ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូនចាស់ នៅអូររាំងឪ ទទួលវ៉ាក់សាំងបង្ការកូវីដ ចំលេខរៀងទី៩លាន បានអំណោយពីសម្ដេច​តេជោ ១០លានរៀល

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ដូនចាស់វ័យ ៧៥ឆ្នាំ រស់នៅក្នុងឃុំមៀន ស្រុកអូររាំងឪ បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយពិតជាមានសំណាងណាស់ ត្រូវលេខរៀងទី៩​លាន​​។ សម្ដេចតេជោ ហ៊ុន…

ខេត្តត្បូងឃ្មុំ៖ ដូនចាស់វ័យ ៧៥ឆ្នាំ រស់នៅក្នុងឃុំមៀន ស្រុកអូររាំងឪ បានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយពិតជាមានសំណាងណាស់ ត្រូវលេខរៀងទី៩​លាន​​។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងសហការី អមដំណើរដោយឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងសហការី លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ និងសហការី អាជ្ញាធរមូលដ្ឋានឃុំ ភូមិ បាននាំយកថវិកាចំនួន ១០,០០០,០០០រៀល (ដប់លានរៀល) គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួនធំ​របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយ។

ក្នុងនោះ ឯកឧត្ដម​អភិបាលខេត្តត្បូងឃ្មុំ ក៏បានផ្តល់ថវិកាបន្ថែម ១,០០០,០០០រៀល (មួយលានរៀល) ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនលោកយាយ ព្រំ កួយ អាយុ ៧៦ឆ្នាំ មានទីលំនៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូររាំងឪ ផងដែរ​។ ពិធីនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយចូលរួមពីសំណាក់អាជ្ញាធរខេត្ត អាជ្ញាធរស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកយាយ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋទូទាំងស្រុកអូររាំងឪ ពិតជារំភើបឥតឧបមា និងសប្បាយរីករាយក្រៃលែង ដោយបានគោរពជូនពរ និងគោរពថ្លែងអំណរគុណចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរ យកចិត្តទុកដាក់ពីសុខទុក្ខ ពិសេសបញ្ហាសុខភាព​របស់ប្រជាពលរដ្ឋ ដោយបាននាំយកវ៉ាក់សាំងការពារជំងឺកូវីដ.១៩ មកចាក់ជូនប្រជាពលរដ្ឋទូទៅដោយមិនគិតថ្លៃ ព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់អ្នកដែលបានចាក់វ៉ាក់សាំងផងដែរ។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍​ថា បច្ចុប្បន្ន ដំណើរការចាក់វ៉ាក់សាំង នៅទូទាំងប្រទេសកម្ពុជា គឺកំពុងតែបានដំណើរការទៅដោយល្អ។ លោកយាយវ័យ ៧៦ឆ្នាំរស់នៅឃុំមៀន ស្រុកអូររាំងឪ ពិតជាមានសំណាង ដែលបានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត ជាប់លេខរៀងទី៩លាន។ គិតមក​ដល់ពេលនេះ អ្នកដែលមកចាក់វ៉ាក់សាំង ចាប់ពីអាយុ ១៨ឆ្នាំឡើង មានចំនួន ៩០.១២% លើសពី ៩លាននាក់។ ចំណែកពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ស្មើ ៧២.៤៨% នៃផែនការ។ ការរំពឹងទុក និងរំកិលទៅរកជិតដល់ ១០​លាននាក់​ហើយ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍បន្តថា អាចយ៉ាងយូរខែតុលាខាងមុខនេះ ការចាក់វ៉ាក់សាំង នឹងដំណើរការ​ទៅដោយចប់សព្វគ្រប់។ ជាមួយនោះ អាជ្ញាធរទាំង ២៥ខេត្ត រាជធានី ត្រូវតែយកចិត្តទុកដាក់ចាក់វ៉ាក់សាំង ជូនដល់អ្នក ដែលមិនទាន់បានមកចាក់។

លោកជំទាវ បន្តថា ចាប់តាំងពីថ្ងៃទី៣១មីនា រហូតមកដល់ថ្ងៃទី២៨ សីហាឆ្នាំ២០២១ ជំងឺកូវីដបំលែងដែលតា ត្រូវបានរកឃើញ​ចំនួន ១៧៥២នាក់។ ក្នុងនោះ ខេត្តចំនួនពីរ នៅមិនទាន់បានរកឃើញប្រភេទជំងឺកន្លែងថ្មីនេះ គឺខេត្តក្រចេះ និងខេត្តកែប។

លោកជំទាវ បន្ថែមថា ដែលតា កំពុងតែសកម្ម ហើយថែមទាំងឆ្លងលឿនទៀតផង។ ដូច្នេះត្រូវតែរួមគ្នាទប់ស្កាត់ជំងឺនេះ ឲ្យបាន​សស្រាក់សស្រាំ។ បើនិយាយពីការចាក់វ៉ាក់សាំង មិនគ្រប់គ្រាន់នោះទេ សំខាន់ត្រូវតែអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ឲ្យបាន​ជាប់ជាប្រចាំផងដែរ៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ