រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបើកដំណើរការសាលារៀនឡើងវិញ ពិសេសនោះសាលារៀននៅ ជនបទដែលពុំមានការឆ្លងជំងឺកូវីដ១៩ ។
យោងតាមសារសំឡេងរបស់សម្តេចតេជោ ប្រមាណជាង១៤នាទីចេញផ្សាយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្តេចបានលើកឡើងថា កន្លងមកសម្តេចបានផ្តល់មតិខ្លះជូនទៅរដ្ឋមន្ត្រីក្រសួងអប់រំ ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ ដោយសារកន្លងមកយើងបានបិទសាលារៀនសំដៅការពារដល់គ្រូបង្រៀន កុមារា កុមារី សិស្សានុសិស្ស នៅក្របខណ្ឌទូទាំងប្រទេស ។
សម្តេចបញ្ជាក់ថា ៖«អាស្រ័យដោយពិនិត្យឃើញថា នៅទូទាំងប្រទេសជំងឺកូវីដបានឆ្លងដាច់ដោយដុំ ហើយប្រមូលផ្តុំនៅតាមទីប្រជុំជន ទីក្រុង ភាគីច្រើន ឯតំបន់ជនបទ គឺហាក់ដូចជា បានកើតឡើងតិចតួចណាស់ ហើយខេត្តខ្លះស្ទើរពុំមានទៀតផង តែយើងក៏បានបិទសាលារៀននៅទីនោះដែរ ។ ដូច្នេះខ្ញុំស្នើសុំឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើពិភាក្សាជាមួយនឹងបណ្តាខេត្តរាជធានី ដើម្បីបើកសាលារៀនទីតាំងសាលារៀនមួយចំនួនដែលពុំមានការឆ្លងជំងឺកូវីដ» ។ សម្តេចបានលើកឡើងថា ពេលនេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ចាប់ពីអាតយុពី១២ដល់១៨ឆ្នាំ ។
ស្ថានភាពចាក់វ៉ាក់សាំងមកដល់ពេលនេះ ក្នុងចំណោមកុមារដែលមានអាយុពី១២ ដល់១៨ឆ្នាំ ដែលមានប្រមាណជាង២លាននាក់ពេលនេះបានចាក់វ៉ាក់សាំងជាង១លាន៥សែននាក់រួចហើយ ។
ដោយសង្កេតឃើញថា នៅសាលារៀជនបទដែលពុំមានការឆ្លងជំងឺកូវីដ១៩ យើងមានលទ្ធភាព ក្នុងការបើកសាលារៀននោះ ដោយមិនរងចាំទូទាំងប្រទេស ត្រូវតែបើក ឬខេត្តមួយត្រូវតែបើក ឬស្រុកមួយត្រូវតែបើកនោះទេ ។
សម្តេចបញ្ជាក់ថា «យើងគួរជ្រើសរើសនៅតាមភូមិឃុំដែលពុំមានការកើតនូវជំងឺឆ្លងនេះ ហើយកុមារា កុមារី របស់យើងឲ្យចូលបានសិក្សា ដោយរក្សាគម្លាត រក្សានូវវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ដើម្បីឲ្យកុមារាកុមារីបានចូលរៀន ។ យើងកំពុងស្ថិតក្នុងស្ថានភាពពិតប្រាកដ ប្រសិនបើយើងបន្តបិទសាលារៀនទៀត បើយើងមិនបានញែកកន្លែងឆ្លង និងកន្លែងមិនឆ្លងនោះនឹងអាចធ្វើឲ្យសិស្សបោះបង់ចោលសាលារៀន ឬអាចឈានដល់សិស្សភ្លេចអក្សរជាដើម» ។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ទោះបីជាមានការបង្កើតការរៀនតាមប្រពន្ធអនឡាញក្តី ប៉ុន្តែនៅតាមជនបទកុមារក្រីក្រពុំមានលទ្ធភាព និងពុំមានអីធើរណែតរៀនតាមអនឡាញនោះទេ ។ ដូច្នេះខ្ញុំស្នើសុំឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ពិភាក្សាជាមួយលោក លោកជំទាវ អភិបាលរាជធានី ខេត្ត ធ្វើកាពិនិត្យដើម្បីជ្រើសរើសសាលារៀនដែលត្រូវបើកឲ្យរៀនទាំងថ្នាក់បឋមសិក្សា និងមធ្យមិសក្សាទាំងកម្រិតមួយ និងកម្រិតពី ដោយអនុវត្តវិធានការសុខាភិបាល ។ សម្រាប់នៅទីប្រជុំដែលមានឆ្លងជំងឺកូវីដ ឬឆ្លងតិចយើងត្រូវបន្តឲ្យរៀនតាមប្រព័ន្ធអនឡាញ ឬរៀនតាមស្ថានភាពផ្គួបផ្សំដោយផ្ទាល់ដោយរក្សាសុវត្ថិភាព និងរៀនតាមបែបចំរុះ ។
សម្តេចបញ្ជាក់ទៀតថា ដោយសារនៅទីប្រជុំជន និងទីក្រុងមានអីធើណេតអាចរៀនតាមអនឡាញបានយើងអាចផ្គួបផ្សំគ្នានៅកន្លែងឆ្លងតិចក្នុងការបើកដំណើការ សាលារៀនបាន ។ ជាងនេះនៅពេលមានការចាក់វ៉ាក់សាំងជូនកុមារ យុវជនបានគ្រប់គ្នានោះ យើងអាចឈានដល់ការបើកដំណើការសាលារៀនរបស់យើងឡើងវិញ ។
សម្តេចគូសបញ្ជាក់ថា ៖«យើងត្រូវតែខិតខំដោះស្រាយរឿងនេះ«បើកសាលារៀន»ហើយកន្លែងដែលមានការឆ្លងច្រើន គឺបន្តរៀនតាមអនឡាញរៀនពីចំងាយ ។ ខ្ញុំស្នើឲ្យរកគ្រប់វិធានការ ដើម្បីឲ្យសិស្សបានរៀនដោយមកសាលាផ្ទាល់សំដៅឆ្ពោះទៅរកជនបទដែលពុំមានជំងឺឆ្លង និងការបើកការរៀនលក្ខណៈចំរុះដែលមាន ការឆ្លងតិច និងការចាក់វ៉ាក់សាំងគ្រប់គ្រាន់» ។
សម្តេចក៏បានលើកឡើងថា ចំនួនមនុស្សដែលត្រូវចាក់វ៉ាក់សាំងមានរហូតដល់ជាង១២លាន៦សែន៦ម៉ឺន១ពាន់៤រយ៩៧នាក់ដែលក្នុងនោះបែងចែកមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងចំនួន១៦៣១៥១២នាក់ និងកុមារាកុមារី និងយុវវ័យជាង២នាក់ ។
ពេលនេះកុមារ យុវ័យដែលបានចាក់វ៉ាក់សាំងរួចហើយជិត១លានកន្លះរួចហើយ(គិតត្រឹមថ្ងៃ២៩សីហា ១៤៥៣០២១នាក់ស្មើ៧១.៥៨នាក់)។ មិនយូរប៉ុន្មានសិស្សនឹងទទួលបានវ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ហើយលោកគ្រូអ្នកគ្រូក៏ទទួលបានវ៉ាក់សាំងដូសទី១ទី២ និងដូសជំរុញទៀតផង ។
សម្តេចសង្កត់ធ្ងន់ថា ៖«ខ្ញំគិតថា សាលារៀននៅជនបទ សូម្បីក្មេងមិនទាន់ដល់អាយុ១២ ឆ្នាំក៏អាចចូលរៀនបានដែរ ព្រោះនៅទីនោះមិនបានឆ្លងជំងឺទេ ។ ខ្ញុំស្នើសុំឲ្យមានការពិភាក្សាគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមខេត្តនីមួយៗ កន្លែងណាមានលទ្ធភាពបើក គឺបើក កន្លែងណាមិនមានលទ្ធភាពបើកឲ្យរៀនតាមអនឡាន កន្លែងណាបើកឲ្យរៀនចំរុះឲ្យរៀន ឬរៀនពីចំងាយក៏សុំពិនិត្យ» ។
សម្តេចតេជោ លើកឡើងទៀត បើសិនមិនមានការគិតគូរបើកសាលារៀនតាមបែបបត់បែននេះទេនឹងធ្វើឲ្យកម្ពុជាស្ថិតក្នុងស្ថានភាពមួយបាត់បង់កុមារយុវវ័យ និងយុវជនរបស់យើង ។ សម្តេចក៏បានបន្ថែមថា ភាពសាំនៃការចាក់វ៉ាក់សាំងកាពារជំងឺកូវីដ១៩បានកំពុងកើតនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ភ្នំពេញការឆ្លងជំងឺកូវីដ១៩ មានចំនួនធ្លាក់ចុះ ហើយអ្នកដែលបានឆ្លងក៏មិនមានភាពធ្ងន់ធ្ងរនោះទេ ។ អត្រាស្លាប់ក៏មានការថយចុះ ដូច្នេះចំណុចនេះជាចំណុចវិជ្ជមាននូវសង្គមសេដ្ឋកិច្ចនៅទូទាំងប្រទេសរបស់យើងក្នុងនោះក៏មានវិស័យអប់រំ ដូច្នេះស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំពិភាក្សាលើបញ្ហានេះឲ្យម៉ត់ចង់ ដើម្បីឲ្យមានការបើកសាលារៀនឡើងវិញ ។
ពិសេសនោះនៅតំបន់ជនបទដែលជា តំបន់ពុំមានជំងឺឆ្លង ដើម្បីជៀសវាងកុំឲ្យកុមារជនបទក្លាយជាជនរងគ្រោះដោយជំងឺកូវីដក្នុងពេលដែលជនបទពុំមានការឆ្លងជំងឺកូវីដ ៕
ចែករំលែកព័តមាននេះ