ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ ស ថេ​ត ៖ កុំ​ចាំ​ប្រជាពលរដ្ឋ​រាយការណ៍​មក ទើប​មន្ត្រី​ចាប់ផ្តើម​ធ្វើ​សៀវភៅ​គ្រួសារ​ជូន!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ កញ្ញា ២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ កញ្ញា ២០២១​នេះ បាន​លើក​ឡើង​ថា «​បម្រើ​រាស្ត្រ​ឲ្យ​បាន​ល្អ គឺជា​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​» ។ ការ​លើក​ឡើង​បែប​នេះ ដោយសារ​មាន​ប្រជាពលរដ្ឋ ដែល​ធ្វើ​សៀវភៅ​គ្រួសារ ៣​ទៅ​៤​ខែ​ហើយ នៅ​ឡើ​យមិន​ទាន់​បាន​ទៀត ក៏បាន​រាយការណ៍ ចូល​មក​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ភ្លាម​ៗ​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ឆ្លើយ​តប​ថា «​អរគុណ ក្រុមការងារ​នឹង​ស្រាវជ្រាវ​ករណី​នេះ​» ។

ក្រោយ​ពី​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ និង​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ជា​ប្រចាំ​របស់​ឧត្តមសេនីយ៍ឯក ស ថេ​ត ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ទាក់ទង​ទៅ​មន្ត្រី​ថ្នាក់​ក្រោម ដើម្បី​ធ្វើការ​ស្រាវជ្រាវ ដោះស្រាយ និង​រៀបចំ​ធ្វើ ប្រគល់​ជូន​ប្រជាពលរដ្ឋ​ភ្លាម​ៗ ផង​ដែរ ។

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ទៅ​មន្ត្រី​ថ្នាក់​ក្រោម​តាម​បណ្តា​ខណ្ឌ ប៉ុស្តិ៍ ថា សូម​ធ្វើការ​ដោយ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ កុំ​រង់ចាំ​ប្រជាពលរដ្ឋ​រាយការណ៍​មក ទើប​ចាប់ផ្តើម​ធ្វើ ។

សូម​បញ្ជាក់​ថា កន្លង​មក ការ​ធ្វើ​សៀវភៅ​គ្រួសារ ជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត តែ​ពេល​នេះ លែង​ពិបាក​សាំញ៉ាំ​ច្រើន​ទៀត​ហើយ សៀវភៅ​គ្រួសារ ត្រូវ​ចុះហត្ថលេខា ត្រឹម​អធិការ​នគរបាល​ស្រុក ឬ​ខណ្ឌ តែ​ប៉ុណ្ណោះ​។ ចំណែកឯ​សៀវភៅ​ស្នាក់​នៅ ក៏​ត្រូវ​ផ្ទេរ​ពី​អធិការដ្ឋាន​នគរបាល​ស្រុក ឬ​ខណ្ឌ មក​ឲ្យ​ត្រឹម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ ឬ​សង្កាត់ ចុះហត្ថលេខា​ជំនួស​វិញ ។

ចំពោះ​ការ​សម្រួល​ការងារ​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២១ ថា សេវា​កាន់តែ​ទៅ​កៀក​ប្រជាពលរដ្ឋ ហើយ​មន្ត្រី​ទាំងអស់ ត្រូវ​តែ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ជា​ពិសេស​ការ​ធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ព្រោះ​ចុះហត្ថលេខា ត្រឹម​លោក​អធិការ​នគរបាល​ខណ្ឌ និង​លោកនាយ​ប៉ុស្តិ៍ តែ​ប៉ុណ្ណោះ ​។

ក្រោយ​ការ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​ជា​ប្រចាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត មួយ​រយៈពេល​កន្លង​មកនេះ មន្ត្រី​ថ្នាក់​ក្រោម​តាម​បណ្តា​ខណ្ឌ​ ប៉ុស្តិ៍​ ភាគច្រើន បាន​អនុវត្ត​ការងារ​បម្រើ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ ជា​ពិសេស ​គឺ​ការ​ប្រើប្រាស់​ពាក្យ​សម្តី និង​កាយវិការ​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ក៏​ដូច​ជា ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស ​។

ទោះជា​យ៉ាងណា នៅ​តែ​មាន ​មន្ត្រី​មួយ​ចំនួន​តូច អនុវត្ត​មិន​ទាន់​បាន​ល្អ ជូន​ប្រជាពលរដ្ឋ​ ។ ដូច្នេះ​លោក​ឧត្តមសេនីយ៍ ស្នងការ បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងនោះ ត្រូវ​តែ​កែប្រែ​ទម្លាប់​មិនល្អ ហើយ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​ទទួល​បាន​នូវ​ភាព​ទុកចិត្ត និង​ជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​ជូន​សាធារណជន​ថា បើ​មាន​ករណី​យឺតយ៉ាវ និង​បម្រើ​ប្រជាពលរដ្ឋ​មិន​បាន​ល្អ ពិសេស​លើ​ការងារ​ចាត់តាំង​ថ្មី នៃ​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​គ្រួសារ សូម​ទំនាក់ទំនង​លេខ​ទូរ​សព្ទ​៖ 069 516 999​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ