ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ អា​មេ​រិ​ក និង​ចិន ​សន្ទនា​តាម​ទូរសព្ទ​ជា​លើក​ដំបូង

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន នៅ​ថ្ងៃ​ទី​១០ កញ្ញា ២០២១​នេះ​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង បាន​និយាយ​ជាមួយ​សម​ភាគី​អា​មេ​រិ​ក​លោក…

វ៉ា​ស៊ី​ន​តោន ៖ សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន នៅ​ថ្ងៃ​ទី​១០ កញ្ញា ២០២១​នេះ​ថា ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង បាន​និយាយ​ជាមួយ​សម​ភាគី​អា​មេ​រិ​ក​លោក ចូ បៃ​ដិ​ន ជា​លើក​ដំបូង ក្នុង​រយៈពេល​៧​ខែ ចាប់តាំងពី​ប្រធានាធិបតី បៃ​ដិ​ន ឡើង​កាន់​តំណែង ។ មេដឹកនាំ​ទាំង​ពីរ បាន​ពិភាក្សា អំពី​ទំនួល​ខុស​ត្រូវ​របស់​ប្រជាជាតិ​ទាំង​ពីរ ដើម្បី​ធានា​ថា ការ​ប្រកួតប្រជែង​មិន​ឈាន​ទៅ​រក​ជម្លោះ​ឡើយ នេះ​បើ​យោង​តាម BBC ។

ទំនាក់ទំនង​អា​មេ​រិ​ក​-​ចិន មាន​ភាព​តានតឹង​ខ្លាំង​ឡើង ដោយ​មានការ​ប៉ះទង្គិច​គ្នា លើ​បញ្ហា​ដូច​ជា ពាណិជ្ជកម្ម ចារកម្ម និង​ជំងឺ​រាតត្បាត ។

សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន បាន​បន្ថែម​ថា “​មេដឹកនាំ​ទាំង​ពីរ មានការ​ពិភាក្សា​ជា​យុទ្ធសាស្ត្រ​ទូលំទូលាយ ដែល​ពួក​គេ​បាន​ពិភាក្សា​អំពី​តំបន់​ដែល​ផលប្រយោជន៍​របស់​យើង​រួម​គ្នា និង​តំបន់​ដែល​ផលប្រយោជន៍​គុណ​តម្លៃ និង​ទស្សនៈវិស័យ ខុស​គ្នា​” ។

សេត​វិមាន «​ការ​ពិភាក្សា​នេះ ដូចដែល​ប្រធានាធិបតី បៃ​ដិ​ន បាន​បញ្ជាក់​ច្បាស់ គឺជា​ផ្នែក​មួយ នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់​ឈរ​របស់​សហរដ្ឋអាមេរិក​ដើម្បី​គ្រប់គ្រង​ការ​ប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និង PRC ប្រកបដោយ​ការ​ទទួលខុសត្រូវ​» ។

ទូរទស្សន៍​រដ្ឋ​ចិន ស៊ី​ស៊ី​ធី​វី បាន​អត្ថាធិប្បាយ​ផង​ដែរ​ថា ការ​ហៅ​ទូរស័ព្ទ​នេះ​គឺ “​ស្មោះត្រង់ និង​ស៊ីជម្រៅ​” ដោយ​ស៊ី​ស៊ី​ធី​វី បន្ត​ថា វា​បាន​គ្របដណ្តប់​លើ “ ទំនាក់ទំនង​យុទ្ធសាស្ត្រ​ទូលំទូលាយ និង​… បញ្ហា​នៃ​ការ​ព្រួយបារម្ភ​ទៅ​វិញ​ទៅ​មក​” ។

ទូរទស្សន៍​រដ្ឋ​ចិន ស៊ី​ស៊ី​ធី​វី បាន​បន្ថែម​ថា “​តើ​ចិន និង​អា​មេ​រិ​ក​អាច​ដោះស្រាយ​ទំនាក់ទំនង​របស់​ពួក​គេ បាន​ត្រឹមត្រូវ ឬ​អត់ ? ទាំងនេះ​មាន​សារៈសំខាន់​សម្រាប់​អនាគត និង​ជោគវាសនា​របស់​ពិភពលោក​” ។

ជា​ការ​កត់សម្គាល់ កាលពីដើម​ឆ្នាំ​២០២១​នេះ កិច្ចចរចា​កម្រិត​ខ្ពស់ រវាង​មន្ត្រី​អា​មេ​រិ​ក និង​មន្ត្រី​ចិន ពោរពេញ​ដោយ​ភាព​តានតឹង នៃ​ភាគី​ទាំង​ពីរ បាន​ផ្លាស់​ប្តូរ​ការ​ស្តីបន្ទោស​គ្នា​យ៉ាង​ខ្លាំង​ទៅ​វិញ​ទៅ​មក ។

មន្ត្រី​ចិន បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក ពី​បទ​ញុះញង់​ឲ្យ​ប្រទេស​នានា វាយប្រហារ​មក​លើ​ប្រទេស​ចិន ខណៈ​ដែល​សហរដ្ឋអាមេរិក បាន​និយាយ​ថា​ប្រទេស​ចិន មានបំណងបញ្ចេញឬទ្ធិឲ្យគេស្ងើច និង​មាន​បញ្ហា​ធំ​ៗ​មួយ​ចំនួន ដែល​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ ប៉ះទង្គិច​គ្នា ដោយ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ គឺជា​ចំណុច​ស្នូល ។

អា​មេ​រិ​ក​ចោទ​ចិន ពី​បទ​ប្រល័យពូជសាសន៍​ប្រឆាំង នឹង​ជនជាតិ​អ៊ុយ​ហ្គួ​រ នៅ​ក្នុង​ខេត្ត​ស៊ី​ន​ជាំ​ង ។ វា​ក៏​និយាយ​ផង​ដែរ​ថា ទីក្រុង​ប៉េ​កាំ​ង កំពុង​ជាន់ឈ្លី សិទ្ធិ​ប្រជាធិបតេយ្យ នៅ​ហុងកុង ជាមួយនឹង​ច្បាប់​សន្តិសុខ​ថ្មី ដែល​ទើប​ដាក់​ចេញ ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា កំពុង​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ក្រាប​ការ​ប្រឆាំង​តវ៉ា ។

ជាមួយ​គ្នា​នេះ ចិន​បាន​ប្រាប់​អា​មេ​រិ​ក ម្តង​ហើយ ម្តងទៀត​ថា ឈប់​ជ្រៀតជ្រែក​ក្នុង​អ្វី​ដែល​ទីក្រុង​ប៉េ​កាំ​ង ចាត់​ទុក​ថា ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​ហើយ​ចោទ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ថា បាន​ជេរ​ប្រមាថ​គណ​បក្សកុម្មុយនិស្ត ដែល​កំពុង​កាន់​អំណាច ។

ក៏​មាន​បញ្ហា​ពាណិជ្ជកម្ម​ផង​ដែរ ប្រទេស​ទាំង​ពីរ ត្រូវ​បាន​ជាប់​គាំង​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៨ ក្រោម​ការ​ដឺ​ក​នាំ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។

សហរដ្ឋអាមេរិក បាន​ដាក់​ពន្ធ​លើ​ទំនិញ​ចិន ជាង​៣៦០​ពាន់​លាន​ដុល្លារ ហើយ​ចិន បាន​សងសឹក​លើ​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ជាង ១១០​ពាន់​លាន​ដុល្លារ​វិញ ។

បន្ទាប់​មក មាន​សមុទ្រ​ចិន​ខាងត្បូង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វា​បាន​ក្លាយជា​ចំណុច​ប្រទាញប្រទង់ រវាង​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ដែល​ទាមទារ​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​២ ដែល​គ្មាន​មនុស្ស​រស់នៅ គឺ​ប៉ា​រ៉ា​សែ​ល និង​ស្ព្រា​ត​លី​ស ។

ចិន​ទាមទារ សមុទ្រ​ភាគច្រើន ប៉ុន្តែ​ប្រទេស​ជិតខាង​ដែល​មាន​ជម្លោះ រួម​និង​អា​មេ​រិ​ក មិន​យល់​ស្រប ។ ថ្វីបើ មានការ​ប្រឆាំង​ក៏​ដោយ ក៏​ទីក្រុង​ប៉េ​កាំ​ង​បាន​បន្ត​ពង្រីក​វត្តមាន​យោធា​របស់​ខ្លួន នៅ​ក្នុង​តំបន់​នេះ ។

យើង​ក៏​អាច​ឃើញ​ភាព​តានតឹង​លើ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ ចិន​បាន​រិះគន់​អា​មេ​រិ​ក ម្តង​ហើយ​ម្តងទៀត ចំពោះ​ការ​ដកខ្លួន​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ។

កាលពីដើម​ស​ប្តា​ហ៍​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វេន​ប៊ី​ន បាន​និយាយ​វាយប្រហារ​អា​មេ​រិ​ក​ម្តងទៀត ដោយ​និយាយ​ថា កងទ័ព​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​អន្តរាយ ។ លោក​ក៏​បាន​ចោទប្រកាន់​អា​មេ​រិ​កថា បាន​ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ