រដ្ឋបាលខេត្តសៀមរាបសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមិនអនុវត្តគោរពដដែល
- សៀមរាប
ខេត្តសៀមរាប ៖ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបចេញសេចក្តីសម្រេចលេខ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា «តំបន់លឿងទុំ» នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាបរួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ការចុះប្រតិបត្តិការនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដឹកនាំដោយលោកអភិបាលរងខេត្ត និង ប្រធានមន្ទីរទេសចរណ៍ ព្រមទាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានជាច្រើននាក់ ផងដែរ។ សូមបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលធ្លាប់បានអប់រំ ផ្សព្វផ្សាយជាបន្តបន្ទាប់តាមគ្រប់រូបភាព ប៉ុន្តែបងប្អូននៅតែមិនចូលរួមអនុវត្តឱ្យបានហ្មត់ចត់ ឬមិនយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់សមត្ថកិច្ចនោះឡើយ។

ដូចនេះ ដើម្បីជាផលប្រយោជន៍នៃសុខ ភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ សមត្ថកិច្ចនឹងចុះល្បាតគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រក្នុងក្រុងសៀមរាប។ ចំពោះបុគ្គលទាំងឡាយណាមិនអនុវត្តតាមវិធានការរដ្ឋបាល នឹងត្រូវផ្តន្ទាទោសតាមខ្លឹមសារមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនឹងចូលរួមក្នុងអនុវត្តសេចក្តីសម្រេចខាងលឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការចូលរួមកាត់ផ្តាច់ជំងឺកូវី-១៩ចេញពីសហគមន៍
យើង៕











ចែករំលែកព័តមាននេះ