ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកសំណល់ពីអ្នកជំងឺកូវីដ ១៩ និងអ្នកធ្វើចក្តាឡីស័កមានប្រមាណ ១០០ តោន មួយថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានឲ្យដឹងថា សំណល់រឹងរាវនៅតាមន្ទីរពេទ្យព្យាបាលកូវីដ ១៩ និងកន្លែងធ្វើចក្តាឡីស័ក ទូទំាងប្រទេសមានប្រមាណ ១០០ តោនក្នុងមួយថ្ងៃ ។…

រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថានឲ្យដឹងថា សំណល់រឹងរាវនៅតាមន្ទីរពេទ្យព្យាបាលកូវីដ ១៩ និងកន្លែងធ្វើចក្តាឡីស័ក ទូទំាងប្រទេសមានប្រមាណ ១០០ តោនក្នុងមួយថ្ងៃ ។ ក្រសួងជំនាញបានកំពុងជំរុញការទុកដាក់កាកសំណល់ទំាងនោះឲ្យមានសុវត្ថុភាពធ្វើការដុតកម្ទេច ដោយត្រូវផ្តល់ឡដុតកម្ទេច និងធម្យោបាយគ្រប់គ្រងកាកកសំណល់ទៅតាមមន្ទីរពេទ្យ និងមណ្ឌលចក្តាឡីស័កទូទំាងប្រទេស ។

រហូតមកដលពេលនេះ ឡដុតសំណល់រឹងសំរាម ៥០ ដែលក្រសួងបរិស្ថានបានបំពាក់ទៅដល់ ២១ រាជធានី-ខេត្ត នៅក្នុងស្រុកចំនូន ៤៩ ស្រុក និងកំពុងចូលរួមដុតកម្ទេចសំណល់វេជ្ជសាស្ត្រពីមណ្ឌលព្យាបាលជំងឺកូវីដ ១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ។ ជំនួយបន្ថែមរបស់ក្រសួងបរិស្ថាននាពេលនេះ បន្ថែមលើឡដុតនិងមធ្យោបាយទុកដាក់កាកសំណល់វេជ្ជសាស្ត្រដែលមាន ស្រាប់នៅតាមមន្ទីរពេទ្យនិងតាមមណ្ឌលសុខភាពនានានៅទូទាំងប្រទេសកម្ពុជា ។ 

មន្ត្រីនាំពាក្យ ក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២១ បានចុះពិនិត្យការដ្ឋានសាងសង់ឡដុតសំណល់រឹងសំរាមមួយកន្លែងស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ។  លោកបានថ្លែងថា ការគ្រប់គ្រង និងវេច ខ្ចប់សំណល់រឹងសំរាមពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ និងពីអ្នកជំងឺព្យាបាលតាមផ្ទះបានល្អ ត្រឹមត្រូវនឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ។ 

យោងតាមរបាយការណ៍ផ្តល់ពីមន្ទីរបរិស្ថានទាំង ២៥ ខេត្តរាជធានី រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត ( ៤៩ ស្រុក) ។ មន្ត្រីនាំពាក្យបានថ្លែងថា ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណៈបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ។

 «ក្រសួងបរិស្ថានបន្តគាំទ្រ និងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម» ។ លោកបន្ថែមថា ក្នុងមួយថ្ងៃ កម្ពុជាបង្កើតសំរាមជាង ១ ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណជិត ៤ លានតោនដែលក្នុងនោះសំណល់សរីរាងប្រមាណ ៦៨% សំណល់ប្លាស្ទិកប្រមាណជាង ២០% និងសំណល់រឹង/សំណល់គ្រោះថ្នាក់ប្រមាណជាង ១០%» នេះជាគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ។ 

កន្លងមក ដើម្បីគ្រប់គ្រងកាកសំណល់អ្នកព្យាបាលជំងឺកូវីដ ១៩ តាមផ្ទះឲ្យបានត្រឹមត្រូវ និងបង្ការការឆ្លង រដ្ឋបាលរាជធានីបានណែនាំឲ្យអ្នកជំងឺត្រូវដាក់សម្រាមនៅក្នុងស្បោងពណ៌លឿង ឬសរសេរស្លាកសញ្ញាបញ្ជាក់នៅលើស្បោង និងដាក់ដាច់ដោយឡែកពីសំរាមរបស់អ្នកដទៃ ដើម្បីងាយស្រួលក្នុងការប្រមូល ។ រដ្ឋបាលរាជធានីបន្តថា ត្រូវបាញ់ថ្នាំ ឬអាល់កុល សម្លាប់មេរោគកូវីដ-១៩ នៅលើសម្រាមទាំងក្នុង និងក្រៅស្បោង ហើយទុកសម្រាមដោយឡែកប្រហែលប្រាំថ្ងៃមុនពេលបញ្ចេញមកខាងក្រៅ ។ ប្រជាពលរដ្ឋត្រូវប្រើប្រាស់ស្បោងដែលមានចំណុះ ១៥ គីឡូក្រាម ដើម្បីផ្ទុកបរិមាណសំរាមឲ្យបារយៈពេល ៥ ថ្ងៃយ៉ាងតិច ដើម្បីចៀសវាងបញ្ចេញសម្រាប់ជារៀងរាល់ថ្ងៃ ។

 រដ្ឋបាលរាជធានីបានព្រមានថា ក្នុងករណីមិនសហការ និងមិនអនុវត្តតាមការណែនាំខាងលើ ហើយបង្កឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ បុគ្គលដែលប្រព្រឹត្តត្រូវទទួលខុសត្រូវតាមមាត្រាទី ០៩ នៃច្បាប់ស្តីពីវិធានការទប់ស្កាតការឆ្លងរាលដាលជំងឺកូវីដ-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ