ល្បែងជល់មាន់ព័ទ្ធចាប់ក្រុងទាំងមនុស្ស ត្រៀមនាំទៅតុលាការ
- បាត់ដំបង
ខេត្តបាត់ដំបង៖ ក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់ចំនួន០៨នាក់ រួមទាំងវត្ថុតាងមួយចំនួនផង នឹងត្រូវមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៦ សីហា។ នេះបើតាមការផ្ដល់ព័ត៌មានពីមន្ត្រីការិយាល័យនេះ។

ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលដឹកនាំកិច្ចប្រតិបត្តិការនេះ លក ឈឿង គឹមសុង បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់មួយកន្លែង ដែលមានអ្នកប្រព្រឹត្តកំពុងប្រមូលផ្ដុំគ្នាយ៉ាងពពាក់ពពូនរាប់សិបនាក់ ត្រូវបានកម្លាំងរបស់លោក ដែលទទូលបទបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត ចុះទៅបង្ក្រាប កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៥ សីហា នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ។ លោកបានបញ្ជាក់ថា នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងរបស់លោកឃាត់ខ្លួនក្រុមអ្នកលេងបានចំនួន០៨នាក់ រួមទាំងវត្ថុតាងមួយចំនួនផង ខណៈរាប់សិបនាក់រត់ផ្អើលពេញភូមិ។

នៅក្នុងរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ក្រុមអ្នកប្រព្រឹត្តល្បែងទាំង០៨នាក់ ដែលត្រូវបញ្ជូនទៅតុលាការមាន ១-ឈ្មោះឡុង រតនៈ អាយុ៤៦ឆ្នាំ ២-ឈ្មោះ ឃុំ សាវុទ្ធ អាយុ៤៧ឆ្នាំ ៣-ឈ្មោះ អ៊ាន នឿត អាយុ៤២ឆ្នាំ ៤-ឈ្មោះ យី ពិសី អាយុ៣០ឆ្នាំ ៥-ឈ្មោះ ខេង លាក អាយុ៦១ឆ្នាំ ៦-ឈ្មោះ គឹម បាន អាយុ៣១ឆ្នាំ ៧-ឈ្មោះ សេង ម៉េត អាយុ៦៥ឆ្នាំ និង ៨- ឈ្មោះ ជា សាវ៉ុន អាយុ៤៣ឆ្នាំ។

ជាមួយនឹងការឃាត់ខ្លួនអ្នកលេង មន្ត្រីជំនាញបានរឹបអូសវត្ថុតាងរួមមាន សង្វៀនជល់មាន់០១ មាន់ជល់ចំនួន០២ក្បាល និង ម៉ូតូចំនួន៩គ្រឿង រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ បើតាមប្រភពពីកន្លែងកើតហេតុ គឺសង្វៀនបញ្ជល់មាន់នេះ បានបើកដំណើរយូរខែដែរហើយ តែមិនបើកស្វាគមន៍ភ្ញៀវរាល់ថ្ងៃទេ។ ក្រុមអ្នកលេងបានណាត់ប្រមូលម្ដុំគ្នាចល័តទីតាំងលេង ដើម្បីបង្វែការតាមដាន់របស់មហាជននិងសមត្ថកិច្ច។ ប្រភពបានបញ្ជាក់ថា នៅថ្ងៃទីដែលត្រូវកម្លាំងស្នងការចុះបង្ក្រាប គឺ ក្រុមអ្នកលេងបានណាត់ប្រមូលផ្ដុំគ្នា នៅសង្វៀនខាងលើ ខណៈកំពុងស្រែកហោរកញ្ជ្រៀវកម្លាំងសមត្ថកិច្ចដែលបង្កប់នៅទីនោះស្រាប់ ចាប់ក្របួចកតែម្ដង តែមួយចំនួនធំបានរត់ប្រសាចផ្អើលពេញភូមិ។

សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ទាំងនៅក្នុងក្រុងបាត់ដំបង ទាំងនោះតាមបណ្ដាស្រុកនានា ខណៈសមត្ថកិច្ចតាមបណ្ដាមូលដ្ឋានទាំងនេះ សម្ងំស្ងៀមស្ពឹកស្រពន់ ហើយអ្នកប្រព្រឹត្តល្បែងទាំងនោះក៏មិនដែលរំខានដល់មន្ត្រីមូលដ្ឋានម្ដងណាដែរ។ ដូច្នេះហើយទើបពួកគេអាចប្រមូលផ្ដុំគ្នាលេងបានយ៉ាងរលូន មិនខ្វល់ពីការឆ្លងរាលដាលនូវជំងឺកូវីដ១៩ឡើយ។ ល្បែងស៊ីសងដែលបានបង្ក្រាបកន្លងមកនេះ ត្រូវគេង្កេតឃើញភាគច្រើន ជាល្បែងបញ្ជល់មាន់ ដែលមានអ្នកប្រព្រឹត្តប្រមូលផ្ដុំគ្នាច្រើន ដែលបំពាន់ច្បាប់ព្រហ្មទណ្ឌហើយ ថែមទាំងបំពាន់បំរាមសុខាភិបាលយ៉ាងធ្ងន់ធ្ងរទៀតផង។

បើនិយាយពីស្រុកសង្កែវិញ គឺជាប្រភពនៃទីតាំងល្បែងខុសច្បាប់។ ជាពិសេស ល្បែងបញ្ជល់មាន់នេះតែម្ដង ដែលសមត្ថកិច្ចនិងអាជ្ញាធរស្រុកមួយនេះ ហាក់ធ្វើមិនដឹង មិនឮចំពោះបទល្មើសនេះឡើយ ដែលនាំឲ្យគេសង្ស័យថា ទំនងអាចទទួលបានផល
ប្រយោជន៍ខ្លះៗពីបនល្បែងទាំងនេះទៀតផង ។ កន្លងមក អ្នកដែលចូលចិត្តល្បែងជល់មាន់នេះ ធ្លាប់ប្រូប្រាជ្ញបែកពពុះមាត់អួតអាងនៅតុកាហ្វេថា «នៅក្នុងភូមិសាស្ត្រ ស្រុកសង្កែ មានសុវត្ថិភាពបំផុតក្នុងការបើកល្បែងស៊ីសង ជាពិសេស បើកសង្វៀនជល់មាន់នេះតែម្ដង។ ព្រោះមន្ត្រីមូលដ្ឋាននិយាយគ្នាស្រូល ហើយទីតាំងក៏ល្អ តែយ៉ាងអ្នកកាសែតរុកគួនបន្តិច»។ បុរសនោះបានលើកឡើងថា បើទោះជាសមត្ថកិច្ចចុះបង្ក្រាបក៏ត្រូវមានអ្នកផ្ដល់ដំណឹងជាមុនដែរ។ ម្យ៉ាងអ្នកលេងត្រូវណាត់គ្នាចល័តទីតាំងលេងរៀងរាល់សប្ដាហ៍ ដើម្បីបង្វែការចាប់អារម្មណ៍ពីសមត្ថកិច្ចនិងមហាជន។

ទោះយ៉ាងណា ចំពោះក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន០៨នាក់ខាងលើនេះ បើតាមលោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជាក់ថា ក្រុមអ្នកភ្នាល់ល្បែងទាំង០៨នាក់នេះ ត្រូវជាប់សង្ស័យពីបទប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ហើយបំពានបំរាមសុខាភិបាលថែមទៀត ដែលត្រូវមានទោសជាប់គុកដូចគ្នា។ លោកស្នងការ បានបញ្ជាឲ្យមន្ត្រីជំនាញ ការិយាល័យរបស់លោក រៀបចំសំណុំរឿងបញ្ជូនពួកគេទៅប្រគល់ជូនតំណាងអយ្យការចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៦ សីហា នេះហើយ៕



ចែករំលែកព័តមាននេះ