នៅក្នុងគម្ពីរមង្គលសូត្រមានសម្តែងថា សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពនជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯងមានទេវតា១អង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អបានញ៉ាំងវត្តជេតពនទាំងមួលឱ្យភ្លឺស្វាង ហើយចូលគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយឋិតនៅក្នុងទីដ៏សមគួរ ។

លុះទេវតានោះឋិតនៅក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគដោយគាថាយ៉ាងនេះថា ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នារកនូវសួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសម្តែងប្រាប់នូវមង្គលដ៏ឧត្តមនោះ ។
ព្រះមានព្រះភាគទ្រង់ត្រាស់ថា ការមិនសេពគប់ជនពាលទាំងឡាយ ១ ការសេពគប់បណ្ឌិតជនទាំងឡាយ ១ ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ ទាំងនេះជាមង្គលដ៏ឧត្តម ។

ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុក ហើយក្នុងកាលមុន ១ តម្កល់ខ្លួនប្រពៃ ១ ទាំងនេះជាមង្គល ដ៏ឧត្តម ។ ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១ សិល្បៈ គឺសេចក្តីឆ្លៀវឆ្លាសក្នុងហត្ថកម្ម របស់អ្នកបួស និងគ្រហស្ថ ១ វិន័យដែលបុគ្គលសិក្សាប្រពៃ ១ វាចាដែលបុគ្គលពោលល្អ ១ ទាំងនេះជាមង្គល ដ៏ឧត្តម ។
ការបម្រើ មាតាបិតា ១ សេចក្តីសង្គ្រោះដល់បុត្រ នឹង ភរិយា ១ ការងារទាំងឡាយដែលមិនច្របូកច្របល់១ ទាំងនេះជាមង្គលដ៏ឧត្តម ។ ការបរិច្ចាគទាន ១ ការប្រព្រិត្តធម៏ ១ សេចក្តីសង្គ្រោះញាតិទាំងឡាយ ១ ការងារទាំងឡាយដែលមិនមានទោស ១ ទាំងនេះជាមង្គល ដ៏ឧត្តម ។ ការមិនត្រេកអរក្នុងបាប និងការវៀចាកបាប ១ សេចក្តីសង្រួមចាកការផឹកនូវទឹកស្រវឹង ១ សេចក្តីមិនប្រមាថក្នុងធម៏ទាំងឡាយ ១ទាំងនេះជាមង្គល ដ៏ឧត្តម ។

សេចក្តីគោរព ១ សេចក្តីឱនលំទោន ១ សេចក្តីត្រេកអរតាមមាន តាមបាន ១ ភាពជាអ្នកដឹងនូវឧបការៈ ដែលអ្នកដទៃធ្វើហើយ ១ ការស្តាប់នូវធម៌តាមកាល ១ ទាំងនេះជាមង្គល ដ៏ឧត្តម ។ សេចក្តីអត់ធន់ ១ ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ១ ការជួបប្រទះ នូវសមណៈទាំងឡាយ ១ ការសន្ទនាទៅវិញទៅមកនូវធម៌តាមកាល ១ ទាំងនេះជាមង្គល ដ៏ឧត្តម ។
សេចក្តីព្យាយាមដុតនូវបាបធម៌ ១ ការប្រព្រិត្តនូវធម៌ដ៏ប្រសើរ ១ ការឃើញនូវអរិយសច្ចៈទាំងឡាយ ១ ការធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន ១ ទាំងនេះជាមង្គល ដ៏ឧត្តម ។ ចិត្តនៃបុគ្គលណា ដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ ១ ការមិនឃើញសេចក្តីសោក ១ ធូលីគឺរាគៈប្រាសហើយ ១ ចិត្តក្សេមក្សាន្ត ១ ទាំងនេះជាមង្គល ដ៏ឧត្តម ។

ទេវតា និងមនុស្សទាំងឡាយធ្វើនូវមង្គលទាំងឡាយប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង នេះជាមង្គលដ៏ឧត្តមរបស់ទេវតានិងមនុស្សទាំងឡាយ ៕ សាន សារិន
ចែករំលែកព័តមាននេះ