ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ជីវិត​អ្នកនិពន្ធ​ នូ ហាច ម្ចាស់​ប្រលោមលោក​រឿង «​ផ្កា​ស្រពោន​»

8 ឆ្នាំ មុន

លោក​នូ ហាច កើត​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត បាត់ដំបង ។ ឪពុក​នាម​ឃួ​ន នៅ និង​ម្តាយ​នាម​ឱរ មួ​ច ពួក​គាត់​ជា​កសិករ ។ លោក​នូ ហាច ជា​កូនច្បង និង​មាន ប្អូន​ៗ​ច្រើន​នាក់​ទៀត

លោក​នូ ហាច កើត​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត បាត់ដំបង ។ ឪពុក​នាម​ឃួ​ន នៅ និង​ម្តាយ​នាម​ឱរ មួ​ច ពួក​គាត់​ជា​កសិករ ។ លោក​នូ ហាច ជា​កូនច្បង និង​មាន ប្អូន​ៗ​ច្រើន​នាក់​ទៀត ក្នុង​នោះ​មាន​ប្អូនស្រី​៣​នាក់ ។

អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​លើក​ឡើង​ឱ្យ​ដឹង​ថា កាលពី​កុមារភាព​លោក​នូ ហាច សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​កំពង់ព្រះ ដែល​មាន​គ្រូ​ជា​ព្រះសង្ឃ ។ នៅ​សាលា​នេះ​ហើយ ដែល​លោក​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​យ៉ាង​ស្ទាត់ជំនាញ ។ ឆ្នាំ​១៩៣២ លោក​នូ ហាច បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ រាជធានី​ភ្នំពេញ ហើយ​លោក​តស៊ូ​រៀនសូត្រ​រហូត​បាន​ទទួល​សញ្ញាបត្រ​កម្រិត​មធ្យមសិក្សា ។

លោក​នូ ហាច បាន​រៀប​ការ​ជាមួយ​អ្នកស្រី​តាន់ រ៉េ​ម និង​មានកូន​ចំនួន​៨​នាក់ ។ បច្ចុប្បន្ន កូន​ៗ​របស់​លោក​មួយ​ចំនួន​រស់នៅ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី ។

ខ្មែរក្រហម​បាន​សម្លាប់​លោក​នូ ហាច​ប្រហែល​នៅ​ឆ្នាំ​១៩៧៥ ។
លោក​នូ ហាច ត្រូវ​បាន​គេ​ស្គាល់​បំផុត តាម​រយៈ​ស្នាដៃ​ប្រលោមលោក​របស់​លោក រឿង​«​ផ្កា​ស្រពោន​» ។

 រឿង​«​ផ្កា​ស្រពោន​» បាន​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​មធ្យមសិក្សា​នា​ឆ្នាំ​១៩៥៨ ហើយ​បច្ចុប្បន្ន​រឿង​នេះ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ថ្នាក់​ទី​៨ ។

នៅ​ឆ្នាំ​២០០២ នាម​របស់​អ្នកនិពន្ធ នូ ហាច ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​ឈ្មោះ​សមាគម​អក្សរសិល្ប៍ ដែល​មានឈ្មោះ​ថា «​សមាគម​អក្សរសិល្ប៍​នូ ហាច​» និង​សមូហកម្ម​អក្សរសិល្ប៍ ឈ្មោះ​ថា «​សមូហកម្ម​អក្សរសិល្ប៍​នូ ហាច​» ។

សមាគម​អក្សរសិល្ប៍​នូ ហាច បញ្ជាក់​ថា «​សមាគម​អក្សរសិល្ប៍​នូ ហាច យកឈ្មោះ​អ្នកនិពន្ធ​រៀមច្បង​ជាទី​គោរព​មក​ដាក់​ជា​ឈ្មោះ​របស់​ខ្លួន ក្នុង​បំណង​លើក​ស្ទួយ​វិស័យ​អក្សរសាស្ត្រ​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន ជឿនលឿន​ទាន់សម័យ ។ អ្នកនិពន្ធ នូ ហាច បាន​ឈាន​ចេញពី​អក្សរសិល្ប៍​ខ្មែរ​បុរាណ​ដែល​សរសេរ​រឿង​សោកនាដកម្ម​តាម​ទ្រឹស្តី​ពុទ្ធសាសនា ជា​ពាក្យកាព្យ​ឱ្យទៅ​ជា​ការ​ពិពណ៌នា និង​ការ​និទាន​ប្រកបដោយ​មនោសញ្ចេតនា » ។

ប្រលោមលោក​រឿង «​ផ្កា​ស្រពោន​» របស់​លោក​នូ ហាច ទោះជា​មាន​អាយុកាល​កន្លះ​សតវត្សរ៍​ហើយ​ក្តី ក៏​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ព្រលឹង​ខ្មែរ​និង​ប្រិ​យ​មិត្ត​អ្នក​អាន​នៅ​ឡើយ។

ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់តំបង លោក​ឃួ​ន នៅ និង អ្នកស្រី​ឱរ មួ​ច បាន​ផ្តល់​កំណើត​ឱ្យ​ទារក​ម្នាក់ ដែល​ក្រោយមក​ត្រូវ​បាន​ចារឹក​ទុក​នៅ​ក្នុង​ប្រវត្តិ​អក្សរសាស្ត្រ​ជាតិខ្មែរ​ឈ្មោះ​នូ ហាច ។ លោក​មាន​បងប្អូន​ប្រុស​៥​នាក់ និង​ស្រី​៣​នាក់ ហើយ​លោក​គឺជា​កូនប្រុស​ច្បង​ក្នុង​គ្រួសារ​កសិករ​មួយ​នេះ ។

កាលពី​នៅ​កុមារភាព​លោក​នូ ហាច ស្នាក់​រៀន​នៅ​ក្នុង​វត្ត​កំពង់ព្រះ ដែល​បង្រៀន​ដោយ​ព្រះសង្ឃ ហើយ​សិក្សា​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​យ៉ាង​ស្ទាត់ ។ លោក​នូ ហាច​បាន​ប្រឡង​ជាប់​ចូល​សិក្សា​នៅ​អនុ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ​នា​ឆ្នាំ​១៩៣២ ។

សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​សតវត្សរ៍​ទី​២០ របស់​បណ្ឌិត​ឃី​ង ហុ​ក​ឌី អះអាង​ថា លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​ជា​ចៅក្រម​នៅ​ឆ្នាំ​១៩៣៩​បន្ទាប់​ពី​បាន​ប្រឡង​មធ្យមសិក្សា​ប​ត្រ​ភាគ​ទី​១ ហើយ​បាន​ផ្លាស់​មក​ភ្នំពេញ​បន្ទាប់​ពី​បាន​រៀប​អាពាហ៍ពិពាហ៍ ។

ទស្សនាវដ្ដី សង្គម​សាស្ត្រ​-​មនុស្ស​សាស្ត្រ អះអាង​ថា «​ឆ្នាំ​១៩៣២ លោក​នូ ហាច បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ស៊ី​សុវត្ថិ​ភ្នំពេញ ហើយ​លោក​បាន​បន្ត​ការ​សិក្សា​រហូត​ទទួល​បាន​សញ្ញាប័ត្រ​មធ្យមសិក្សា ហើយ​លោក​ចាប់ផ្តើម​អាជីព​របស់​លោក​ជា​មេធាវី​យុត្តិធម៌​មួយ​រូប​បំពេញ ការងារ​នៅ​ក្នុង​ខេត្តសៀមរាប ។ លោក​នូ ហាច បាន​រៀប​ការ​ជាមួយ​អ្នកស្រី​តាន់ រ៉េ​ម បន្ទាប់​ពី​លោក​បាន​ផ្លាស់​មក​ធ្វើការ​នៅ​ភ្នំពេញ​វិញ ។

អ្នក​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​បន្ត​ថា អ្វី​ដែល​ខុស​គ្នា​បន្តិច​នៅ​ទី​នេះ​គឺថា សៀវភៅ​របស់​លោក​ឃី​ង ហុ​ក​ឌី​លើក​ឡើង​ថា លោក​ធ្វើ​ជា​ចៅក្រម និង​បាន​រៀប​ការ​រួច​ទើប​ត្រឡប់​ចូលភ្នំពេញ ។ ចំណែក​សមាគម​អក្សរសិល្ប៍​នូ ហាច ថា​លោក​បាន​ធ្វើ​ជា​មេធាវី​យុត្តិធម៌ ហើយ​បាន​រៀប​អាពាហ៍ពិពាហ៍​បន្ទាប់​ពី​វិល​ចូល​ភ្នំពេញ​។ ទោះ​យ៉ាងណា​ក្តី ឯកសារ​របស់​សមាគម​អក្សរសិល្ប៍​នូ ហាច មាន​ភាព​ច្បាស់លាស់​ជាង ។

លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​ទទួល​បន្ទុក​ខាង​ការ​ផ្សាយ​កាសែត​កម្ពុជា នៅ​ឆ្នាំ​១៩៤៧ ។ មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ឆ្នាំ​១៩៤៨ លោក​នូ ហាច​បាន​ធ្វើ​ជា​លេខាធិកា​ផ្ទាល់​របស់​ទ្រង់​យុ​ត្តិ​វង្ស កាលដែល​ព្រះ​អង្គជា​នាយក​រដ្ឋមន្ត្រី ។ បន្ទាប់​ពី​ទ្រង់ យុ​ត្តិ​វង្ស សុគត​ទៅ លោក​នូ ហាច បាន​វិល​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​ឃោសនាការ​វិញ​មាន​ឋានៈ​ជា​ប្រធាន​នាយកដ្ឋាន ។

ឆ្នាំ​១៩៥២ លោក​នូ ហាច បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​ដែល​នៅ​ជាប់​មុខងារ​ជា​មន្ត្រី​ការទូត ។ ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​១៩៥២​ដល់​ថ្ងៃ​ទី​២៣ មក​រា ឆ្នាំ​១៩៥៣ លោក​នូ ហាច​ត្រូវ​បាន​សម្តេច​នរោត្តម សីហ​នុ តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ ។

សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្សរ៍​ទី​២០ របស់​បណ្ឌិត​ឃី​ង ហុ​ក​ឌី បាន​កត់ចំណាំ​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៦៩ ក្នុង​ពេល​ដែល​លោក​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស​នោះ លោក​នូ ហាច បាន​ទទួល​តំណែង​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ នេះ​ជា​តំណែង​ចុង​ក្រោយ​របស់​លោក ។ សៀវភៅ​ដដែល​នេះ​អះអាង​ទៀត​ថា លោក​នូ ហាច​បាន​វិល​មក​ភ្នំពេញ​ប្រហែលជា​នៅ​ឆ្នាំ​១៩៧២ ហើយ​បាន​បាត់​ខ្លួន​នៅ​ក្នុង​អំឡុង​របប​ខ្មែរ​ប្រ​ហម​១៩៧៥-១៩៧៩ ។

ទស្សនាវដ្ដី សង្គម​សាស្ត្រ​-​មនុស្ស​សាស្ត្រ មាន​ភាព​ជាក់លាក់​ជាង​ថា «​ឆ្នាំ​១៩៥២ លោក​នូ ហាច បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ក្រសួងការបរទេស​នៅ​ភ្នំពេញ ។ ក្នុងអំឡុងពេល​នោះ លោក​នូ ហាច ត្រូវ​បាន​គេ​តែងតាំង​ឱ្យទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ថៃ និង​យូ​ហ្គោ​ស្លា​វី ។ លោក​នូ ហាច ត្រូវ​បាន​គេ​ដំឡើង​ឋានន្តរសក្តិ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រទេសវៀតណាម និង​ជា​អ្នកតំណាង​ពិសេស​ប្រចាំ​អង្គការសហប្រជាជាតិ ។ ឯកសារ​ដដែល​នេះ​បន្ត​ទៀត​ថា លោក​នូ ហាច បាន​វិល​ត្រឡប់​មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៧៤ ហើយ​លោក​ត្រូវ​បាន​ពួក​ខ្មែរក្រហម​សម្លាប់់​នៅ​ខែមេសា​ឆ្នាំ​១៩៧៥ ។

លោក​នូ ហាច បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​១៩៥៨​។ ប៉ុន្តែ​ឯកសារ​របស់​សមាគម​អក្សរសិល្ប៍​នូ ហាច ថា​លោក​នូ ហាច​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​១៩៤៨ ។ ចំណុច​នេះ​គឺ​មាន​ភាព​ខុស​គ្នា​១០​ឆ្នាំ​គត់ ។

ប្រវត្តិ​ការងារ
អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​លើក​ឡើង​ថា បន្ទាប់​ពី​ទទួល​បាន​សញ្ញាបត្រ​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​មក លោក​នូ ហាច បាន​ចេញ​ទៅ បំពេញការងារ​នៅ​ខេត្តសៀមរាប​ជា​ចៅក្រម​។

ឆ្នាំ​១៩៤៧ លោក​នូ ហាច​បាន​បាន​ធ្វើការ​ជា​អ្នក​បោះពុម្ពផ្សាយ​ឱ្យ​កាសែត​កម្ពុជា ក្នុង​ក្រសួង​ព័ត៌មាន ។

«​ឆ្នាំ​១៩៤៨ លោក​នូ ហាច​បាន​ក្លាយជា​លេខា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី (​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ យុ​ត្តិ​វង្ស​) ។ បន្តា​ប់​មក លោក​បាន​វិល​មក​ធ្វើការ​ឱ្យ​ក្រសួងពត៌មាន​វិញ មាន​ឋានៈ​ជា ប្រធាន​នាយកដ្ឋាន ។

ឆ្នាំ​១៩៥២​លោក​នូ ហាច​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​ក្រសួងការបរទេស ជា​ប្រធាន​ផ្នែក​កិច្ចការ នយោបាយ​ការ​បរទេស ។ ក្នុង​ការងារ​ថ្មី​នេះ លោក​នូ ហាច​ត្រូវ​បាន​តែងតាំង​ឱ្យទៅ​បំពេញបេសកកម្ម ផ្សេង​ៗ​នៅ​បរទេស ដូច​ជា​ទៅ​ប្រទេស​សៀម និង​យូ​ហ្គោ​ស្លា​វី​ជាដើម​។ ក្រោយមក​ដោយសារ​លោក​នូ ហាច មាន​ស្នាដៃ​ក្នុង​ការងារ រាជរដ្ឋាភិបាល​បាន​ដំឡើង​ឋានៈ​ឱ្យ​លោក​ក្លាយជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំនៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ប្រទេស​វៀតណាម និង​ជា​អ្នកតំណាង​ពិសេស​ប្រចាំ អង្គការសហប្រជាជាតិ​។

ឆ្នាំ​១៩៥២ នាយក​រដ្ឋមន្ត្រី សម្តេចព្រះ​នរោត្តម សីហ​នុ បាន​តែងតាំង​លោក​នូ ហាច ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​គមនាគមន៍ ដោយ​ព្រះរាជក្រឹត្យ លេខ​២៥២ ។

ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​១៩៥៨ លោក​នូ ហាច បាន​ចូល​ជា​សមាជិក​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ (​ទស្សនាវដ្តី​អ្នកនិពន្ធ​ខ្មែរ ឆ្នាំ​ទី​២ លេខ​៣ ខែកុម្ភៈ ឆ្នាំ​១៩៩៦ ទំព័រ​១៣) (​សមាគម​អ្នកនិពន្ធ​ខ្មែរ​កើតឡើង​នៅ​ឆ្នាំ ១៩៥៤ ដោយ​លោក​រី​ម គី​ន​)​។

លោក​នូ ហាច ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​ពិសេស​ក្នុង​ស្នាដៃ​ប្រលោមលោក​មនោសញ្ចេតនា​ដែល មាន​ចំណងជើង​ថា​«​ផ្កា​ស្រពោន​» ។ លោក​មាន​ស្នាដៃ ផ្សេង​ៗ​ទៀត ដូច​ជា​រឿង​ខ្លី កំណាព្យ (​លោក​សរសេរ​កំណាព្យ​ជា​កាព្យ​បែប​បារាំង​) លោក​នូ ហាចជា​អ្នកនិពន្ធ ដែល​សរសេរ ឱ្យ​ទស្សនាវដ្តី រាត្រី​ថ្ងៃ​សៅរ៍​, ទស្សនាវដ្តី​នារី​, ទស្សនាវដ្តី​រួម​មិត្ត​ជាដើម​ចំណងជើង​អត្ថបទ​នានា​ដែល​ប្រមូល​បាន​មាន ៖
១-​រឿង ផ្កា​ស្រពោន ឆ្នាំ​១៩៤៩ ។
២-​រឿង​មាលាដួងចិត្ត ឆ្នាំ​១៩៧២ ។
៣-​រឿង​ត្រួយ​ជីវិត ឆ្នាំ​១៩៧៣ ។
៤-​មធុរស​ជាតិ សិក្សា​អត្ថបទ ដកស្រង់​ពី​ទស្សនាវដ្តី​នារី​លេខ​១0 ទំព័រ​៣៥៣ ដល់ ៣៥៦ ខែតុលា ឆ្នាំ​១៩៥១ ។
៥-​រឿង​ខ្លី កូនក្រក ផ្សាយ​ដោយ​ទស្សនាវដ្តី​រួម​មិត្ត​លេខ​៨ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​១៩៥៣ ទំព័រ​១៥ និង​១៦​។
៦-​ដំណើរ​ចេញ​ទៅ​ប្រទេស​បារាំង កាព្យ​បែប​បារាំង ផ្សាយ​ដោយ​ទស្សនាវដ្តី​នារី លេខ​១៥ ឆ្នាំ​១៩៥២​។
៧-​ខ្ទីង កាព្យ​បែប​បារាំង ផ្សាយ​ដោយ​ទស្សនាវដ្តី​នារី​លេខ​១១ ខែវិច្ឆិកា ឆ្នាំ​១៩៥១ ទំព័រ​៣៩៦ ។
៨-​រឿង​នារី​ជាទី​ស្នេហា ឆ្នាំ​១៩៥៣ ។
៩-​លាវ័ណ្យ និង​រវិន្ទ ឆ្នាំ​១៩៥៣ បោះពុម្ព​ភាគ​១ ឆ្នាំ​១៩៥៥ បោះពុម្ព​ភាគ​២ ។
១០-​រឿង​ខ្លី ល្បាត​គយ​ក្នុង​គ្រាមួយ​នៅ​ទន្លេសាប ដកស្រង់​ពី​ទស្សនាវដ្តី​រាត្រី​ថ្ងៃ​សៅរ៍ លេខ ១0 ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​១៩៥២ ទំព័រ​២៩ ដល់​៣១ ។
១១-​ថូ​បែក កាព្យ​បែប​បារាំង លោក​នូ ហាច ដកស្រង់​ពី​ទស្សនាវដ្តី​នារី​លេខ​១៣ ខែមករា ឆ្នាំ​១៩៥២ ទំព័រ​១១ ៕