ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យ​កើត​ចំពោះតែ​អ្នកមាន​ក្តី​សង្ឃឹម

2 ឆ្នាំ មុន

បើទោះជាដឹងថា​ការកើតឡើងជាព្រះពុទ្ធគឺជាការក្រយ៉ាងណាក្តី តែព្រះពោធិសត្វ លោកនៅតែតស៊ូ ប្រឹងប្រែង សាង​សេចក្តីល្អ ឬហៅថា បំពេញបារមីអស់រាប់សែនអសង្ខេយ្យរកទីបំផុតគ្មានគឺព្យាយាមប្រតិបត្តិល្អដោយក្តីសង្ឃឹមក្នុង​​ជីវិ​ត​ជា​និច្ចថានឹងបានត្រាស់ដឹងធម៌ក្នុងវេលាណាមួយមិនខាន ។ ដោយអំណាចនៃការតស៊ូមិនដាក់ធុរៈ ទីបំផុតព្រះអង្គក៏បានសម្រេចបំណងប្រាថ្នារបស់ខ្លួនមែន…

បើទោះជាដឹងថា​ការកើតឡើងជាព្រះពុទ្ធគឺជាការក្រយ៉ាងណាក្តី តែព្រះពោធិសត្វ លោកនៅតែតស៊ូ ប្រឹងប្រែង សាង​សេចក្តីល្អ ឬហៅថា បំពេញបារមីអស់រាប់សែនអសង្ខេយ្យរកទីបំផុតគ្មានគឺព្យាយាមប្រតិបត្តិល្អដោយក្តីសង្ឃឹមក្នុង​​ជីវិ​ត​ជា​និច្ចថានឹងបានត្រាស់ដឹងធម៌ក្នុងវេលាណាមួយមិនខាន ។ ដោយអំណាចនៃការតស៊ូមិនដាក់ធុរៈ ទីបំផុតព្រះអង្គក៏បានសម្រេចបំណងប្រាថ្នារបស់ខ្លួនមែន ។

ហេតុនេះហើយ ជីវិត​បើ​យើង​រៀន​សម្លឹង​ឲ្យ​ឃើញ​តែ​ក្តី​សង្ឃឹម​នៅ​ថ្ងៃ​ខាង​មុខ​ឲ្យ​បាន​ច្រើន​ជាង​ក្តី​អស់សង្ឃឹម នោះ​ជីវិត​នឹង​មានការ​តស៊ូ​កើតឡើង ជីវិត​នឹង​មានការ​ព្យាយាម​ប្រឹងប្រែង​ប្រឈម​នឹង​បញ្ហា​ពុះពារ​ជាមួយនឹង​ឧបសគ្គ​ផ្សេង​ៗ ដើម្បី​ឈាន​ដល់​គោលដៅ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត ។

តាម​ពិត​ទៅ​អ្វី​ៗ​វា​ស្ថិត​នៅ​លើ​ការ​សម្រេចចិត្ត​របស់​យើង ថា​តើ​ត្រូវ​ដេក​ដួល​ទន់ជ្រាយ ឬ​ត្រូវ​រឹង​មាំ​ដើរទៅ​មុខ ? ជា​ការ​ពិត​ណាស់​ជីវិត​គ្រប់​រូប​កើតមក​ហើយ​តែង​មាន​បញ្ហា​ជា​រឿង​ធម្មតា​ពុំ​មាន​នរណា​ម្នាក់​អាច​ជៀស​ផុត​ពី​បញ្ហា​បាន​ឡើ​យ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ប្រឈម​ព្រម​ជាមួយនឹង​ការណ៍​ពិត​ទាំង​អស់នោះ​ហើយ​បន្តដំណើរ​ដើរទៅ​មុខ​ដោយ​ក្តី​សង្ឃឹ​ម បើ​យើង​ទន់ជ្រាយ​បីដូច​ជា​យើង​ជ្រើសរើស​យក​វិ​ថី​ដែល​កំពុង​តែ​ដើរ​សំយុង​ចុះ​ទៅ​រក​ភាព​ងងឹត​ហើយ ។

អត្តភាព​ជា​មនុស្ស​នេះ​បាន​មក​ដោយសារ​បុណ្យ ត្រូវ​ចេះ​រក្សា​នូវ​គុណ​តម្លៃ​មួយ​នេះ បើ​គេ​មិន​ឲ្យ​តម្លៃ​យើង យើង​ត្រូវ​ចេះ​ឲ្យ​តម្លៃ​ខ្លួនឯង នៅ​លើ​លោក​យើង​នេះ​បើ​យើង​ទន់ជ្រាយ​ហើយ គ្មាន​អ្នក​ណា​គេ​ឲ្យ​តម្លៃ​យើង​ទេ គ្រប់​រឿងរ៉ាវ​ដែល​ឆ្លងកាត់​ជីវិត​យើង​សុទ្ធតែ​ជា​បទ​ពិសោធ ។

មេរៀន​ជីវិត​ដែល​យើង​ត្រូវ​សិក្សា និង​រិះរក​ឧបាយ​ដើម្បី​កែ​ច្នៃ​ជីវិត​ឲ្យ​បាន​ប្រសើរ​ឡើង បើ​យើង​ដួល​ហើយ​មិន​ងើប​ដើរ​ច្បាស់​ជា​មាន​គេ​ជាន់​យើង​ហើយ ដូច្នេះ​ត្រូវ​សម្លឹង​ទៅ​មុខជា​និច្ច​ព្រោះ​នៅ​មាន​អ្វី​ៗ​ជា​ច្រើន​ដែល​យើង​ត្រូវ​ជួប​នៅ​ខាង​មុខ​ទាំង​រឿង​ល្អ​ក្តី ទាំង​រឿង​មិនល្អ​ក្តី​សុទ្ធតែ​ត្រៀម​នឹង​ចូល​មក​កាន់​ជីវិត​យើង​ជា​បន្ត ត្រូវ​រៀន​មើល​លោក​ខាង​មុខ​ដោយ​ក្តី​សង្ឃឹម​និង​ការ​ជឿជាក់​ជា​និច្ច បូក​រួម​នឹង​ការ​តស៊ូ​ផង នោះ​ជីវិត​ជោគជ័យ ។

លោក​នេះ​រមែង​មាន​ពន្លឺ​ជា​និច្ច​សម្រាប់​អ្នក​ដែល​មិន​បោះបង់​ខ្លួន រឹង​មាំ​ដោយ​ការ​ជឿជាក់​គឺជា​វិ​ថី​ដែល​មាន​ពន្លឺ ។ ពន្លឺ​រមែង​មាន​ដល់​បុគ្គល​ដែល​ព្យាយាម​ដើរ​ចេញពី​ភាព​ងងឹត​ទោះ​ហត់​ក៏​ត្រូវ​ដើរ​ទើប​ឆាប់​ដល់​គោលដៅ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ