រាជធានីភ្នំពេញ ៖ តារាសម្តែងនាង កុសម៉ា លីនដា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយរូបនាងរងរបួសធ្ងន់ធ្ងរគួរសមកាលពីពេលថ្មីៗនេះ។ យ៉ាងណា ហេតុការណ៍ដ៏ភ័យរន្ធត់ដែលនាងទើបនឹងបានជួបលើកដំបូងក្នុងឆាកជីវិតនាពេលនេះ ត្រូវបានតារារូបនេះព្យាយាមលាក់បាំង ពោលគឺមិនបានបញ្ចេញអោយមានការដឹងលឺជាសាធាណៈច្រើននោះឡើយ។

មានហេតុផលមួយដែល កុសម៉ា លីនដា មិនបញ្ចេញរឿងនេះប្រាប់ដល់បណ្តាញសារព័ត៌មានដោយសារនាងយល់ថា នាងមិនចង់មានការផ្សាយព័ត៌មានមិនល្អដល់រូបនាងនោះឡើយ។
កុសម៉ា លីនដា បានបង្ហោះសារតាមហ្វេសប៊ុកថា សុំទោសបងៗ សារព័ត៌មានផង ដែលនាងខ្ញុំមិនបានផ្តល់ព័ត៌មាន និងមិនបានបកស្រាយហេតុការណ៍ដែលនាងខ្ញុំបានជួបគ្រោះថ្នាក់ «មិនចង់អោយបងប្អូនឃើញពីស្ថានភាពនាងខ្ញុំពេលនេះ» មិនចង់អោយបងប្អូនផ្អើល ណាមួយមិនចង់អោយបងប្អូនឃើញពីព័ត៌មានមិនល្អ និងរូបភាពគ្រោះថ្នាក់ មិនស្អាត ពីរូបនាងខ្ញុំនោះទេ ។ អរគុណកម្លាំងចិត្តពីបងប្អូនសិល្បករ និងមិត្តៗ fanfan។ ជួបគ្នាឆាប់ៗខាងមុខនេះ ខ្ញុំនឹងព្យាយាមព្យាបាលអោយបានលឿនបំផុត សុំទោសដែលមិនបានបកស្រាយក្នុងឆាតបងប្អូនសួរតាំងពីថ្ងៃប្តូរ Profile មូលហេតុដែលផុសនេះ គ្រាន់អោយដឹងដំណឹង ប៉ុន្តែមិនចង់អោយឃើញរូបភាព។

បន្ថែមពីអ្វីដែលបានបង្ហោះខាងលើនេះ កុសម៉ា លីនដា ក៏បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា នាងបានជួបគ្រោះថ្នាក់នេះនៅពេលដែលនាងបានធ្វើដំណើរទៅហាត់ប្រាណ។ នាងបញ្ជាក់ថា ហេតុការណ៍នេះ បានបណ្តាអោយនាងរងរបួសធ្ងន់ធ្ងរផងដែរ ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែបច្ចុប្បន្ននាងបានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅគេហដ្ឋានវិញហើយ។
ទោះជាយ៉ាងណា នាងបានសុំមិនបញ្ចេញព័ត៌មាន វេលា និងហេតុការណ៍នៃគ្រោះថ្នាក់របស់នាងអោយបានលម្អិតជាងនេះទៀតឡើយ។
ជាការកត់សម្គាល់ បើតាម កុសម៉ា លីនដា បន្ទាប់ពីជួបហេតុការណ៍ដ៏អាក្រក់នេះមក នាងបានខកខានថតភាពយន្តភាគចំនួន៣រឿងដែលនាងមិនទាន់ថតចប់នៅឡើយ។ យ៉ាងណានាងបញ្ជាក់ថា ខាងផលិតកម្មក៏បានយោគយល់រូបនាងនាពេលនេះ និងបានផ្ញើពាក្យជូនពរដល់រូបនាងផងដែរ។
កុសម៉ា លីនដា ក៏បានថ្លែងអំណរគុណដល់មិត្តភក្តិ ទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្រដែលបានផ្ញើសារជូនពរនាងអោយបានឆាប់ជាសះស្បើយ។ នាងរំពឹងថា ក្រោយសម្រាកព្យាបាលប្រមាណជា១ខែទៅ២ខែខាងមុខ នាងអាចនឹងមានភាពធូរស្រាល ហើយអាចនឹងវិលមកការសម្តែងជាថ្មីឡើងវិញ៕











ចែករំលែកព័តមាននេះ