ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ ៦ឃុំសង្កាត់ ទើបបង្កើតថ្មី មានឈ្មោះអ្វី? ហើយនៅឯណាខ្លះ?

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ឃុំ​សង្កាត់ ទើប​បង្កើត​ថ្មី ទាំង ៦​ឃុំ​សង្កាត់ គឺ​នៅ​ខេត្តបាត់ដំបង ១​ឃុំ នៅ​ខេត្តក្រចេះ ១​ឃុំ នៅ​ខេត្តកំពង់ស្ពឺ…

ភ្នំពេញ​៖ ឃុំ​សង្កាត់ ទើប​បង្កើត​ថ្មី ទាំង ៦​ឃុំ​សង្កាត់ គឺ​នៅ​ខេត្តបាត់ដំបង ១​ឃុំ នៅ​ខេត្តក្រចេះ ១​ឃុំ នៅ​ខេត្តកំពង់ស្ពឺ ១​ឃុំ នៅ​ខេត្តបន្ទាយមានជ័យ ១​ឃុំ និង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២​សង្កាត់​។​

​អនុក្រឹត្យ ស្តីពី ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ បង្ហាញថា នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ឃុំ​សង្កាត់ សរុប​ចំនួន ១៦៥២​ឃុំ​សង្កាត់​។ ក្នុងនោះ ឃុំ​សង្កាត់ បង្កើត​ថ្មី មាន​ចំនួន ៦​ឃុំ​សង្កាត់ ( ៤​ឃុំ និង ២​សង្កាត់ )​។ ពោលគឺ​នៅ​ទូទាំងប្រទេស​យើង មាន ១៤០៩​ឃុំ និង ២៤៣​សង្កាត់​។​

​រាជរដ្ឋាភិបាល បានសម្រេច​បង្កើត​ឃុំ​សង្កាត់​ថ្មី ចំនួន ៦​ថែមទៀត​នេះ ត្រូវ​ចូល​ជា​ធរមាន សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នា​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ​។ សព្វថ្ងៃ នៅ​កម្ពុជា មាន​ឃុំ​សង្កាត់ ចំនួន ១៦៤៦​ឃុំ​សង្កាត់ ( ១៤០៥​ឃុំ និង ២៤១​សង្កាត់ )​។ 

​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ ដាច់ដោយឡែក​ពីគ្នា ចំនួន ៦ ស្តីពី​ការសម្រេច​បង្កើត​ឃុំ​សង្កាត់​ថ្មី ចំនួន ៦​ឃុំ​សង្កាត់​។  ឃុំ​សង្កាត់​ថ្មី​ទាំង ៦ រួមមាន​៖

១-​ឃុំ​បួ​វិល ក្នុងស្រុក​ប​វេ​ល ខេត្តបាត់ដំបង​

២-​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​

៣-​ឃុំ​អូរ​កណ្តៀរ​សែន​ជ័យ ក្នុងស្រុក​សំបូរ ខេត្តក្រចេះ​

៤-​ឃុំ​បុ​ស្បូវ ក្នុងស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​

៥-​សង្កាត់​អូរជ្រៅ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​

៦-​សង្កាត់​អូរ​ឬ​ស្សី ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

​ក្រៅពី​សម្រេច​បង្កើត​ឃុំ​សង្កាត់​ថ្មី សម្ដេច​ប្រមុខ​រាជរាជ​រដ្ឋាភិបាល​ក​ម្ពុ​ជា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ ក៏​បានចេញ​អនុក្រឹត្យ ស្ដីពី ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ឃុំ​មួយចំនួន​ផងដែរ​។ ក្នុងនោះ រួមមាន​៖ ឃុំ​បឹងល្វា ឃុំ​កំពង់ថ្ម និង​ឃុំ​ប្រាសាទ ក្នុងស្រុក​សន្ទុក ខេត្តកំពង់ធំ ជាដើម​។ 

​ការ​បំបែក ឬ​បង្កើត​រដ្ឋបាល​ឃុំ​សង្កាត់​ថ្មីៗ​នេះ ត្រូវបាន​ផ្អែកលើ​កត្តា​២ គឺ​កត្តា​ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ ក្នុងន័យ​ដើម្បីឱ្យ​ការបំរើ​សេវាសាធារណៈ ជូន​ពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ​។​

​នៅ​កម្ពុជា បានរៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ លើកដំបូង កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០០២​។ កាលណោះ កម្ពុជា មាន ១៦២១​ឃុំ​សង្កាត់​។ ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​២ នៅ​ឆ្នាំ​២០០៧ ចំនួន​ឃុំ​សង្កាត់ ត្រូវបាន​រក្សាទុក​ដដែល គឺ​១៦២១​ឃុំ​សង្កាត់​។ ចំណែក​ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៣ នៅ​ឆ្នាំ​២០១២ កើន​ដល់ ១៦៣៣​ឃុំ​សង្កាត់​។ នៅ​ឆ្នាំ​២០១៧ កើនឡើង​ដល់ ១៦៤៦​ឃុំ​សង្កាត់​។ ចំណែក​នៅ​ឆ្នាំ​២០២២ ការបោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​ធ្វើឡើង នា​ថ្ងៃទី​៥ ខែមិថុនា ឃុំ​សង្កាត់ ត្រូវ​កើនឡើង​ដល់ ១៦៥២​ឃុំ​សង្កាត់ គឺ​កើនឡើង ៦​ឃុំ​សង្កាត់​៕ មុត ស្រីពៅ