ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារក្នុងវិស័យបួនយុវជនមិនគួរមើលរំលង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកជំនួញ និងមន្ត្រីជាន់ខ្ពស់ បានលើកឡើងថា ការងារនៅក្នុងវិស័យសំណង់ ទេសចរណ៍ កសិកម្ម និងឧស្សាហកម្មកាត់ដេរ ដែលជាសរសរស្តម្ភទ្រទ្រង់សេដ្ឋកិច្ចជាតិនោះ…

រាជធានីភ្នំពេញ ៖ អ្នកជំនួញ និងមន្ត្រីជាន់ខ្ពស់ បានលើកឡើងថា ការងារនៅក្នុងវិស័យសំណង់ ទេសចរណ៍ កសិកម្ម និងឧស្សាហកម្មកាត់ដេរ ដែលជាសរសរស្តម្ភទ្រទ្រង់សេដ្ឋកិច្ចជាតិនោះ យុវជនមិនគួរមើលរំលងឡើយ ។ យុវជនគួរសិក្សាជំនាញទាក់ទងវិស័យទំាងនោះដើម្បីទទួលបានការងារដែលមានចំណូលខ្ពស់ និងស្ថិរភាពយូរអង្វែង ។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group បានលើកឡើងថា ជាការជាក់ស្តែងទោះបីក្នុងពេលវិបត្តិជំងឺកូវីដ ១៩ ក្ដី តែវិស័យទំាងបួននោះមិនមានការធ្លាក់ចុះធ្ងន់ធ្ងរទេ តែផ្ទុយទៅវិញមានវិស័យខ្លះបែរជាមានកំណើនទៅវិញ ។ លោកអះអាងថា ៖ «ជាការកត់ សម្គាល់វិស័យសំណង់ ទោះបីជាមានការធ្លាក់ចុះក៏ដោយ តែការធ្លាក់ចុះនេះវាមាននិរន្តរភាព មិនមែនធ្លាក់ចុះទាំងស្រុងទេ ជាក់ស្ដែងក្នុងការដ្ឋានសំណង់របស់យើងខ្ញុំកំពុងខ្វះខាតធនធានមនុស្សច្រើនណាស់ ដូចជាវិស្វករ កម្មករជំនាញ និងពិតជាពិបាករកខ្លាំងណាស់ ដូច្នេះយើងចង់បានប្អូនៗដែលមានបទពិសោធន៍ និងចំណេះជំនាញពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា» ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ថា ការងារជាកម្មករសំណង់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ មិនក្រោម ១០ ដុល្លារទេក្នុងមួយថ្ងៃ ហើយបើកម្មករមានជំនាញប្រាក់កម្រៃពលកម្មបានរហូតដល់ ១៨ ដុល្លារក្នុងមួយថ្ងៃ ។ បើប្រៀបធៀបនឹងប្រទេសជិតខាងប្រាក់ខែជាកម្មករសំណង់នៅកម្ពុជាមិនទាបជាងគេឡើយ ដូច្នេះពួកគាត់មិនចាំបាច់ធ្វើចំណាកស្រុកទៅប្រទេសជិតខាងធ្វើការងារជាកម្មករសំណង់នោះឡើយ ។

នៅក្នុងពិធីបើកសិក្ខាសាលាស្តីពី ការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «ឱកាសការងារយុវជន ក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ ១៩» ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានរំលេចពីការងារស្ម័គ្រចិត្ត នៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការបណ្តុះសមត្ថភាពយុវជនដើម្បីចាប់យកចំណេះជំនាញជាច្រើន ។ លោកថា កន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតគំនិតផ្តួចផ្តើមជាច្រើនសំដៅផ្តល់ជូនយុវជននូវឱកាសអភិវឌ្ឍខ្លួន កសាងសមត្ថភាពរបស់ខ្លួនដើម្បីត្រៀមខ្លួនចូលក្នុងទីផ្សារការងារ ដោយបានធ្វើការសហការយ៉ាងជិតស្និទជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជនដែលជាតួអង្គសំខាន់មួយក្នុងការបង្កើតឱកាសការងារសម្រាប់យុវជន ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគួសបញ្ជាក់ផងដែរថា នៅក្នុងបរិបទកូវីដ ១៩ នេះ មានអាជីវកម្មជាច្រើនបានរងផលប៉ះពាល់ពីវិបត្តិកូវីដ ១៩ អាជីវកម្មខ្លះទៀតបាននិងកំពុងប្រឈមនឹងបញ្ហា តែក៏មានអាជីវកម្មមួយចំនួននៅតែឈរជើងរឹងមាំក្នុងទីផ្សារ និងសេដ្ឋកិច្ច ។ មិនតែប៉ុណ្ណោះ ក៏មានអាជីវកម្មខ្លះទៀតបានកែប្រែពីវិបត្តិទៅជាឱកាសផងដែរ ។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា «ក្នុងបរិការណ៍នេះ យើងទាំងអស់គ្នាចាំបាច់ត្រូវអភិវឌ្ឍន៍ខ្លួនឯង និងសិក្សាស្វែងយកជាប្រចាំ ដើម្បីបង្កើនគំនិតច្នៃប្រឌិត បទពិសោធន៍ថ្មីៗ សមត្ថភាព ចំណេះជំនាញ បច្ចេកទេស និងសហគ្រិនភាពខ្ពស់ ដើម្បីមានលទ្ធភាព សមត្ថភាព និងភាពឈ្លាសវៃក្នុងការសម្របខ្លួនក្នុងបរិបទកូវីដ ១៩ និងកែប្រែការលំបាកនេះទៅជាឱកាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ