នៅក្នុងពោធិសម័យ៤៥ព្រះវស្សា ព្រះពុទ្ធទ្រង់បំពេញពុទ្ធកិច្ច៥យ៉ាងដោយគ្មាននឿយណាយព្រះកាយពលសោះឡើយ ។ ក្នុងពុទ្ធកិច្ច៥យ៉ាងនោះបានពោលថា ពេលថ្ងៃរសៀលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងព្រះធម៌ ។ ក្នុងពេលនោះ ព្រះអង្គទ្រង់ចាប់ផ្ដើមសម្ដែងអំពីទានទុកជាមុន ហើយទ្រង់សម្ដែងអំពីសីល ឋានសួគ៌ កាមាទីនវៈ និងនេក្ខមៈ តាមលំដាប់ ។

ដូចម្ដេចទើបទ្រង់សម្ដែងអំពីទានជាមុន ? ព្រោះទ្រង់ទតឃើញនិស្ស័យសន្ដានរបស់មនុស្ស ដែលចាប់អារម្មណ៍លើទ្រព្យសម្បត្តិ ដែលសុខចិត្តរស់នៅជាមួយទ្រព្យដោយនឹកគិតថាជីវិតខ្ពង់ខ្ពស់ដោយសារទ្រព្យ ហើយប្រើកម្លាំងទ្រព្យជិះជាន់អ្នកដទៃដែលគិតតែពីរស់យករួចខ្លួនតែម្នាក់ឯង មិនអើពើដល់ការរស់នៅរបស់អ្នកដទៃ ។
ក្នុងធម៌ទេសនានោះ ព្រះអង្គទ្រង់ណែនាំឲ្យមនុស្សលះបង់ទ្រព្យសម្បត្តិ ធ្វើអំណោយដល់មនុស្សដែលត្រូវធ្វើអំណោយមាន អ្នកទីទាល់ក្រកំសត់ទុរគត និងអ្នករងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិជាដើម ចិញ្ចឹមមនុស្សដែលត្រូវចិញ្ចឹម មានមាតាបិតា ភរិយា ស្វាមី បុត្រធីតាជាដើម ។

ជាពិសេសជាងនេះទៅទៀតព្រះអង្គទ្រង់ពន្យល់ថា ទ្រព្យសម្បត្តិ គេមិនត្រូវស្រឡាញ់ជាប់ចិត្ត ទាល់តែចាយមិនកើតទេ ។ ទ្រព្យសម្បត្តិគេមិនត្រូវសន្សំទុកដាក់ប្រើប្រាស់ ជាកម្លាំងជិះជាន់អ្នកដទៃទេ ។ ក្នុងនាមជាមនុស្សមិនត្រូវធ្វើខ្លួនឲ្យធ្លាក់ដុនដាបទៅជាអ្នកគោរពបូជាទ្រព្យសម្បត្តិនោះឡើយ ។ ជាមនុស្សត្រូវតែជាចៅហ្វាយរបស់ទ្រព្យសម្បត្តិ ហើយត្រូវបំពេញមុខងាររបស់ខ្លួនដោយទ្រព្យសម្បត្តិ ព្រោះបុគ្គលគ្រប់រូបមិនអាចពាំនាំយកទ្រព្យសម្បត្តិទៅជាមួយខ្លួនបានទេនៅពេលដែលរូបកាយនេះបែកធ្លាយចាកលោកទៅ ។

នេះអាចបញ្ជាក់ឲ្យយើងឃើញយ៉ាងច្បាស់ថា ព្រះពុទ្ធបរមគ្រូនៃយើងទ្រង់បានគិតដល់ជីវភាពរបស់មនុស្សជាដំបូង ទើបព្រះអង្គទ្រង់សម្ដែងអំពីទានមុនអនុព្វីកថាដទៃៗទៀត ៕ សាន សារិន
ចែករំលែកព័តមាននេះ