ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការបើកការចាក់វ៉ាក់សាំងការពារជំងឺសត្វគោជូនប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ក្រៅពីយកចិត្តទុកដាក់ចាក់វ៉ាក់សាំងការពារជំងឺកូវីត ជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត ក៏មិនភ្លេច យកចិត្តទុកដាក់ ចាក់វ៉ាក់សាំង ដល់សត្វគោក្របី ជូនប្រជាពលរដ្ឋ ការពារពីជំងឺដំពកដ៏កាចសាហាវនោះដែរ ព្រោះតែសត្វពាហនៈទាំងនោះ ជាកម្លាំងអូសទាញ ក្នុងរបរកសិកម្មដ៏សំខាន់។
លោកជំទាវអភិបាលរងខេត្តកំពង់ឆ្នាំង បានបន្តថា ថ្ងៃនេះ ក្រុមមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល បានចុះមកចាក់វ៉ាក់សាំងការពារជំងឺដុំពក ដែលកើតឡើងលើសត្វគោរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺឆ្លងលើសត្វមួយនេះ ព្រោះថា បើយើងមិនយកចិត្តទុកដាក់ទេវានឹងធ្វើឲ្យខាតបង់ ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខានឡើយ។
ជាមួយគ្នានេះ លោកជំទាវអភិបាលរងខេត្ត ក៏សូមឲ្យបងប្អូន យកចិត្តទុកដាក់ថែរក្សាការពារសត្វរបស់បងប្អូន តាមការណែនាំរបស់មន្ត្រីជំនាញ ដើម្បីកុំឱ្យកើតជំងឺដុំពកលើស្បែកសត្វគោក្របី ដែលកំពុងតែកើតឡើង នៅទូទាំងប្រទេស និងដោយឡែក នៅខេត្តកំពង់ឆ្នាំងផងដែរ។
ជាមួយគ្នានេះ លោកជំទាវ ក៏សូមឲ្យបងប្អូន កុំភ្លេចថែរក្សាអនាម័យ ការពារជំងឺឆ្លងកូវីត១៩ ដោយអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល គឺ ៣កុំ និង ៣ការពារ។
នៅក្នុងឱកាសនោះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ឆ្នាំង មានសត្វគោ បានកើតជំងឺដុំពកចំនួនប្រមាណជាង ៤ពាន់ក្បាលហើយ ក្នុងនោះ យើងបានព្យាបាលជាសះស្បើយប្រមាណជាង ២ពាន់ក្បាលផងដែរ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរ សូមអំពាវនាវដល់បងប្អូន យកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះសត្វ ដែលប្រឈម មានដូចជា គោផើម ដែលងាយនឹងរលូត ហើយកូនគោ វាងាយនឹងងាប់ បើកើតជំងឺដុំពកលើស្បែកនេះ។
កន្លងមក មន្ត្រីជំនាញ ធ្លាប់តែចាក់វ៉ាក់សាំងការពារជំងឺឆ្លងដល់គោក្របី ដូចជា អុតក្តាម ជំងឺសាទឹក និងជំងឺផ្សេងៗទៀត។ ប៉ុន្តែថ្ងៃនេះ មន្ត្រីជំនាញ បានចាក់វ៉ាក់សាំងការពារជំងឺដុំពក លើសត្វគោក្របី ជូនបងប្អូនប្រជាពលរដ្ឋ។
មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាលខេត្ត បានបញ្ជាក់ថា ក្រោយពីចាក់វ៉ាក់សាំងដល់គោក្របី ចំនួន ២០០ក្បាល មន្ត្រីជំនាញក៏បានចែកថ្នាំ សម្រាប់ព្យាបាលលើគោក្របី និងបាញ់ថ្នាំសម្លាប់មេរោគតាមក្រោលគោក្របី ជូនបងប្អូនប្រជាពលរដ្ឋផងដែរ៕ ពៅ សុខហ៊ាន
ចែករំលែកព័តមាននេះ