ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចក្រឡាហោម ស ខេង ប្រកាសប្រើ​ហ្វេសប៊ុក​របស់សម្តេច ផ្សព្វផ្សាយនូវសមិទ្ធផល​ការងារ​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស​ នៅថ្ងៃទី២៧ ខែសីហានេះ ជូនបងប្អូនជនរួមជាតិទាំងអស់…

ភ្នំពេញ៖ ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស​ នៅថ្ងៃទី២៧ ខែសីហានេះ ជូនបងប្អូនជនរួមជាតិទាំងអស់ ឱ្យបានជ្រាបថា ចាប់ពីពេលនេះតទៅ គេហទំព័រហ្វេសបុករបស់សមសម្តេច នឹងធ្វើការ​ផ្សព្វផ្សាយជាបន្តបន្ទាប់នូវសមិទ្ធផលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា ដែលជាយន្តការមួយ មានការពាក់ព័ន្ធយ៉ាងជិតដិតបំផុត ទៅនឹងជីវភាពប្រចាំថ្ងៃរបស់បងប្អូន។

សេចក្តី​ប្រកាសលើកឡើងថា «ពាក់ព័ន្ធនឹងកិច្ចការនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា ប្រទេស​កម្ពុជាយើង ក៏ធ្លាប់​មានប្រព័ន្ធអភិបាលកិច្ចមូលដ្ឋានជាយូរលង់មកហើយ។ ប៉ុន្តែ​ប្រព័ន្ធ​​​​អភិបាល​​កិច្ច​​នេះ​​ មាន​​ការប្រែប្រួលទៅ​តាម​ការផ្លាស់ប្តូរ​របប​នយោបាយ​ជាច្រើន​​លើកច្រើន​​សារ​​។​ ទោះ​​បី​​មាន​ការ​ផ្លាស់​ប្តូរ​​នូ​វ​​របប​​នយោបាយ​បែប​នេះ​​ក្តី ក៏​ជាទូទៅ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​​សាធារណៈ នៅ​ក្នុង​ប្រទេស​យើង នៅ​រក្សា​របៀប​គ្រប់​គ្រង​តាម​បែប​មជ្ឈការ ដែល​បាន​បន្សល់​​ទុក​តាំងពីយូរយារ​មកហើយ»។

ក្នុង​​​​​សារ​​ដដែល​​ លើក​​​ឡើង​​​ថា​ «​ក្នុង​​ប្រវត្តិ​​សា​ស្ត្រ​​​នៃ​ការ​ផ្លាស់​ប្តូរ​នូវ​របប​នយោបាយ​ទាំង​នេះ​ ជា​​អកុសល ​ប្រទេស​យើង​ ក៏បានជួបនូវសោកនាដកម្ម​ដ៏សែនឈឺចាប់ជាទីបំផុត នោះគឺសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ ដែលបានអូសបន្លាយពេលវេលាជាច្រើន​ទសវត្សរ៍ ជាពិសេសរបបប្រល័យពូជសាសន៍​​ប៉ុល​ពត ដែល​បាន​ធ្វើ​ទារុណ​កម្ម និងកាប់សម្លាប់ប្រជាជនយ៉ាងរង្គាល ព្រមទាំងបានបំផ្លិចបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់វិស័យ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ​នៅគ្រប់ថ្នាក់ ព្រមទាំងធនធានមនុស្ស។ បើទោះបីជា ប្រទេសជាតិរបស់យើងត្រូវរំដោះឱ្យចាកផុតពីរបបយ៉ង់ឃ្នងនេះក៏ដោយ ក៏ប្រទេសជាតិយើងនៅតែបន្តមានសង្រ្គាមស៊ីវិល ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកទៀត រហូតដល់យើងទទួលបាននូវសុខសន្តិភាពពេញលេញ នាចុងឆ្នាំ១៩៩៨»។

សម្តេចបន្ថែមថា បន្ទាប់ពីទ​ទួលបានសន្តិភាព ស្ថិ​រភាព​នយោបាយ ឯកភាពជាតិ និងឯកភាពទឹកដីពេញលេញ​តាមរយៈការ​អនុវត្ត “នយោបាយឈ្នះ-ឈ្នះ” ដែលផ្តួចផ្តើមគំនិត និងដឹកនាំអនុវត្តដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាចុងទសវត្សរ៍៩០ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅជាសារវន្តក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិ គឺការកសាងសង្គមកម្ពុជាមួយដែលធានាដល់ការបន្តរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តា​ប់ធ្លាប់សង្គម មានការអភិវឌ្ឍប្រកបដោយចិរភាព បរិយាប័ន្ន និងសមធម៌សង្គម ឈរលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស មានមនសិការផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ វប្បធម៌ជ្រៅជ្រះ មានជីវភាពសមរម្យ និងមានការរស់នៅប្រកប ដោយសុខដុមរមនាក្នុងសង្គមជាតិ»។

សម្តេចក្រឡាហោម ស ខេង លើកឡើងថា «បងប្អូនជនរួមជាតិជាទីគោរព! ដើម្បីធានាដល់ការសម្រេចបាននូវទិសដៅ​ជាសារវន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គមនានាដែលក្នុងនោះរួមមាន យុទ្ធសាស្ត្រចតុកោណតាមនីតិកាលនីមួយៗនៃរដ្ឋសភា ដោយកំណត់យកកំណែទម្រង់អភិបាលកិច្ចធ្វើជាស្នូល​នៃយុទ្ធសាស្ត្រទាំងនេះ។ បន្ថែមលើនេះ ផ្អែកលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច ភាពសម្បូរបែប បច្ចេកវិទ្យាទំនើប និងការកើនឡើងនូវតម្រូវការសង្គម រួមជាមួយនឹងចរន្តនៃតំបន់ភាវូបនីយកម្ម សកលភាវូបនីយកម្ម និងការប្រកួត​ប្រជែងទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិបានតម្រូវឱ្យរាជរដ្ឋាភិបាល ត្រូវតែបន្តធ្វើការកែទម្រង់អភិបាលកិច្ច​ឱ្យបានស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការសង្គម និងចរន្តតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្មទាំងនេះ»។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវទស្សនទានណែនាំជាគន្លឹះថា “កំណែទម្រង់រស់ បើមិនធ្វើកំណែទម្រង់ស្លាប់” “កំណែទម្រង់គឺជាកត្តាស្លាប់​រស់របស់កម្ពុជា” “កម្ពុជាគ្មានជម្រើសណាល្អប្រសើរក្រៅពីការធ្វើកំណែទម្រង់ទេ ក្នុងឱកាសដែលប្រទេសជាតិយើង កំពុងតែទទួលផលចំណេញពីសន្តិភាព និងស្ថេរភាពដែលយើងខិតខំកសាង និងការពារបានយ៉ាងលំបាក”។ ដូចខ្ញុំបានបញ្ជាក់​ជូនខាងលើ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ដ៏មានសារៈសំខាន់មួយ ក្នុងចំណោមកម្មវិធីកំណែ​ទម្រង់នានា​នៃប្រព័ន្ធអភិបាលកិច្ចរបស់រាជរដ្ឋា​ភិបាល»។

សម្តេចក្រឡាហោម ស ខេង ក៏បានបន្ថែមថា «ដូច្នេះតើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈ​ការ មានន័យដូចម្តេច? តើហេតុអ្វីបានជារាជរដ្ឋាភិបាល សម្រេចចិត្តធ្វើកំណែទម្រង់នេះ ក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ? តើការ​អនុវត្តកំណែទម្រង់នេះបានសម្រេចលទ្ធផលអ្វីខ្លះ និងមានទិសដៅទៅអនាគតយ៉ាងដូចម្តេច? រូបខ្ញុំផ្ទាល់ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងសហការី ពិសេស​លេខាធិការដ្ឋាន គ.ជ.អ.ប រីករាយក្នុងការបកស្រាយ និងជជែកពិភាក្សាជាមួយបងប្អូនជនរួមជាតិលើ​សំណួរទាំងនេះ ជាបន្តបន្ទាប់នៅក្នុងគេហទំព័រហ្វេសបុករបស់ខ្ញុំ»៕