ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីគយនិងរដ្ឋករតំបន់៥សហការជាមួយមន្ត្រីពេទ្យសត្វឃាត់រថយន្ត១គ្រឿងដឹកសាច់ជ្រូកនិងគ្រឿងក្នុងជ្រូក១.៤០០គីឡូក្រាម ត្រូវបានយកទៅដុតកម្ទេចចោល កាលពីរសៀលថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ នៅជាយក្រុងសិរីសោភ័ណ ។

លោក ឈួន សោភា ប្រធានគយនិងរដ្ឋករតំបន់៥ប្រចាំខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា និងនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ហើយមន្ត្រីគយនិងរដ្ឋករការិយាល័យស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់៥ប្រចាំខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា ក្រោយពីការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ១គ្រឿង ដែលពាក់ស្លាកលេខបន្ទាយមានជ័យ2B.0356 បានដឹកសាច់ជ្រូកនិងគ្រឿងក្នុងជ្រូកចំនួន២៨កេស ស្មើទំងន់១,៤០០គីឡូក្រាមដែលឃាត់នៅវេលាម៉ោង១០យប់កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្គ្រភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

លោក ឈួន សោភា បានបញ្ជាក់ថា ជាការខិតខំប្រឹងប្រែងពីមន្ត្រីគយ និងរដ្ឋករការិយាល័យស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់៥ប្រចាំខេត្តបន្ទាយមានជ័យ ការប្រមូលពន្ធជូនរដ្ឋនិងបង្ក្រាបបទល្មើសមានទំនិញគេចពន្ធដែលជាទំនិញខូចគុណភាពមានសាច់ជ្រូក គ្រឿងក្នុងជ្រូក សាច់មាន់ ប្រហិតចម្រុះ ដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ដែលត្រូវបានដុតកម្ទេចចោលនៅចុងឆ្នាំ២០២០ និង២០២១ នេះ បង្ក្រាបបានយកទៅដុតកម្ទេចចោលមាន៦ករណីមិនជាង១០តោន ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា រយៈពេលកន្លងមកមន្ត្រីជំនាញបានសហការគ្នាល្អដើម្បីពង្រឹងការទប់ស្កាត់ផលិតមានដើមកំណើតពីសត្វដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាងដោយល្មើសច្បាប់ដែលការពារទប់ស្កាត់ជំងឺឆ្លងពីសត្វ និងលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុក។

លោកបានបញ្ជាក់ថា ហើយមន្ត្រីជំនាញបានបង្ក្រាបចាប់បានសាច់ជ្រូកនិងគ្រឿងក្នុងជ្រូក ដែលឈ្មួញលួចលាក់នាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត មានបំណងដឹកឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីលក់ចែកចាយដែលត្រូវបានមន្ត្រីជំនាញឃាត់ចាប់យកទៅដុតកម្ទេចចោល ៕







ចែករំលែកព័តមាននេះ