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តនោះ គឺសម្រេចបានជាង៩០ភាគរយហើយ បើគិតរហូតមកដល់ពេលនេះ៕
ចែករំលែកព័តមាននេះ