ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករផ្សារសាមគ្គី ហៅប៉ាហ៊ី សប្បាយចិត្តខ្លាំង ក្រោយបើកផ្សារឡើងវិញ បន្ទាប់ពីបិទរយៈពេល៣០ថ្ងៃ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​បើក​ឱ្យ​ដំណើរការ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​ឡើង​វិញ​ហើយ ក្រោយ​ពី​បិទ​ផ្សារ​ទាំងមូល​អស់​រយ​:​ពេល​៣០​ថ្ងៃ ដោយសារ​មាន​អាជីវករ​មួយ​ចំនួន​ឆ្លង​ជំងឺ​កូ​វី​ដ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​បើក​ឱ្យ​ដំណើរការ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​ឡើង​វិញ​ហើយ ក្រោយ​ពី​បិទ​ផ្សារ​ទាំងមូល​អស់​រយ​:​ពេល​៣០​ថ្ងៃ ដោយសារ​មាន​អាជីវករ​មួយ​ចំនួន​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ។

ការ​បើក​ឱ្យ​ដំណើរការ​ផ្សារ​ឡើង​វិញ គឺ​បើក​តែ​ផ្នែក​ខាងលើ ខណៈ​ផ្នែក​ខាងក្រោម ដែល​លក់ដូរ​បន្លែ ត្រី សាច់ កំពុង​រៀបចំ​ឱ្យ​មាន​របៀបរៀបរយ ។ គ្រាន់តែ​ឃើញ​ឯកឧត្តម ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត ដឹកនាំ​ក្រុមការងារ​ចុះ​កាត់​ខ្សែ​ពណ៌​ក្រហម ដែល​ចង​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ផ្សារ​ចេញ​ភ្លាម អាជីវករ​ម្នាក់​ៗ ត្រេកអរ​សប្បាយចិត្ត​យ៉ាង​ខ្លាំង រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ដោយ​អរគុណ​ដល់​អាជ្ញាធរ​ម្តង​ហើយ​ម្តងទៀត ព្រោះ​ត្រូវការ​លក់ដូរ ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​យក​ទៅ​សង​ជំពាក់​បំណុល​គេ​ផង​ដែរ ។

បើ​យោង​តាម​លិខិត​បានឱ្យ​ដឹង​ថា ក្នុង​ការ​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ រដ្ឋបាល​ក្រុង​ត្រូវ​ដឹកនាំ ការ​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ដើម្បី​ទ​ប​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ។

ម្យ៉ាងវិញទៀត ត្រូវ​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​លើ​ការ​ពង្រឹង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជា​ពិសេស​វិធានការ «៣​ការពារ ៣​កុំ​» របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​អនុវត្ត​ការ​ផាកពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល មិន​គោរព​ដោយ​ចេតនា​នូវ​វិធានការ​រដ្ឋបាល​ដែល​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត​បាន​ដាក់​ចេញ ដោយ​មិន​គិតដល់​បទល្មើស ព្រហ្មទណ្ឌ​ដទៃ​ទៀត​ឡើយ ។

ចំណែក​ឯកឧត្តម ចេញ ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន ក្នុង​នាម​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត បាន​ក្រើនរំលឹក​ដល់​អាជីវករ​ទាំងអស់​ដែល​កំពុង​នាំ​គ្នា​បើក​តូប​លក់ដូរ​ឡើង​វិញ ឱ្យ​បន្ត​ថែរក្សា​អនាម័យ តាម​តូប​លក់ដូរ​របស់​ខ្លួន ដោយ​ប្រុង​ប្រយ័ត្ន ត្រូវ​ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​កុំឱ្យ​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​បន្ត​ទៀត ។

ឯកឧត្តម បញ្ជាក់​ទៀត​ថា ការ​បិទ​ផ្សារ​បន្ត​នេះ គឺ​ដោយ​អាជ្ញាធរ​ខេត្ត​ដែល​ជា​អាណាព្យាបាល មានការ​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង និង​អនុវត្ត​ច្បាប់ ហើយ​រក្សា​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល ជំងឺ​កូ​វី​ដ​១៩ ក្នុង​ផ្សារ​បន្ត ។

លើស​ពី​នេះ រដ្ឋបាល​ខេត្ត​បើក​ឱ្យ​ដំណើរការ​តូប​តែ​ផ្នែក​ខាងលើ ដែល​មាន​លក់ដូរ​គ្រឿងក្រអូប សម្លៀក​បំពាក់ និង​គ្រឿងអលង្ការ​ប៉ុណ្ណោះ ព្រោះ​មាន​របៀបរៀបរយ​ហើយ ។ ចំណែកឯ​មួយ​ចំហៀង​ទៀត ដែល​អាជីវករ​លក់ដូរ បន្លែ ត្រី សាច់ គឺ​មិន​ទាន់​រៀបចំ​ស្អាតបាត​ទើប​អាជ្ញាធរ​នឹង​បើក​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់ ។

ចំណែក​អាជីវករ​ដែល​បាន​បើក​តូប​ឡើង​វិញ​បាន​នាំ​គ្នា​ត្រេកអរ​សប្បាយ​រីករាយ​ក៏​បាន​លើកដៃ​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ពួក​គាត់​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ខណ​:​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ពួក​គាត់​ក៏​សូម​ជូនពរ​ដល់​អាជ្ញាធរ​ខេត្ត​ទាំងអស់ ជា​ពិសេស​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន​ទទួល​បាន​នូវ​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ឈ្នះ​អស់​ជំងឺ​កូ​វី​ដ​១៩ ដើម្បី​ដឹកនាំ​ខេត្ត​ឱ្យ​មានការ​រីក​ចម្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ