ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សង្វេគ​! នារី​ពិការ​ម្នាក់​ដេក​លើ​កន្ទេល​២៤​ឆ្នាំ ក្រោម​ការ​មើលថែ​ពី​ម្ដាយមីង

2 ឆ្នាំ មុន
  • តាកែវ

ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់​ដែល​នារី​ម្នាក់​ជា​ជន​ពិការ​គ​-​ថ្លង់​និយាយ​មិន​រួច​ឈ្មោះ គង់ ផ​ល្លី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ឃ្លាំង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត តាំងពី​កើតមក​ដេក​នៅ​តែ​លើ​កន្ទេល​នៅ​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង​តែ​ប៉ុណ្ណោះ ហេតុ​អី​អាជ្ញាធរ​ខេត្ត​មើល​មិនឃើញ ?

ខេត្តកំពត ៖ ពិតជា​គួរ​ឱ្យ​សង្វេគ​ណាស់​ដែល​នារី​ម្នាក់​ជា​ជន​ពិការ​គ​-​ថ្លង់​និយាយ​មិន​រួច​ឈ្មោះ គង់ ផ​ល្លី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ឃ្លាំង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត តាំងពី​កើតមក​ដេក​នៅ​តែ​លើ​កន្ទេល​នៅ​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង​តែ​ប៉ុណ្ណោះ ហេតុ​អី​អាជ្ញាធរ​ខេត្ត​មើល​មិនឃើញ ?

យោង​តាម​ការ​រៀបរាប់​ឱ្យ​ដឹង​ពី​ស្ត្រី​មេម៉ាយ​ជា​ម្តាយមីង​ឈ្មោះ ថៃ សា​រុំ ហៅ​អុ​ន អាយុ​៥៨​ឆ្នាំ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា​ថា គាត់​ជា​ស្ត្រី​មេម៉ាយ ជាង​១០​ឆ្នាំ​មក​ហើយ ។ ស្ត្រី​មេម៉ាយ​រូប​នេះ​បាន​ប្រាប់​ទៀត​ថា គាត់​មានកូន​ស្រី​ម្នាក់ ប៉ុន្តែ​កូនស្រី​នោះ​គេ​មានគ្រួសារ​ទៅ​នៅ​ស្រុក​ឆ្ងាយ តែ​អ្វី​ដែល​មានការ​លំបាក​ជា​ប្រចាំ​ថ្ងៃ គឺ​ចិញ្ចឹម​ចៅប្រុស​អាយុ​៧​ឆ្នាំ ដែល​កំព្រាម្ដាយ​ឪពុក និង​ចិញ្ចឹម​ក្មួយ​ស្រី​ឈ្មោះ គង់ ផ​ល្លី អាយុ​២៤​ឆ្នាំ​ដែល​ពិការ​ស្វិតដៃជើង​គ​-​ថ្លង់​និយាយ​មិន​រួច រស់​ក្នុង​ស្ថានភាព​ស្បែក​ដណ្តប់​ឆ្អឹង ។

ស្ត្រី​ចំណាស់​បាន​រៀបរាប់​បន្ត​ថា នាង គង់ ផ​ល្លី ពិការ​តាំងពី​កំណើត ហើយ​ម្ដាយ​របស់​គេ​ឈ្មោះ សៅ យៀន មានគ្រួសារ​ក្រោយ​ក៏​បាន​ចេញ​ទៅ​រកស៊ី​បាត់ ដោយ​ទុក​ឱ្យ​កូនស្រី​ជា​ជន​ពិការ​រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ សៅ ធន ប៉ុន្តែ​លោកយាយ​បាន​ស្លាប់​ចោល​នាង​កាលពី​ឆ្នាំ​២០២០​មក ។

ស្ត្រី​ជា​ម្តាយមីង​ឱ្យ​ដឹង​ទៀត​ថា លោកយាយ សៅ ធន និង​នាង គង់ ផ​ល្លី ជា​ជន​ពិការ​នេះ​ត្រូវ​បាន​លោក​ប្រធាន​ភូមិ​អាណិត​មេត្តា​ទទួល​ប័ណ្ណ​សមធម៌​ពី​រាជរដ្ឋាភិបាល ដោយ​បើក​បាន​សាច់ប្រាក់​មួយ​ខែ​២០​ម៉ឺន​រៀល ។ ប៉ុន្តែ​ពេល​លោកយាយ​ស្លា​.​ប់​ទៅ​ប័ណ្ណ​សម​ធម៌​សម្រាប់​បើកប្រាក់​នោះ ត្រូវ​បាន​គេ​លុបឈ្មោះ​ចេញ​បើក​លុយ​លែង​បាន​មក​ទល់​សព្វថ្ងៃ ។

ស្ត្រី​ជា​ម្តាយមីង​ដែល​មានមុខ​របរ​ទូល​នំត្នោត​លក់​និយាយ​ទៀត​ថា គាត់​ទទួល​បន្ទុក​ដូច​ជា​លំបាក​ពេក​ហើយ ក្នុង​ការ​មើលថែ​ក្មួយ​ស្រី​ពិការ​ដែល​ដេក​តែ​លើ​កន្ទេល បត់​ដៃ​បត់ជើងតូច​ធំ​លំបាក​វេទនា​ពេក​ណាស់ ។ គាត់​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច​មេត្តា​ជួយ​ដាក់​ឈ្មោះ​ក្មួយ​ស្រី​ក្រីក្រ​មួយ​ផង ដែល​មុន​នេះ​គេ​ថា​មិន​ដាក់​ទេ ព្រោះ​គេ​មើល​គាត់​មានផ្ទះ​នៅ ។

គាត់​បាន​និយាយ​ប្រាប់​ថា ផ្ទះ​នេះ​សាងសង់​កាល​ប្ដី​គាត់​មិន​ទាន់​ចុះ​ចោល​ជាង​១០​ឆ្នាំ​មក​ហើយ​មាន​តែ​សម្បក​ផ្ទះ ឯ​សសរ​ពុក​ផុយ​អស់ហើយ ។ ស្ត្រី​ចំណាស់​រៀបរាប់​ទៀត​ថា ដោយសារ​តែ​ជីវភាព​ខ្វះខាត​គាត់​បាន​ធ្វើ​នំត្នោត​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ថ្នល់បំបែក​គ្រាន់​បាន​កម្រៃ​ខ្លះ​ទិញ​អង្ករ​ទុក​ហូប ។

ស្ត្រី​មេម៉ាយ​រូប​នេះ​បាន​អំពាវនាវ​ដល់​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់​តាម​ជាក់ស្ដែង​ផង ព្រោះ​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ​ហៅ​មិន​ឮ​ទេ ដូច​រស់នៅ​កំដរ​ស្លា​.​ប់​តែ​ប៉ុណ្ណោះ ។

លោក អ៊ា​ប គី​ម មេ​ភូមិ​ឃ្លាំង​ខាងត្បូង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ពិការ​គរ​ថ្លង់​នៅ​ក្នុងភូមិ​ទាំងអស់​មាន​ចំនួន​១៤​នាក់ ពេល​នេះ​កំពុង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ តែ​ត្រង់​ថា​បាន​អំណោយ​ឬ​ការ​ឧបត្ថម្ភ​បែប​ណា​នោះ​លោក​មិន​ទាន់​ដឹង​ទេ ។

មហាជន​និយាយ​ថា ពិការ​ភាព​បែប​នេះ សម​ណាស់​ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋ​ហើយ​មិន​សម​ធ្វើ​ព្រងើយ​បែប​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ