ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល សម្រេចបង្កើតឃុំថ្មីមួយទៀត នៅស្រុកបរវេល ខេត្តបាត់ដំបង

2 ឆ្នាំ មុន
  • បាត់ដំបង

បាត់ដំបង៖ រាជរដ្ឋាភិ​បាល បានសម្រេចបង្កើតឃុំថ្មីមួយទៀត គឺឃុំ«បួវិល» ក្នុងស្រុកបវេល ខេត្តបាត់ដំបង។ ឃុំថ្មីនេះ កាត់​យកភូមិចំនួន៩ ក្នុង​ឃុំបវេល។ ​អនុក្រឹត្យ…

បាត់ដំបង៖ រាជរដ្ឋាភិ​បាល បានសម្រេចបង្កើតឃុំថ្មីមួយទៀត គឺឃុំ«បួវិល» ក្នុងស្រុកបវេល ខេត្តបាត់ដំបង។ ឃុំថ្មីនេះ កាត់​យកភូមិចំនួន៩ ក្នុង​ឃុំបវេល។

​អនុក្រឹត្យ បង្កើតឃុំបួវិល ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខា កាលពី​ថ្ងៃទី២០ ខែ​សីហា ឆ្នាំ២០២១​ ហើយត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១​។

អនុក្រឹត្យដដែល លើកឡើងថា ភូមិទាំង ៩ ក្នុងឃុំបួវិល ដែលទើបបង្កើតថ្មី រួមមាន៖ ភូមិបវេល២ ភូមិទំនប់ទឹក ភូមិព្រៃទទឹង១ ភូមិព្រៃទទឹង២ ភូមិគោក ភូមិស្លខ្លាញ់ ភូមិកំពង់ឆ្នាំង១ ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី។

ចំណែក​ទីតាំងសាលាឃុំ«បួវិល» ស្ថិតនៅក្នុងភូមិទំនប់ទឹក។ ការបង្កើតឃុំ«បួវិល» ត្រូវចូលជាធរមាន សម្រាប់ការបោះ​ឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២​ ខាងមុខ​។​​

សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតឃុំ​ថ្មី​មួយទៀតដែរ នៅស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ គឺឃុំ «យាយម៉ៅពេជ្រនិល​»។ ឃុំយាយម៉ៅពេជ្រនិល មានភូមិចំនួន៩ ដែលត្រូវបានកាត់ចេញពីឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យ ២ទៀត ​បង្កើតសង្កាត់ថ្មីចំនួន ២​ទៀត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ គឺសង្កាត់​អូរជ្រៅ និងសង្កាត់អូរឬស្សី។

តាមអនុក្រឹត្យ សង្កាត់​អូរជ្រៅ បានកាត់ភូមិចំនួន ៧ភូមិ ពីសង្កាត់ប៉ោយប៉ែត រួមមាន៖ ភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត ព្រមទាំងកំណត់ទីតាំង​សាលាសង្កាត់អូរជ្រៅ ស្ថិតក្នុងភូមិព្រៃព្រិច។

ចំណែកសង្កាត់អូរឬស្សី បានកាត់ភូមិចំនួន៥ ពីសង្កាត់ផ្សារកណ្តាល រួមមាន ភូមិអូរឬស្សី ភូមិប្រជាធម្មកើត ភូមិទួលពង្រ ភូមិអូរនាង និងភូមិព្រៃគប់ ព្រមទាំងកំណត់ទីតាំងសាលាសង្កាត់អូរឬស្សី ត្រូវស្ថិតក្នុងភូមិទួលពង្រ។

សម្ដេចប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យ ស្ដីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងឃុំបឹងល្វា ជាមួយឃុំកំពង់ថ្ម និងឃុំប្រាសាទ នៃស្រុកសន្ទុក ខេត្តកំពង់ធំ ផងដែរ។ 

របាយការណ៍រ​បស់​​ក្រសួង​មហា​ផ្ទៃ បង្ហាញថា កម្ពុជាមានឃុំសង្កាត់ ចំនួន ១៦៤៦​ឃុំសង្កាត់។ ក្នុងនោះ រួមមាន៖ ឃុំចំនួន ១៤០៥សង្កាត់ ​និងសង្កាត់ចំនួន ២៤១សង្កាត់។  

ការបំបែក ឬបង្កើតរដ្ឋបាលឃុំសង្កាត់ថ្មីៗនេះ ត្រូវបានផ្អែកលើកត្តា២ គឺកត្តាប្រជាសាស្រ្ត និងភូមិសាស្រ្ត ​ដើម្បីឱ្យការ​បំរើសេវាសាធារណៈ ជូនពលរដ្ឋបានកាន់តែល្អប្រសើរ។

ដូច្នេះ​​​សម្រាប់​ការ​​បោះឆ្នោត​​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ២០២២ យ៉ាងហោចណាស់ ក៏នឹង​មាន​ឃុំ​សង្កាត់​ កើនដល់ ១៦៥០​​ឃុំ​សង្កាត់ដែរ​​៕