ខេត្តតាកែវ ៖ នៅពេលថ្មីៗនេះ មានផ្ទុះឡើងនូវរឿងរ៉ាវទំនាស់ក្តៅគគុកមួយ រវាងព្រះសង្ឃជាចៅអធិការវត្តនិងពុទ្ធិបរិស័ទ ដោយ បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ។ ជម្លោះចុងក្រោយនេះ បានកើតមាន បន្ទាប់ពីមានលោកតាអាចារ្យអាយុ៧៤ឆ្នាំ បានទៅសួរនាំដល់ចៅអធិការវត្តពីរឿង «កាប់ដីសាលារៀន ដែលសល់យកទៅដាក់ក្រោមទេពប្រណមនោះ» ពុទ្ធបរិស័ទចំណុះជើងវត្តបានមកប្រមូលផ្តុំគ្នាឆោឡោនិងចោទប្រកាន់ថា «ព្រះសង្ឃដែលជាអ្នកគ្រប់គ្រងនៅក្នុងវត្តសំរិទ្ធវង្សខាងលើ រកវាយលោកតាអាយុ៧៤ឆ្នាំនោះនឹងត្បូងចប ។ តែមិនមានវាយដុំនោះទេ គ្រាន់តែបានប្រើពាក្យសំដី មិនសមរម្យដាក់គ្នា ទៅលើគ្នាទៅវិញទៅមក រវាងព្រះសង្ឃនិងក្រុមគ្រួសាររបស់លោកតាខាងលើ ។ យ៉ាងណាមិញ ជម្លោះរវាងចៅអធិការ និងតាអាចារ្យ ក៏បានកើតរឿងក្តៅក្រហាយឡើងសាជាថ្មី នឹងគាស់កកាយរឿងទំនាស់ចាស់ៗឡើងវិញ បង្កឱ្យមានប្រជាពលរដ្ឋជាច្រើន មានការមិនពេញចិត្តនិងចៅអធិការវត្តខាងលើ តែក៏មានប្រជាពលរដ្ឋមួយក្រុមទៀតដែលបានគាំទ្រព្រះសង្ឃ ក៏បានតតាំងគ្នា នឹងអ្នកដែលគាំទ្រតាអាចារ្យ ។
នាយកសាលាបឋមសិក្សាក្រាំងទ្រម៉ូង បានប្រាប់រអ្នកយកព័ត៌មានថា ព្រះសង្ឃដែលជាចៅអធិការ «វត្តសំរិទ្ធវង្ស» ហៅគ្រាំងទ្រម៉ូងនេះ គឺមានអកប្បកិរិយា និងពាក្យសំដីមិនល្អឡើយ មកដាក់ចាស់ទុំនៅក្នុងវត្ត ហើយមានរឿងជាច្រើនដែលបានធ្វើឱ្យប្រជាពលរដ្ឋចំណុះជើងវត្ត មួយចំនួនធំលែងហ៊ានចូលធ្វើបុណ្យក្នុងវត្តខាង លើដោយសារតែសកម្មភាព និងអកប្បកិរិយារបស់សង្ឃនេះ មិនមានចិត្តសណ្តោសប្រណី មានចិត្តចង្អៀតចង្អុល មកលើពុទ្ធបរិស័ទ និងក្មេងៗដែលរៀនក្នុងសាលាឋិតនៅបរិវេនរបស់វត្ត ។ តំណាងឱ្យពុទ្ធបរិស័ទចំណុះជើងវត្តបានលើកឡើង ៧ចំណុចដែលជាដើមហេតុនៃការមានទំនាស់រ៉ាំរ៉ៃជាមួយពុទ្ធបរិស័ទ។
ជុំវិញបញ្ហានេះដែរ ព្រះសង្ឃព្រះនាម ទូច សើរ ហៅស្រីសម្បត្តិ នេះបានមានសង្ឃដីកាប្រាប់ដែរថា រឿងដែលចោទលោកថា បានរកវាយតាឆាន់ ដែលជាអតីតអាចារ្យវត្តនោះនឹងត្បូងចប គឺមិនពិតដូចការចោទប្រកាន់នោះទេ គឺក្នុងពេលនោះ លោកកំពុងតែធ្វើពលកម្មកាប់ដីសាលា ដែលសេសសល់យកមកបំពេញខាងក្រោមជើងទេពប្រណម ស្រាប់តែលោកតាឆាន់ បានមកនិយាយមិនសមរម្យ ក៏កើតមានជាទំនាស់កើតឡើងតែម្តងទៅ ហើយលោកបានបញ្ជាក់ថា លោកមកគ្រប់គ្រងនៅវត្តនេះ បានជិត៣ឆ្នាំមកហើយ គឺមានរឿងទំនាស់គ្នារហូតជាង៦០ករណី មិនចេះចប់ មិនចេះហើយនោះទេ ទើបតែកើតរឿងថ្មីនេះ ក៏ញាតិញ៉ោមប្រមូលរឿងចាស់ៗលើកមកដាក់លើលោកតែម្តង ។
ទាក់ទិញនឹងករណីនេះ អនុគុណស្រុកគីរីវង់បានឱ្យភ្នាក់ងារយើងដឹងតាមទូរស័ព្ទដែរថា ដើម្បីដំណោះស្រាយមួយដ៏ល្អជាជំហានតំបូង លោកមានគោលបំណងចង់ឲព្រះសង្ឃគង់នៅវត្តគ្រាំងទ្រម៉ូងនោះ មកនៅជាមួយលោក ធ្វើជាជំនួយការរបស់លោកសិននៅពេលចប់វស្សាខាងមុខនេះ ព្រោះលោកមិនមានកំហុសអ្វីធ្ងន់ធ្ងរនោះទេ ដោយលោកមិនបានប្រព្រឹត្តិដូចការលើកដែលថា រកវាយលោកតាម្នាក់នឹងត្បូងចបនោះទេ តែលោកហាក់បីដូចជាមានចិត្តនៅចង់តតាំងជាមួយនិងពុទ្ធបរិស័ទ រកឈ្នះរកចាញ់ទៅវិញ ។
ចែករំលែកព័តមាននេះ